សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បង្កើនសកម្មភាពឆ្លើយតបលើការគំរាមកំហែងតាមអ៊ីនធឺណិតពីសំណាក់កូរ៉េខាងជើង

សេអ៊ូល៖ ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោក Jake Sullivan កាលពីថ្ងៃសៅរ៍បាននិយាយថា សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុនបានយល់ព្រមលើគំនិតផ្តួចផ្តើមថ្មី ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងលើអ៊ីនធឺណិតពីសំណាក់កូរ៉េខាងជើង រួមទាំងការរំលោភបំពានលើរូបិយបណ្ណឌីជីថល និងការបាញ់បង្ហោះអវកាស។

ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រទេសទាំងបីបានជួបប្រជុំគ្នានៅទីក្រុងសេអ៊ូល ស្របពេលដែលទីក្រុងព្យុងយ៉ាងបានព្រមានថាខ្លួននឹងដាក់ពង្រាយផ្កាយរណបចារកម្មបន្ថែមទៀត។

លោក Sullivan បាននិយាយថា កិច្ចប្រជុំនៅទីក្រុងសេអ៊ូលគឺដើម្បីតាមដានលើការប្តេជ្ញាចិត្តដែលបានកំណត់កាលកិច្ចប្រជុំកំពូលត្រីភាគីនៅជំរុំកងទ័ពជើងទឹកអាមេរិក Camp David ដែលរៀបចំដោយប្រធានាធិបតីចូ បៃដិន( Joe Biden )ក្នុងខែសីហា ដោយពេលនោះមេដឹកនាំសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាស៊ីសំខាន់ពីររបស់ខ្លួនបានសន្យាថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ និងសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅ។

លោក Sullivan បានប្រាប់ក្រុមអ្នកសារព័ត៌មានថា៖ «យើងបានចាប់ផ្តើមគំនិតផ្តួចផ្តើមត្រីភាគីថ្មី ដើម្បីទប់ទល់នឹងការគំរាមកំហែងដែលបង្កឡើងដោយកូរ៉េខាងជើង ពោលគឺចាប់តាំងពីបញ្ហាឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ការលាងលុយគ្រីបតូ រហូតដល់បញ្ហាអវកាស និងការធ្វើតេស្តមីស៊ីលផ្លោង»។

សមភាគីជប៉ុនរបស់លោក Takeo Akiba បាននិយាយថា ៖ «សកម្មភាពខុសច្បាប់តាមអ៊ីនធឺណេត» របស់កូរ៉េខាងជើងបានលេចឡើងជាបញ្ហាប្រឈមថ្មីបំផុត ដោយលោកបានហៅវាថាជាប្រភពនៃមូលនិធិរបស់កូរ៉េខាងជើងសម្រាប់ការអភិវឌ្ឍមីស៊ីលនុយក្លេអ៊ែររបស់រដ្ឋឯកោមួយនេះ។

លោក Sullivan បាននិយាយថា កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់ប្រទេសទាំងបីនឹងកំណត់គោលដៅគំរាមកំហែងសក្តានុពលថ្មី ហើយក៏បានបញ្ចប់ការងារមួយចំនួនដែលបានយល់ព្រមគ្នានៅជំរុំកងទ័ពអាមេរិក Camp David។

គួរំលឹកថា លោក Biden បានជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol និងនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida នៅ Camp David កាលពីខែសីហា ដោយបានបង្ហាញពីការប្តេជ្ញាចិត្តរួមក្នុងការប្រឈមមុខនឹងការកើនឡើងឥទ្ធិពលខ្លាំងក្លាររបស់ចិន និងការគំរាមកំហែងនុយក្លេអ៊ែរពីសំណាក់កូរ៉េខាងជើងនេះឯង។

យ៉ាងណាបើតាមការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបានឱ្យដឹងថាកាលពីថ្ងៃសៅរិ៍នេះ លោក Sullivan និងសមភាគីកូរ៉េខាងត្បូងលោក Cho Tae-yong បានធ្វើជាសហប្រធាន ក្នុងកិច្ចសន្ទនាដ៏សំខាន់មួយ រួមជាមួយនឹងកិច្ចសន្ទនាពីបច្ចេកវិទ្យាជំនាន់ក្រោយ (CET) ដោយវេទិកានេះមានគោលបំណងសហប្រតិបត្តិការលើបន្ទះឈីប និងបច្ចេកវិទ្យាសំខាន់ៗមួយចំនួនផ្សេងទៀត៕ ប្រែសម្រួល៖ ស្រ៊ុន សិរីវឌ្ឍនៈ

ads banner