ម៉ាលី បូគីណាហ្វាសូ និងនីហ្សេ ព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការ
នីញ៉ាម៉េ៖ ម៉ាលី បូគីណាហ្វាសូ និងនីហ្សេ ដែលប្រទេសទាំងបីគ្រប់គ្រងដោយរបបយោធា និងដាក់ជាក្រុមក្នុងសម្ព័ន្ធនៃរដ្ឋ Sahel (AES) បានប្រកាសពីការពង្រឹងកិច្ចសហប្រតិបត្តិការត្រីភាគី នៅក្នុងកិច្ចប្រជុំរវាងនាយករដ្ឋមន្ត្រីប្រទេសទាំងបី នៅរដ្ឋធានីនីញ៉ាម៉េ។
នាយករដ្ឋមន្រ្តីនីហ្សេ លោក អាលី ម៉ាហាម៉ាន់ ឡាមីន ហ្សែន និយាយថា ចាប់ពីពេលនេះតទៅ យើងសម្រេចចិត្តថា នឹងរៀបចំគណៈកម្មការសហប្រតិបត្តិការបង្រួបបង្រួមសម្រាប់ប្រទេសទាំងបី ជំនួសឱ្យគណៈកម្មការទ្វេភាគី។
ថ្លែងក្នុងសន្និសិទកាសែតជាមួយនាយករដ្ឋមន្រ្តីម៉ាលី និងបូគីណាហ្វាសូ នៅទីក្រុងនីញ៉ាម៉េ លោក ហ្សែន បន្តថា រដ្ឋទាំងបីក៏បានសម្រេចចិត្តដែរថា រាល់គម្រោង និងកម្មវិធីរចនាសម្ព័ន្ធ (ទូទៅ) នឹងដាក់នៅលើតុយ៉ាងឆាប់រហ័ស ដើម្បីពិនិត្យ និងអនុម័ត ជាពិសេសផ្លូវហាយវេ និងផ្លូវរថភ្លើងរវាងប្រទេសទាំងបី រួមទាំងប្រទេសជិតខាង។
សូមជម្រាបថា ប្រទេសទាំងបីដែលរងការបំផ្លិចបំផ្លាញដោយអំពើហិង្សារបស់ក្រុមសកម្មប្រយុទ្ធជីហាដ និងជារដ្ឋយោធាឡើងកាន់អំណាចតាមរយៈរដ្ឋប្រហារចន្លោះឆ្នាំ២០២០ និងឆ្នាំ២០២៣ បានបែរខ្នងដាក់បារាំង ដែលជាអតីតសម្ព័ន្ធមិត្តប្រវត្តិសាស្ត្រ។
ហើយថែមទាំងបានរិះគន់យ៉ាងខ្លាំងដល់សហគមន៍សេដ្ឋកិច្ច នៃរដ្ឋអាហ្វ្រិកខាងលិច (ECOWAS) កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ដែលបានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីរដ្ឋប្រហារក្នុងប្រទេសរបស់ពួកគេ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា