លោក Zelensky ៖ អ៊ុយក្រែននឹងមានដ្រូនបន្ថែមយ៉ាងហោចណាស់មួយលានគ្រឿង នៅឆ្នាំក្រោយ

គៀវ៖ លោក Zelensky បាននិយាយនៅក្នុងសុន្ទរកថាឆ្នាំថ្មីរបស់លោកថា អ៊ុយក្រែននឹងមានយន្តហោះគ្មានមនុស្សបើក យ៉ាងហោចណាស់ «មួយលានគ្រឿង» នៅក្នុងឃ្លាំងអាវុធរបស់ខ្លួន នៅឆ្នាំក្រោយ។

លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា «អាកាសយានិករបស់យើងបានស្ទាត់ជំនាញ លើយន្តហោះ F-16 រួចហើយ ហើយយើងនឹងឃើញយន្តហោះប្រភេទនេះ កាន់តែច្រើននៅលើមេឃរបស់យើង.. ដូច្នេះ សត្រូវរបស់យើងអាចមើលឃើញថា កំហឹងពិតប្រាកដរបស់យើង គឺជាអ្វី»។

លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានជំរុញឱ្យសម្ព័ន្ធមិត្តលោកខាងលិច រក្សាការគាំទ្រ ចំពេលមានការកើនឡើងនូវសញ្ញានៃភាពស្បើយកម្លាំង ជាមួយនឹងសង្គ្រាមនេះ។

លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ថែមទាំងបានប្តេជ្ញាថា នឹងដុតឲ្យមាន «កំហិងដ៏ខ្លាំង» ប្រឆាំងនឹងកងកម្លាំងរុស្ស៊ី នៅឆ្នាំ ២០២៤ ទៀតផង។

សាររបស់លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ត្រូវបានធ្វើឡើង នៅរយៈពេលតិចជាង ៧២ម៉ោង បន្ទាប់ពីរុស្ស៊ីបានបាញ់កាំជ្រួចមីស៊ីល និងយន្តហោះគ្មានមនុស្សបើក វាយប្រហារទីក្រុងនានា របស់អ៊ុយក្រែន ដោយបានសម្លាប់មនុស្ស ៣៩នាក់។ វាត្រូវបានចាត់ទុកជាការវាយប្រហារពីលើអាកាសដ៏ធំបំផុតមួយ ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner