និសិ្សតឥណ្ឌូនេស៊ីបង្ខំជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ចេញពីទីជម្រកបណ្តោះអាសន្ន

ហ្សារកាតា៖ និស្សិតសាកលវិទ្យាល័យរាប់រយនាក់នៅខេត្តភាគខាងលិចបំផុតរបស់ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃពុធសប្តាហ៍នេះ បានសម្រុកចូលទីជម្រកបណ្តោះអាសន្នសម្រាប់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាងមួយរយនាក់ ដើម្បីបង្ខំឱ្យពួកគេចាកចេញពីទីនោះ។

ក្រុមនិសិ្សតមកពីសាកលវិទ្យាល័យផ្សេងៗគ្នា បានសម្រុកចូលសាលរដ្ឋាភិបាលក្នុងរដ្ឋធានី បេនដា អាឆេ ជាទីដែលជនភៀសខ្លួនរ៉ូហ៊ីងយ៉ាចំនួន ១៣៧នាក់ស្នាក់នៅ។ ក្រុមនិសិត្សទាំងនោះ បានទាមទារឱ្យពួកគេផ្លាស់ទៅការិយាល័យអន្តោប្រវេសន៍ក្នុងតំបន់ ដូច្នេះពួកគេអាចត្រូវបាននិរទេសចេញពីប្រទេសឥណ្ឌូនេស៊ី។

ក្រុមនិសិ្សតបានស្រែកថា “បណ្តេញពួកគេចេញទៅ” និង “បដិសេធជនជាតិរ៉ូហ៊ីងយ៉ារស់នៅខេត្តអាឆេ”។ ទន្ទឹមគ្នា ក្រុមនិសិ្សតទាំងនោះ ក៏បានប្រើហិង្សាលើជនភៀសខ្លួនរ៉ូហ៊ីងយ៉ាផងដែរ ប៉ុន្តែត្រូវបានប៉ូលិសព្យាយាមរារាំង។ ហើយទីបំផុត ប៉ូលិសបានយល់ស្របនឹងការទាមទាររបស់ក្រុមនិសិ្សត ដោយនាំជនភៀសខ្លួនរ៉ូហ៊ីងយ៉ាទាំងអស់នោះ ឡើងលើរថយន្តចាកចេញទៅកាន់ការិយាល័យរដ្ឋាភិបាលមួយផ្សេងទៀត ដែលស្ថិតនៅក្បែរគ្នា។

គួរបញ្ជាក់ថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង ១,៥០០នាក់ បានមកដល់ច្រាំងសមុទ្រនៃខេត្តអាឆេ ចាប់តាំងពីពាក់កណ្តាលខែវិច្ឆិកា នៅក្នុងអ្វីដែលអង្គការសហប្រជាជាតិនិយាយថា ជាការហូរចូលដ៏ធំបំផុតក្នុងរយៈពេល ៨ឆ្នាំ។ យ៉ាងណាមិញ ឥណ្ឌូនេស៊ីមិនមែនជាប្រទេសហត្ថលេខី នៃអនុសញ្ញាជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិទេ និងបាននិយាយថា ខ្លួនមិនអាចបង្ខំឱ្យទទួលយកជនភៀសខ្លួនពីប្រទេសមីយ៉ាន់ម៉ានោះទេ ដោយអំពាវនាវជំនួសឲ្យប្រទេសជិតខាង ដើម្បីចែករំលែកបន្ទុក និងតាំងទីលំនៅថ្មីឱ្យជនជាតិរ៉ូហ៊ីងយ៉ា៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner