ក្លឹបអ្នកកាសែតកម្ពុជាចេញសេចក្តីថ្លែងការណ៍រួមចំនួន ៩ចំណុច ស្តីពី«វិជ្ជាជីវៈនិងក្រមសីលធម៌សារព័ត៌មាន»
(ភ្នំពេញ)៖ ក្លឹបអ្នកកាសែតកម្ពុជា ក្នុងនេះមានចាងហ្វាង និពន្ធនាយក តំណាងសមាគម និងជាអ្នកដឹកនាំស្ថាប័ន សារព័ត៌មានសរុបចំនួន១១៤នាក់ មកពី៧១អង្គភាព ដែលបានជួបជុំគ្នាក្នុងវេទិកានិពន្ធនាយកសារព័ត៌មាន កម្ពុជា (វ.ន.ស.ក) លើកទី២០ បានចេញសេចក្តីថ្លែងការណ៍រួមគ្នាចំនួន៩ចំណុចស្តីពី«វិជ្ជាជីវៈនិងក្រមសីលធម៌សារព័ត៌មាន»។
ការចេញសេចក្តីថ្លែងការណ៍រួមនេះធ្វើឡើងក្រោយវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២០ ដែលរៀបចំឡើងដោយក្លិបអ្នកកាសែត កម្ពុជា ដើម្បីផ្តល់ឱកាសដល់ថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មាន និពន្ធនាយកមកពីអង្គភាពសារព័ត៌មាននានា បានជួបជុំពិភាក្សាផ្លាស់ប្តូរយោបល់ ចែករំលែកបទពិសោធ និងដោះស្រាយបញ្ហាប្រឈមនាពេលកន្លងមកនៅព្រឹកថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៣នាសណ្ឋានគារសុខាក្នុងរាជធានីភ្នំពេញ ។
ក្លឹបអ្នកកាសែតកម្ពុជាបានបញ្ជាក់ថា៖ការលើកយកប្រធានបទនេះមកពិភាក្សា និងអនុម័ត ពីព្រោះយល់ឃើញថា ក្រមសីលធម៌គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការប្រតិបត្តិវិជ្ជាជីវៈសារព័ត៌មានក្នុងការងារប្រចាំថ្ងៃ។ ក្រោយពីបានពិភាក្សាយ៉ាងផុលផុស យើងទាំងអស់គ្នាបានអនុម័តសេចក្តីថ្លែងការណ៍រួមដែលមានខ្លឹមសារដូចខាងក្រោម៖
១- វ.ន.ស.ក. យល់ឃើញថា មកដល់ពេលនេះការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានកាន់តែមានសារសំខាន់ក្នុងការលើកស្ទួយតម្លៃរបស់អ្នកសារព័ត៌មាន និងជំនឿរបស់មហាជនមកលើសារព័ត៌មាន ជាពិសេសក្នុងបរិបទនៃការរីកដុះដាលខ្លាំងនៃសារព័ត៌មានឌីជីថល។
២- វ.ន.ស.ក. យល់ឃើញថា ដើម្បីពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានប្រកបដោយប្រសិទ្ធភាព ក្លិបអ្នកកាសែតកម្ពុជា និងសមាគមអ្នកសារព័ត៌មាននានា ត្រូវសហការជាមួយក្រសួងពាក់ព័ន្ធដើម្បីបង្កើតក្រុមប្រឹក្សាក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មានមួយ ដែលមានមុខងារច្បាស់លាស់ក្នុងការ តម្រង់ទិស ដាក់ពិន័យ ក៏ដូចជាកែលម្អវិជ្ជាជីវៈសារព័ត៌មាន ដូចអ្វីដែល វ.ន.ស.ក លើកទី១៩ បានអនុម័ត។
៣- វ.ន.ស.ក. យល់ឃើញថា ការបណ្តុះបណ្តាល អប់រំ ផ្សព្វផ្សាយអំពីក្រមសីលធម៌វិជ្ជាជីវៈ សារព័ត៌មាន នៅតែជាបញ្ហាស្នូលសម្រាប់អ្នកសារព័ត៌មាន ព្រោះស្ថាប័ន និងអ្នកសារព័ត៌មានហាក់មានកំណើនជាបន្តបន្ទាប់ ប៉ុន្តែមិនទាន់ទទួលបានការបណ្តុះបណ្ដាលច្បាស់លាស់ ដែលជាហេតុធ្វើឱ្យកំហុសឆ្គងលើវិជ្ជាជីវៈ និងក្រមសីលធម៌ងាយនឹងកើតឡើង។
៤- វ.ន.ស.ក. អំពាវនាវជាថ្មីម្ដងទៀតដល់អ្នកសារព័ត៌មានទាំងអស់ ជាពិសេសអ្នកដែលទើបចូលបំពេញការងារ ក្នុងវិស័យសារព័ត៌មាន គប្បីយកចិត្តទុកដាក់ក្នុងការសិក្សាស្រាវជ្រាវ ឬក៏ចូលរួមក្នុងវគ្គបណ្តុះ បណ្តាលវិជ្ជាជីវៈសារព័ត៌មាននិងក្រមសីលធម៌ បើសិនជាពួកគេមានបំណងក្លាយជាអ្នកសារព័ត៌មានអាជីព ហើយទទួលបានការគាំទ្រពីសាធារណជន។ក្លិបអ្នកកាសែតកម្ពុជា គឺជាសមាគមសារព័ត៌មានឯករាជ្យមួយដែលមានបេសកកម្មជួយបណ្តុះបណ្តាលអ្នកសារព័ត៌មាន ការពារសិទ្ធិ សេរីភាព ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងលើកកម្ពស់សមត្ថភាពអ្នកសារព័ត៌មាននៅកម្ពុជា។
៥- វ.ន.ស.ក. យល់ឃើញថា ដើម្បីឲ្យការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ប្រកបដោយប្រសិទ្ធភាពនោះ យើងគប្បីយកក្រមសីលធម៌នៃវិជ្ជាជីវៈសារព័ត៌មាន ដែលត្រូវបានចងក្រងដោយក្លិបអ្នកកាសែតកម្ពុជា មកធ្វើជាក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានគោលមួយ សម្រាប់ការអនុវត្តជាទូទៅនៅក្នុងសហគមន៍សារព័ត៌មាន។
៦- វ.ន.ស.ក. យល់ឃើញថា បន្ទាប់ពីវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២០បិទបញ្ចប់ ក្លិបអ្នកកាសែតកម្ពុជា គួរបន្តដើរតួនាទីស្នូលជាអ្នកសម្របសម្រួល និងពិគ្រោះយោបល់ជាមួយភាគី ពាក់ព័ន្ធទាំងអស់ ដើម្បីពិនិត្យលទ្ធភាពរៀបចំបង្កើត ក្រុមប្រឹក្សាក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌ មានមួយឲ្យបានឆាប់នាពេលខាងមុខ។
៧- វ.ន.ស.ក. សូមអំពាវនាវដល់សមាគមអ្នកសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ចូលរួមគាំទ្រដល់គម្រោងបង្កើតក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មាន ដើម្បីឱ្យប្រព្រឹត្តទៅដោយរលូន និងប្រកបដោយប្រសិទ្ធភាព ព្រោះថាវាពិតជាមានសារសំខាន់ណាស់សម្រាប់ការលើកកម្ពស់គុណភាពវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានទាំងអស់ឲ្យទទួលបាននូវការគោរព ផ្តល់តម្លៃពីសាធារណជន និងអាជ្ញាធរគ្រប់មជ្ឈដ្ឋាន។
៨- វ.ន.ស.ក. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងព័ត៌មានដែលតែងតែគាំទ្រនូវរាល់គំនិតផ្តួចផ្តើមផ្សេងៗ របស់ វ.ន.ស.ក. ដែលជាប្រយោជន៍របស់អ្នកសារព័ត៌មាន លើការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ជាពិសេសគំនិតផ្តួចផ្តើមស្តីពីការបង្កើតក្រុមប្រឹក្សាក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។
៩- វ.ន.ស.ក. សូមគោរពថ្លែងអំណរគុណជាអនេកប្បកា គោរពជូន សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែផ្តល់តម្លៃដល់វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ដោយបានយកឱកាសនេះចេញសារលិខិតផ្ញើជូន ចាងហ្វាង និពន្ធនាយក ក៏ដូចជាអ្នកប្រកបអាជីពវិជ្ជាជីវៈសារ ព័ត៌មានទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ៖ម៉ាដេប៉ូ,រូបភាព៖ ងីម ឆៃហួត