អនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់តម្លៃជាង ២០លានដុល្លារនៅខេត្តកំពតត្រូវបានសម្ពោធ
កំពត៖ សមទ្ធិផលអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តិ កម្ម ទឹកកខ្វក់ក្រុងកំពត គម្រោងអភិវឌ្ឍន៍ក្រុងរបៀង២ ក្រោមហិរញ្ញប្ប ទានសហប្រតិបត្តិការរបស់ធនាគារអភិវឌ្ឍន៍អាស៊ីដែលមានតម្លៃជាង២០លានដុល្លារអាមេរិក ត្រូវបានសម្ពោធ ជា ផ្លូវការ នៅ ថ្ងៃ ទី១៥ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួង សាធារណការ និង ដឹកជញ្ជូន ។
មានប្រសាសន៍ក្នុងឱកាសនេះឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា រាជរដ្ឋាភិបាលតែង តែគិតគូរ និងលើក កម្ពស់វិស័យអនាម័យ ពិសេសការងារគ្រប់គ្រងប្រព័ន្ធទឹកកខ្វក់ និង ទឹកស្អាតនៅតាមតំបន់ និងទីប្រជុំជនសំខាន់ៗ នៅ កម្ពុជា។ ជាក់ស្តែង សមិទ្ធផលអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តិ កម្មទឹក កខ្វក់ក្រុងកំពតនាពេលនេះ ជួយបញ្ចៀស ទឹកជំនន់ លើកកម្ពស់ សុខុមាល ភាពសាធារណៈ និងបរិស្ថានក្រុង។ ជាគម្រោងមួយ របស់រាជរដ្ឋាភិបាល ដែលបាន ប្រើ ប្រាស់ថវិកាសាងសង់ប្រមាណ ២០,១លានដុល្លារ។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងនូវអំណរគុណដល់អាជ្ញាធរខេត្តកំពត ធនាគារ អភិវឌ្ឍន៍អាស៊ី និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិត ខំរួមសហការយ៉ាងសកម្មធ្វើឱ្យសម្រេចបានជាស្ថាពរនូវសមិទ្ធផលប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះឡើង និងបាន ស្នើសុំឱ្យ អាជ្ញាធរខេត្តគ្រប់គ្រង និងប្រតិបត្តិបន្តដើម្បីប្រើប្រាស់ជា ប្រយោជន៍ សាធារណៈសម្រាប់ប្រជាពលរដ្ឋ និងចូលរួមថែ រក្សាការពារ សំដៅធ្វើ យ៉ាងណាឱ្យហេដ្ឋារចនាសម្ព័ន្ធ ដែលយើងទទួលបាន នេះស្ថិត ស្ថេរគង់វង្សយូរអង្វែង។
សូមជម្រាបថា គម្រោងទាំងមូលគ្របដណ្តប់លើផ្ទៃដីសរុបចំនួន ៣៩៥,៧២ ហិកតា ដែល ស្ថិតនៅក្នុងសង្កាត់ចំនួន ៤ រួមមាន សង្កាត់កំពង់បាយ សង្កាត់ ក្រាំងអំពិល សង្កាត់កំពង់កណ្តាល និងសង្កាត់កំពង់សំរោង ។ក្នុងនោះ ផ្ទៃដីសម្រាប់សាងសង់ ស្ថានីយ ប្រព្រឹត្តកម្មទឹកកខ្វក់មានទំហំ ៩,៨៤ហិកតា។ ក្នុងនោះប្រព័ន្ធ ប្រព្រឹត្តិកម្មចម្រោះទឹកកខ្វក់ មានសមត្ថភាពបូមទឹកកខ្វក់ចំនួន ១៨០ម៉ែត្រត្រីគុណក្នុងមួយម៉ោង និងសមត្ថភាពចម្លោះទឹក កខ្វក់តាមបែបធម្មជាតិចំនួន ៣ ៣៦០ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ ដែលនឹងក្លាយជាសមិទ្ធផលមួយរួមចំណែកលើកកម្ពស់សុខុមាលភាព និងអនាម័យបរិស្ថាន សម្រាប់ ប្រជាពលរដ្ឋរស់នៅក្នុង សង្កាត់ទាំង៤ នៃក្រុងកំពត៕
ដោយ ៖សិលា សារិន