ជនអនាថាជាង ៧ម៉ឺននាក់រស់នៅតាមចញ្ចើមផ្លូវក្នុងទីក្រុង ឡូសអេនជីឡេស
ឡូសអេនជីឡេស៖ ខុសឆ្ងាយពីរូបភាពដ៏ស្រស់បំព្រងរបស់ខ្លួន ទីក្រុងឡូសអេនជីឡេស បានក្លាយជារដ្ឋធានីពោលពេញដោយមនុស្សគ្មានផ្ទះសម្បែងនៅក្នុងសហរដ្ឋអាមេរិក ដែលនាំមុខទីក្រុងញូវយ៉ក។

បញ្ហាជនអនាថាបានលេចចេញជារូបរាងធំឡើង នៅក្នុងការបោះឆ្នោតជ្រើសរើសអភិបាលក្រុងឡូសអេនជីឡេសកាលពីឆ្នាំមុន។ អ្នកឈ្នះតំណែងអភិបាលក្រុងនេះ គឺលោកស្រី ខារិន បាស់ បានប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន ជាសកម្មភាពដំបូងរបស់លោកស្រីនៅក្នុងការិយាល័យ។

លោកស្រី ខារិន បាស់ បានប្រាប់អ្នកយកព័ត៌មានថា ការប្រឈមមុខនឹងវិបត្តិនេះ គឺប្រៀបដូចជាការបកខ្ទឹមបារាំងអីចឹង។ ពេលអ្នកបកខ្ទឹមមួយផ្លែ នោះអ្នកនឹងហូរទឹកភ្នែកមិនដឹងខ្លួន។ លោកស្រីនិយាយបែបនេះ ចង់សំដៅដល់ការរុះរើតង់រស់នៅរបស់ក្រុមជនអនាថា។

យោងតាមការស្ទង់មតិកាលពីខែមករាឆ្នាំនេះបានបង្ហាញថា មនុស្សប្រមាណ ៧៥,៥០០នាក់បានរស់នៅតាមចញ្ចើមផ្លូវនៃទីក្រុងឡូសអេនជីឡេស និងនៅតាមជាយក្រុងនេះ។ តួលេខនេះ កើនឡើង ៧០ភាគរយចាប់តាំងពីឆ្នាំ២០១៥។

ហេតុផលនៅពីក្រោយមនុស្សគ្មានផ្ទះសម្បែង ក្នុងនោះរួមមានជំងឺបាក់ទឹកចិត្ត គ្រឿងញៀន ការបែកបាក់គ្រួសារ និងបំណុលជាដើម។ ហើយកត្កាសំខាន់មួយទៀតនោះ ការកើនឡើងតម្លៃអចលនទ្រព្យ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា