កូរ៉េខាងជើង ធ្វើជាម្ចាស់ផ្ទះទទួលគណៈប្រតិភូរុស្ស៊ី សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
ព្យុងយ៉ាង៖ រដ្ឋមន្ត្រីកូរ៉េខាងជើងមួយរូប បានជួបជាមួយអភិបាលតំបន់មួយរបស់រុស្ស៊ីដែលស្ថិតនៅជាប់ព្រំដែនប្រទេសទាំងពីរ ដើម្បីពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងតំបន់។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងឈ្មោះថា KCNA បានរាយការណ៍កាលពីថ្ងៃពុធ ម្សិលមិញ។
កិច្ចពិភាក្សារវាងរដ្ឋមន្ត្រីទំនាក់ទំនងសេដ្ឋកិច្ចក្រៅប្រទេសរបស់កូរ៉េខាងជើង លោក យុន ចុងហូ (Yun Jong Ho) និងលោក អូឡេក កូហ្សេមីយ៉ាកូ (Oleg Kozhemyako) អភិបាលតំបន់ព្រីម៉ូស្គី (Primorsky) ភាគខាងកើតរុស្ស៊ី បានផ្តោតលើការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែល្អប្រសើរមួយកម្រិតទៀត។
យោងតាមការរាយការណ៍របស់ KCNA បានលើកឡើងថា ភាគីប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ប៉ុន្តែមិនបានផ្តល់ព័ត៌មានជាក់លាក់អំពីកិច្ចព្រមព្រៀង និងខ្លឹមសារទាំងស្រុងនៃជំនួបប្រជុំនោះទេ។ យ៉ាងណាក៏ដោយ យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ (Yonhap) របស់កូរ៉េខាងត្បូង បានរាយការណ៍ថា ទីភ្នាក់ងារចារកម្មរបស់កូរ៉េខាងត្បូងបានរកឃើញថាកូរ៉េខាងជើងអាចនឹងបញ្ជូនកម្មករទៅប្រទេសរុស្ស៊ីមួយចំនួន។
គួរដឹងដែរថា ប្រទេសណាក៏ដោយ ឱ្យតែធ្វើការជួលកម្មករកូរ៉េខាងជើង ហើយបើកប្រាក់ឈ្នួលឱ្យពួកគេ នោះគឺជាការបំពានការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ការដាក់ទណ្ឌកម្មទាំងនេះ មានគោលបំណងបញ្ឈប់ទីក្រុងព្យុងយ៉ាងពីការផ្ដល់មូលនិធិគាំទ្រដល់គម្រោងផលិតអាវុធដែលត្រូវបានហាមឃាត់ ដោយប្រើប្រាស់ប្រាក់ចំណូលរបស់កម្មករ។
លោក កូហ្សេមីយ៉ាកូ បានលើកឡើងនៅលើប៉ុស្តិ៍តេឡេក្រាម (Telegram) របស់លោកថា ដំណើរទស្សនកិច្ចនេះធ្វើឡើងបន្ទាប់ពីការផ្អាកទំនាក់ទំនងដ៏យូរដោយសារតែជំងឺរាតត្បាតកូវីដ១៩ ដូច្នេះផែនការបន្ទាប់គឺផ្តោតលើវប្បធម៌ ទេសចរណ៍ កីឡា និងការសិក្សាមើលថាតើអាចអនុញ្ញាតឱ្យកសិករកូរ៉េខាងជើងប្រើប្រាស់ដីមួយចំនួននៅតំបន់ ព្រីម៉ូស្គី សម្រាប់ធ្វើកសិកម្មឬក៏យ៉ាងណា។
ដំណើរទស្សនកិច្ចរបស់លោក កូហ្សេមីយ៉ាកូ លើកនេះ គឺជាដំណើរទស្សនកិច្ចមួយក្នុងចំណោមជំនួបរវាងកូរ៉េខាងជើងនិងរុស្ស៊ីជាច្រើនលើកមកហើយនាពេលថ្មីៗនេះ។ ដំណើរទស្សនកិច្ចនេះ ក៏បានធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក គីម ចុងអ៊ុន (Kim Jong Un) ទៅកាន់ប្រទេសរុស្ស៊ីកាលពីខែកញ្ញាកន្លងទៅ។ ក្នុងដំណើរទស្សនកិច្ចនោះ លោកបានពិភាក្សាជាមួយប្រធានាធិបតី ពូទីន អំពីការពង្រឹងកិច្ចសហប្រតិបត្តិការយោធា ខណៈដែលសហរដ្ឋអាមេរិកបានអះអាងថាមានការជួញដូរអាវុធរវាងកូរ៉េខាងជើងនិងរុស្ស៊ី ដើម្បីប្រើប្រាស់ក្នុងជម្លោះនៅអ៊ុយក្រែន។
កូរ៉េខាងជើងបានចាប់ផ្តើមបើកច្រកព្រំដែនប្រទេសជាបណ្តើរៗ បន្ទាប់ពីស្ថានភាពជំងឺរាតត្បាតកូវីដ១៩ បានស្រាកស្រាន្ដ។ ពួកគេបានអនុញ្ញាតឱ្យមន្ត្រីចិន និងរុស្ស៊ីធ្វើទស្សនកិច្ច និងចាប់ផ្តើមជើងហោះហើរឡើងវិញរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងប៉េកាំង។ ថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍ឈ្មោះថា Air Koryo បានបើកជើងហោះហើរទៅកាន់ទីក្រុង ហ្សិនយ៉ាង (Shenyang) ប្រទេសចិន បន្ទាប់ពីរបិទយៈពេលជិត ៤ ឆ្នាំ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់។
លោក កូហ្សេមីយ៉ាកូ បានលើកឡើងថា គណៈប្រតិភូកូរ៉េខាងជើងនឹងធ្វើទស្សនកិច្ចនៅតំបន់ព្រីម៉ូស្គីនៅរុស្ស៊ីក្នុងខែធ្នូនេះ។ គួរបញ្ជាក់ថា រុស្ស៊ីកំពុងពង្រឹងទំនាក់ទំនងជាមួយកូរ៉េខាងជើង ខណៈភាពឯកោរបស់ខ្លួនជុំវិញបញ្ហាសង្រ្គាមនៅអ៊ុយក្រែនកាន់តែកើនឡើង។ ដោយឡែក មេដឹកនាំកូរ៉េខាងជើង និងរដ្ឋមន្ត្រីធនធានធម្មជាតិរបស់រុស្ស៊ីបានជួបគ្នាកាលពីខែមុន ក្នុងន័យបង្កើនមិត្តភាពរបស់ពួកគេផងដែរ។
ប្រទេសកូរ៉េខាងជើងក៏បានបញ្ជូនគណៈប្រតិភូមួយក្រុមទៅកាន់ទីក្រុង សេន ផេថឺស្បឺក (Saint Petersburg) ក្នុងខែវិច្ឆិកា ដើម្បីចូលរួមក្នុងវេទិកាវប្បធម៌មួយ។ កាលពីដើមខែតុលា ពួកគេបានបញ្ជូនគណៈប្រតិភូមួយផ្សេងទៀត ទៅចូលរួមវេទិកាកីឡានៅទីក្រុង ផឺម (Perm) ប្រទេសរុស្ស៊ី៕ ប្រែសម្រួល៖ ធា សុណា