អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ សហការជាមួយនិងអ្នកជំនាញបើកកិច្ចពិភាក្សា«ការចែករំលែកលទ្ធផលវិភាគ និងផែនការសកម្មភាព ដើម្បីបង្កើនសុវត្ថិភាពម្ហូបអាហារនៅកម្ពុជា»
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយមន្ទីរពិសោធន៍ SPEC Bio Laboratory inc. កាលពីទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី «ការចែករំលែកលទ្ធផលវិភាគ និងផែនការសកម្មភាព ដើម្បីបង្កើនសុវត្ថិភាពម្ហូបអាហារនៅកម្ពុជា» ក្នុងគោលបំណងរៀបចំផែនការចុះទៅពិនិត្យទីកន្លែងផលិតដោយផ្ទាល់ ដើម្បីស្វែងរកឱ្យឃើញនូវចំណុចខ្វះខាតក្នុងការអនុវត្តអនាម័យក្នុងផលិតកម្ម ធ្វើយ៉ាងណាកាត់បន្ថយហានិភ័យដល់កម្រិតអប្បបរមាក្នុងផលិតកម្ម ហើយការរៀបចំផែនការសកម្មភាពនេះ គឺទាមទាឱ្យមានការចូលរួមសហការពីក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាពម្ហូបអាហារទាំងអស់នៅក្នុងព្រះរាជាណាចក្រម្ពុជា។
ឯកឧត្ដម ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្មលើកឡើងថា យោងតាមលទ្ធផលវិភាគ បានរកឃើញវត្តមានបាក់តេរីបង្កជំងឺក្នុងផលិតផលម្ហូបអាហារមួយចំនួន និងបានចុះទៅពិនិត្យនៅកន្លែងសិប្បកម្មផលិតម្ហូបអាហារដោយផ្ទាល់ ដោយមានការសម្របសម្រួលពីវិទ្យាស្ថានស្តង់ដាកម្ពុជា ហើយបានរកឃើញ និងកត់សម្គាល់នូវចំណុចខុសឆ្គងដែលជាបុព្វហេតុនៃការចម្លងបាក់តេរីទៅក្នុងផលិតផលម្ហូបអាហារ ហើយមន្រ្តីជំនាញក៏បានផ្តល់ជាអនុសាសន៍ដល់បណ្ដាសិប្បកម្ម ដើម្បីជាការកែតម្រូវខ្សែច្រវាក់ផលិតកម្មឱ្យស្របតាមស្តង់ដាអនាម័យម្ហូបអាហារ ផងដែរ ។
គួរបញ្ជាក់ថា សិក្ខសាលានេះ ធ្វើឡើងក្រោមធិបតីភាពរបស់ ឯកឧត្ដម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម និងលោក Anzo Hiroshi ទីប្រឹក្សាបង្កើនគម្រោងនៃអង្គការ JICA (Project Formulation Advisor of JICA) ព្រមទាំងមានកាអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាពម្ហូបអាហារ ផងដែរ។
នៅក្នុងសិក្ខាសាលានេះដែរមន្រ្តីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បានធ្វើបទបង្ហាញពាក់ព័ន្ធលទ្ធផលវិភាគតាមដានលើវត្តមានអតិសុខុមប្រាណនៅក្នុងម្ហូបអាហារ និងមន្រ្តីជំនាញនៃមន្ទីរពិសោធន៍ SPEC បានធ្វើបទបង្ហាញលើផែនការសកម្មភាពដែលយោងលើលទ្ធផលវិភាគក្នុងឆ្នាំ២០២៣ (គោលការណ៍ HACCP និងការអនុវត្តសាកល្បងដោយផ្អែកលើផែនការសកម្មភាព HACCP) និងបទបង្ហាញលើផែនការគម្រោងរបស់អង្គការ JICA ឆ្នាំ២០២៤ (វាយតម្លៃដើម្បីធ្វើការកែតម្រូវ ការវិភាគមីក្រូជីវសាស្រ្ត និងគីមីសាស្រ្ត នៅអគ្គនាយកដ្ឋាន ក.ប.ប. ព្រមទាំងសំណើធ្វើកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាពម្ហូបអាហារ)៕
ដោយ ៖ ង៉ាន់ ទិត្យ