មនុស្សជិត ១០ នាក់ ស្លាប់ និងបាត់ខ្លួន ក្នុងគ្រោះខ្យល់ព្យុះនៅអូស្រ្តាលី

កង់បេរ៉ា៖ ប៉ូលិសអូស្ត្រាលីបាននិយាយថា មនុស្សយ៉ាងហោចណាស់ ៦ នាក់បានស្លាប់ និង៣ នាក់ទៀតបាត់ខ្លួន បន្ទាប់ពីខ្យល់ព្យុះបក់បោកលើរដ្ឋភាគខាងកើតនៃប្រទេសអូស្ត្រាលីក្នុងសប្ដាហ៍នៃបុណ្យណូអែល ដែលបង្កជាគ្រោះទឹកជំនន់ ហើយកាត់ផ្ដាច់ភ្លើងប្រើប្រាស់លើរាប់ម៉ឺនគ្រួសារនៅរដ្ឋឃ្វីនស៍ឡែន។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ប៉ូលិសរដ្ឋវ៉ិចតូរីយ៉ា និងរដ្ឋឃ្វីនស៍ឡែន បានបញ្ជាក់ការស្លាប់របស់មនុស្សទាំង ៦ នាក់ ហើយថា ម្នាក់ក្នុងចំណោមនោះ គឺជាក្មេងស្រីអាយុ ៩ ឆ្នាំ ដែលទឹកជំនន់លេចផ្លូវអូសយកទៅ នៅភាគខាងត្បូងក្រុងប៊្រីសបែន។

ប៉ូលិសបានបន្តស្វែងរកមនុស្ស២នាក់ដែលបាត់ខ្លួន បន្ទាប់ពីទូកដែលពួកគេជិះបានលិចនៅភាគខាងត្បូងនៃកោះ Green Island ក្បែរទីក្រុងប្រ៊ីសបេន នៃរដ្ឋឃ្វីនស៍ឡែន។ ប៉ូលិសក៏កំពុងស្វែងរកស្ត្រីអាយុ៤៦ ឆ្នាំម្នាក់ ដែលជាប់ក្នុងទឹកជំនន់នៅទីក្រុង Gympie ភាគខាងជើងនៃទីក្រុងប៊្រីសបែនផងដែរ។

អភិបាលក្រុង Gympie លោក Glen Hartwig បានប្រាប់ទូរទស្សន៍អូស្រ្តាលី ABC News ថា ៖ «វាជាដំណឹងដ៏សោកសៅបំផុត សម្រាប់គ្រប់គ្រួសារនៅក្នុងតំបន់នេះក្នុងរដូវបុណ្យណូអែល»។

គួរបញ្ជាក់ថា ព្យុះផ្គររន្ទះបានបោកបក់នៅលើរដ្ឋភាគខាងកើតរបស់អូស្រ្តាលីរួមមានរដ្ឋវ៉ិចតូរីយ៉ា ញូវសៅថ៍វែល និងរដ្ឋឃ្វីនស៍ឡែន នៅថ្ងៃទី ២៥-២៦ ខែធ្នូ ដែលនាំមកនូវដុំព្រិលទឹកភ្លៀងធំៗ ខ្យល់បក់បោកខ្លាំងៗ និងភ្លៀងធ្លាក់ជោគជាំ។ ទឹកទន្លេបានជន់លិច ហើយខ្យល់បក់ខ្លាំងបានប៉ើងដំបូលផ្ទះ និងបានបំផ្លិចបំផ្លាញដើមឈើនៅតំបន់មួយចំនួន ដែលរងផលប៉ះពាល់ខ្លាំងជាងគេ។

ការិយាល័យឧតុនិយមនៅតែដាក់ការប្រកាសអាសន្នស្ដីពីទឹកជំនន់ស្រាលៗនៅក្នុងរដ្ឋភាគខាងកើត ហើយព្យាករថានឹងមានភ្លៀងធ្លាក់បន្ថែមទៀត។

នៅព្រឹកថ្ងៃពុធនេះ ក្រុមហ៊ុនអគ្គិសនីរដ្ឋអូស្រ្តាលី Energex បានឱ្យដឹងថា ប្រហែល ៨៦ ០០០ គ្រួសារនៅតែគ្មានអគ្គិសនីប្រើប្រាស់បន្ទាប់ពីព្យុះ ដោយសារតែព្យុះបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរធ្វើឱ្យបណ្ដាញភ្លើង ៨០០ កន្លែងត្រូវបិទ ហើយត្រូវការចំណាយពេលជួសជុលជាច្រើនថ្ងៃសម្រាប់តំបន់មួយចំនួន។

គួរបញ្ជាក់ថា ព្យុះផ្គររន្ទះសារនេះ បានកើតឡើងបន្ទាប់ពីព្យុះស៊ីក្លូនត្រូពិក Jasper បានបោកបក់នៅដើមខែនេះ បណ្តាលឱ្យមានទឹកជំនន់ និងការខូចខាតយ៉ាងធ្ងន់ធ្ងរជាច្រើនតំបន់នៅក្នុងរដ្ឋឃ្វីនស៍ឡែន៕ ប្រែសម្រួល៖ ហួន ឌីណា

ads banner