រដ្ឋមន្ត្រីការបរទេស ផ្តាំផ្ញើនិស្សិតជ័យលាភី ត្រូវធ្វើជា អ្នកការទូត តំណាងកម្ពុជា ក្នុងការផ្សព្វផ្សាយផលិតផល ដើម្បីពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា បានផ្តាំផ្ញើ ដល់ និស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្រ្តាលី និង រដ្ឋាភិបាលនូវែលសេឡង់ ត្រូវធ្វើជាអ្នកការទូតតំណាងកម្ពុជា និងចូលរួមលើកស្ទួយ “វិស័យការទូតសេដ្ឋកិច្ច” ក្នុងការផ្សព្វផ្សាយផលិតផលកម្ពុជា ដើម្បីពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។

ឯកឧត្តម សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានថ្លែងដូច្នេះក្នុងឱកាសអនុញ្ញាតឱ្យនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្រ្តាលី និងរដ្ឋាភិបាលនូវែលសេឡង់ ចំនួន ៦២ រូប នៃចំនួនសរុប ៨០ រូប សម្រាប់ឆ្នាំសិក្សា ២០២៤ ចូលជួបសុំអនុសាសន៍ណែនាំ នៅទីស្ដីការក្រសួង នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអបអរសាទរចំពោះនិស្សិតជ័យលាភីទាំងពីរក្រុម ដែលបានទទួលអាហារូបករណ៍ទៅបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសអូស្រ្តាលី និងប្រទេសនូវែលសេឡង់ និងបានលើកទឹកចិត្តឱ្យនិស្សិតជ័យលាភីទាំងអស់ មិនត្រឹមតែខិតខំប្រឹងប្រែងរៀនសូត្រប៉ុណ្ណោះទេ ថែមទាំងពាំនាំយកចំណេះដឹងស៊ីជម្រៅ និងជំនាញត្រឡប់មកវិញ ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍរបស់ប្រទេសជាតិ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យនិស្សិតជ័យលាភីទាំងអស់៖ “ខិតខំស្គាល់ពីខ្លួនឯងឱ្យច្បាស់” មានន័យថា ត្រូវស្គាល់ពីប្រវត្តិសាស្រ្ត វប្បធម៌ និងអរិយធម៌របស់កម្ពុជា ដើម្បីណែនាំ និងពន្យល់ទៅនិសិ្សតបរទេស ក៏ដូចជានិស្សិតម្ចាស់ផ្ទះ នៅប្រទេសអូស្រ្តាលី និងប្រទេសនូវែលសេឡង់ផងដែរ។

តំណាងនិស្សិតជ័យលាភីអាហារូបករណ៍ទាំងពីរក្រុម បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានផ្ដល់ដំបូន្មានដ៏ថ្លៃថ្លា និងបានប្ដេជ្ញាចិត្តខិតខំប្រឹងប្រែងរៀនសូត្រក្រេបយកចំណេះដឹងទូលំទូលាយក្នុងជំនាញរបស់ខ្លួន ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍ សង្គមសេដ្ឋកិច្ចកម្ពុជា ៕

ដោយ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner