សហគមន៍អន្តរជាតិទទួលស្គាល់ថា កម្ពុជា គឺជាជើងឯកមួយនៅក្នុងវិស័យបរិស្ថាន បន្ទាប់ពីកម្ពុជា សម្រេចបានសមិទ្ធិផលធំៗជាច្រើនលើវិស័យនេះ
(ភ្នំពេញ)៖ សហគមន៍អន្តរជាតិទទួលស្គាល់ថា កម្ពុជា គឺជាជើងឯកមួយនៅក្នុងវិស័យបរិស្ថាន បន្ទាប់ពីកម្ពុជា សម្រេចបានសមិទ្ធិផលធំៗជាច្រើនលើវិស័យនេះ ។ នេះជាការលើកឡើងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតី បិទ សន្និ បាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន នៅទីស្ដីការក្រសួង នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជា គោរពតាមអនុសញ្ញាអង្គការសហប្រជាជាតិសំខាន់ៗ ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ជីវចម្រុះ និងការប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម។
សម្ដេចថា កម្ពុជា អនុវត្តបានល្អប្រសើរ នូវបេសកកម្មដឹកនាំកិច្ចគាំពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ដែលជាមូលដ្ឋានធម្មជាតិក្នុងការធានាបាននូវសន្តិសុខស្បៀង សន្តិសុខទឹក សន្តិសុខថាមពល ការទ្រទ្រង់ជីវភាពប្រជាជនរយៈពេលវែង និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រកបដោយចីរភាព ការគ្រប់គ្រងសំណល់រឹងរាវនៅទីប្រជុំជន យុទ្ធនាការលុបបំបាត់សំណល់ប្លាស្ទិក និងការកែច្នៃសំណល់ទីប្រជុំជន។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបន្តថា គំនិតផ្តួចផ្តើមស្ដីពីកិច្ចព្រមព្រៀងបៃតងរបស់កម្ពុជា ដើម្បីតម្រង់ទិសអាស៊ានឱ្យស្ថិតនៅលើមាគ៌ាអភិវឌ្ឍន៍បៃតង និងចីរភាព និងការអនុវត្តគោលនយោបាយការទូតបៃតងឥណទានកាបូន នឹងលើកកម្ពស់ហិរញ្ញប្បទានបៃតង ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា សមិទ្ធិផលធំៗជាច្រើន នៃវិស័យបរិស្ថាន ដែលកម្ពុជាសម្រេចបាននេះ ធ្វើអោយសហគមន៍អន្តរជាតិទទួលស្គាល់ថា កម្ពុជា គឺជា ជើងឯកមួយនៅក្នុងវិស័យនេះ ៕
អត្ថបទ ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ