ទាហានអ៊ីស្រាអែល បាញ់សម្លាប់ចំណាប់ខ្មាំងនៅហ្កាហ្សាដោយច្រឡំ
តែលអាវីលៈ សទាហានអ៊ីស្រាអែល បានបាញ់សម្លាប់ចំណាប់ខ្មាំងចំនួនបីនាក់នៅតំបន់ហ្កាហ្សាដោយច្រឡំ។ កងទ័ពអ៊ីស្រាអែលនៅថ្ងៃសៅរ៍ ទី១៦ ធ្នូ បានប្រកាសឱ្យដឹងថាចំណាប់ខ្មាំងទាំងអស់កំពុងតែកាន់ទង់ក្រណាត់ពណ៌ស នៅពេលដែលពួកគេបាញ់សម្លាប់ចំណាប់ខ្មាំងទាំងនោះដោយភ័ន្តច្រឡំថាជាការគំរាមកំហែង។
កងទ័ពអ៊ីស្រាអែលបានលើកឡើងទៀតថា កាលពីថ្ងៃសុក្រមានទាហានម្នាក់បានមើលឃើញចំណាប់ខ្មាំងស្ថិតនៅចម្ងាយខ្ទង់រាប់សិបម៉ែត្រពីកងកម្លាំងអ៊ីស្រាអែលដែលឈរជើងនៅ Shejaiya ដែលជាតំបន់ប្រយុទ្ធដ៏ក្តៅគគុកមួយនៅភាគខាងជើងហ្កាហ្សា និងក៏ជាកន្លែងដែលពួកសកម្មប្រយុទ្ធហាម៉ាស់ធ្វើប្រតិបត្តិការក្នុងសម្លៀកបំពាក់ស៊ីវិល និងប្រើល្បិចកលបោកប្រាស់ជាច្រើន។
«ពួកគេទាំងអស់អត់មានពាក់អាវទេ ហើយពួកគេមានកាន់ឈើចងជាមួយនឹងក្រណាត់ពណ៌ស។ ទាហានអ៊ីស្រាអែលមានអារម្មណ៍ថាកំពុងរងការគំរាមកំហែង ហើយក៏បើកការបាញ់ប្រហារតែម្តង។ ទាហានម្នាក់ប្រកាសថាពួកគេជាភេរវករ។ ចំណាប់ខ្មាំងពីរនាក់បានស្លាប់ភ្លាមៗ»។ នេះបើតាមសម្តីមន្ត្រីអ៊ីស្រាលបញ្ជាក់ប្រាប់ទៅកាន់អ្នកយកព័ត៌មានតាមទូរសព្ទ។
ចំណែកឯចំណាប់ខ្មាំងទី៣វិញបានរងរបួស ហើយបានថយទៅលាក់ខ្លួននៅអគារក្បែរនោះ និងបានស្រែកអំពាវនាវសុំជំនួយជាភាសាហេប៊្រូ (Hebrew)។ បើតាមកងទ័ពអ៊ីស្រាអែល ភ្លាមៗនោះមេបញ្ជាការកងវរសេនាតូចអ៊ីស្រាអែលបានចេញបញ្ជាឱ្យឈប់បាញ់ដែរ ។ប៉ុន្តែជាអកុសលចំណាប់ខ្មាំងទី ៣ បានរងគ្រាប់កាំភ្លើងទៀត ហើយក៏បានស្លាប់ដែរ។
កាលពីថ្ងៃសុក្រ កងទ័ពអ៊ីស្រាអែលបានកំណត់អត្តសញ្ញាណចំណាប់ខ្មាំងទាំង ៣នាក់ថាសុទ្ធតែប្រុស ទាំងអស់ដោយអ្នកទី១ឈ្មោះ Yotam Haim មានអាយុ ២៨ ឆ្នាំ ទី២ឈ្មោះ Alon Shamriz អាយុ២៦ ឆ្នាំ និង ចុងក្រោយគេឈ្មោះ Samer Al-Talalka មានអាយុ ២៥ឆ្នាំ។
ដំណឹងនៃការស្លាប់របស់ចំណាប់ខ្មាំងខាងលើ បានរុញច្រានឱ្យមានការតវ៉ាទាំងយប់ពីសំណាក់ក្រុមគ្រួសារចំណាប់ខ្មាំង និងប្រជាជនអ៊ីស្រាអែលជាច្រើនរយនាក់នៅខាងក្រៅទីស្នាក់ការការពារជាតិអ៊ីស្រាអែលក្នុងទីក្រុងតែលអាវីល។
ឪពុករបស់ចំណាប់ខ្មាំងម្នាក់បាននិយាយថា ជារៀងរាល់ថ្ងៃក្រុមគ្រួសារចំណាប់ខ្មាំងចេះតែគិតស្មានក្នុងចិត្តថាតើពួកគេនឹងត្រូវក្លាយជាអ្នកបន្ទាប់ឬដែលនឹងទទួលដំណឹងអាក្រក់បែបនេះ?៕ ប្រែសម្រួល៖ គីម លីលីយ៉ា