ប្រធានរដ្ឋសភាកម្ពុជាផ្ញើសាររំលែកទុក្ខជូនរដ្ឋសភា រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ក្នុងករណីគ្រោះរញ្ជួយដី
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសាររំលែកទុក្ខជូនរដ្ឋសភា រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ក្នុងករណីគ្រោះរញ្ជួយដីកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤។
នៅក្នុងសាររំលែកទុក្ខរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ផ្ញើជូនឯកឧត្តម NUKAGA Fukushiro ប្រធានសភាតំណាងរាស្ត្រនៃប្រទេសជប៉ុន កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ មានខ្លឹមសារថា ៖ “ឯកឧត្តមប្រធានជាទីគោរពរាប់អានដ៏ជ្រាលជ្រៅ! ខ្ញុំសូមសម្តែងនូវសេចក្តីសោកស្តាយជាពន់ពេក ចំពោះដំណឹងដ៏សោកសៅ អំពីការបាត់បង់ជីវិត ការខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិយ៉ាងធំធេង ព្រមទាំងការផ្លាស់ទីលំនៅរបស់ប្រជាជនជាច្រើនគ្រួសារ ដែលបណ្តាលមកពីគ្រោះមហន្តរាយធម្មជាតិរញ្ជួយដី នៅភាគខាងលិចប្រទេសជប៉ុន កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤។
តាងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមសម្ដែងនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងសមានចិត្តដ៏ជ្រាលជ្រៅជូនចំពោះឯកឧត្តមប្រធាន និងតាមរយៈឯកឧត្តមប្រធាន សូមផ្ញើជូនចំពោះរដ្ឋាភិបាល ក៏ដូចជាក្រុមគ្រួសារជនរងគ្រោះដែលបានបាត់បង់សមាជិកជាទីស្រលាញ់ ក្នុងសោកនាដកម្មនេះ។ ខ្ញុំសូមបួងសួង សូមឱ្យវិញ្ញាណក្ខន្ធអ្នកបង់ជីវិតក្នុងគ្រោះធម្មជាតិនេះ បានទៅកាន់សុគតិភពកុំបី ឃ្លៀងឃ្លាតឡើយ។ សមានចិត្ត និងការបួងសួងរបស់យើងខ្ញុំស្ថិតនៅជាមួយប្រជាជនជប៉ុនក្នុងកាលៈទេសៈដ៏លំបាកនេះ។ យើងខ្ញុំ សូមឈរនៅក្បែរឯកឧត្តមប្រធាន និងរដ្ឋាភិបាលប្រទេសជប៉ុនជានិច្ច ខណៈពេលដែលប្រទេសនេះត្រូវបានស្ដារឡើងវិញពីព្រឹត្តិការណ៍វិនាសកម្មនេះ។ សូម ឯកឧត្តមប្រធាន ទទួលនូវការរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងការគោរពរាប់អានដ៏ជ្រាលជ្រៅ
ពីខ្ញុំ”។
គួររម្លឹកឱ្យដឹងថា ទាក់ទងករណីគ្រោះរញ្ជួយដីនេះ អាជ្ញាធរជប៉ុនបានបន្តរាយការណ៍ឱ្យដឹងនៅល្ងាចថ្ងៃទី៣ ខែមករាថាតួលេខអ្នកស្លាប់បានបន្តកើនដល់ ៧៣នាក់ហើយ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិតធ្ងន់ បានវាយប្រហារចំតំបន់ភាគកណ្តាលប្រទេសជប៉ុន កាលពីថ្ងៃចូលឆ្នាំសកលកន្លងទៅនេះ។ ក្រុមអ្នកជួយសង្រ្គោះកំពុងបន្តប្រតិបត្តិការរបស់ពួកគេ នៅក្នុងខេត្ត Ishikawa ជាទីដែលទទួលរងគ្រោះខ្លាំងក្លាជាងគេ ជាមួយមនុស្សស្លាប់កើនដល់ ៧៣នាក់ និងមនុស្សរាប់ម៉ឺននាក់នៅតែបន្តគ្មានអគ្គិសនីប្រើប្រាស់នៅឡើយ៕
ដោយ៖ពលជ័យ

