សម្តេចតេជោរំលឹកអនុស្សាវរីយ៍កើតឡើងក្នុងខែមករា (Video Inside)
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញថា ខែមករា គឺជាខែដែលមានអនុស្សាវរីយ៍កើតឡើងជាច្រើន ទាំងរឿងពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រជាតិ និងបុគ្គលផ្ទាល់ខ្លួន។
សម្តេចតេជោដែលជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាយប់ថ្ងៃទី១ មករា ឆ្នាំ២០២៤ បានសរសេរបង្ហាញនូវព្រឹត្តិការណ៍សំខាន់ៗ យ៉ាងហោចចំនួន៩ ដែលពាក់ព័ន្ធនឹងរឿងរ៉ាវកើតឡើងនៅក្នុងខែមករា ជាពិសេសក្នុងរយៈពេល ២៥ឆ្នាំរវាងពីឆ្នាំ១៩៧៥ ដល់ឆ្នាំ២០០០។
សម្តេចតេជោបានសរសេរថានៅថ្ងៃទី១មករាឆ្នាំ១៩៧៥ សម្តេចបានរងរបួសស្មាស្តាំ ក្នុងពេលប្រយុទ្ធលើសមរភូមិ ថ្ងៃ៥មករា ឆ្នាំ១៩៧៦ គឺជាថ្ងៃដែលសម្តេចបានរៀបការ ថ្ងៃ៧មករា ១៩៧៩ គឺជាថ្ងៃរំដោះជាតិ និងប្រជាជនចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ថ្ងៃទី៨ មករា១៩៧៩ សម្តេចត្រូវបានបោះឆ្នោតឱ្យចូលជាថ្នាក់ដឹកនាំមជ្ឈឹមបក្ស ដែលមានសមាជិក ៧រូប ក្នុងឱកាសមហាសន្និបាតលើកទី៣ របស់គណបក្ស, ថ្ងៃទី៨មករា១៩៧៩ដដែល សម្តេចត្រូវបានជ្រើសតាំងជារដ្ឋមន្ត្រីក្រសួងការបរទេស ថ្ងៃទី១៤មករាឆ្នាំ១៩៨៥ សម្តេចត្រូវបានគេបោះឆ្នោតជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ឬនាយករដ្ឋមន្ត្រី ថ្ងៃទី២០និង២១មករាឆ្នាំ ១៩៨៨ គឺថ្ងៃនៃជំនួបចរចារ សីហនុ ហ៊ុនសែន លើកទី២ នៅប្រទេសបារាំង ខែមករាឆ្នាំ១៩៧៧ ភរិយារបស់សម្តេចមានផ្ទៃពោះនៃកំណើតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងថ្ងៃទី២៨មករា ឆ្នាំ២០០០ គឺជាលើកដំបូងដែលសម្តេចទទួលបានចៅជាលើកទី១។