គ្រូបង្រៀនដែលកើតទាន់សម័យប៉ុលពត នៅតែចងចាំការឈឺចាប់ និងកោតសរសើរ រាជរដ្ឋាភិបាលកម្ពុជាជួយឱ្យប្រទេសមានសុខសន្តិភាពនិងរីកចម្រើនគ្រប់វិស័យ

ខេត្តបាត់ដំបង៖ ពលរដ្ឋកម្ពុជាពិសេស លោកគ្រូ អ្នកគ្រូ ដែលបានឆ្លងកាត់របប អាវខ្មៅប៉ុលពតដែលបានដឹកនាំប្រទេសធ្លាក់ទៅកាន់របបមួយកាប់សម្លាប់ពលរដ្ឋខ្លួនឯងដ៏យង់ឃ្នងនោះ នៅតែចងចាំ បើទោះបីរបបមួយនេះបានរលត់រលាយ រយៈពេល អស់រយៈពេល៤៥ឆ្នាំហើយក៏ដោយ។មិនត្រឹមតែពលរដ្ឋដែលឆ្លង កាត់របបនេះដោយផ្ទាល់ទេសូម្បីតែអ្នកកើតពុំទាន់ ហើយមានជីដូនជីតា និងសាច់ញាតិបងប្អូនដែលរងគ្រោះដោយការកាប់សម្លាប់ក្នុងរបបនេះក៏បានបង្ហាញស្លាកស្នាមដំបៅ ក្តីឈឺចាប់នេះមិនអាចបំភ្លេចបានដូចគ្នាផងដែរ។

របបកម្ពុជាប្រជាធិបតេយ្យ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដែលដឹកនាំដោយប៉ុលពត អៀងសារី និង ខៀវសំផន បានធ្វើឱ្យពលរដ្ឋខ្មែរច្រើនគ្រួសារណាស់ត្រូវបាននិរាសព្រាត់ប្រាស់ បន្សល់នូវក្តីសង្វេគរហូតមកដល់បច្ចុប្បន្ន។ពលរដ្ឋខ្មែរ សិស្សនិស្សិត បញ្ញាវន្តជិត ៣លាននាក់ត្រូវបានពួកវាកាប់សម្លាប់ដោយគ្មានកំហុស ហើយក្រៅពីការ កាប់សម្លាប់ពួកវាក៏បានបង្អត់អាហារ និងអ្នកខ្លះទៀតស្លាប់ដោយសាររោគជំងឺ ដែលជាសោកនាដកម្មមួយធ្វើឱ្យពលរដ្ឋកម្ពុជាមិនអាចបំភ្លេចបានសោះឡើយ។

អ្នកស្រី ហូ សូរិយ៉ាន គ្រូបង្រៀនប្រចាំសាលាបឋមសិក្សាសម្តេចជាស៊ីមស្ថិតនៅ ក្រុង បាត់ដំបង ខេត្តបាត់ដំបង ដែលបានឆ្លងកាត់ជីវិតនៅរបបប៉ុលពតមួយរូប បានលើកឡើងថា៖សម័យនោះបើទោះបីអ្នកស្រីនៅក្មេង ហើយពួកវាប្រើឱ្យ រើសអាចម៍គោ រើសកួរស្រូវ និងរស់នៅកងកុមារក៏ដោយ តែអ្នកស្រីត្រូវឃ្លាត ឆ្ងាយពីឪពុកម្តាយនឹងទទួលរងអត់ឃ្លានចំណីអាហារ រូបរាងស្គមស្គាំង និងកើតរោគជំងឺ។ពេលនោះអ្នកស្រីទុក្ខវេទនាខ្លាំងណាស់ស្ទើរតែនឹកស្មានថា មិនមានជីវិតដូចសព្វថ្ងៃនេះផងទេ។

អ្នកស្រីបានរំលឹកប្រាប់ថាក្នុងរបបប៉ុលពតគួរឱ្យភ័យខ្លាច តក់ស្លុត និងព្រៃផ្សៃដែល ប្រវត្តិសាស្រ្តពិភពលោក ពុំធ្លាប់កើតមាន។វាជារបបមួយព្រៃផ្សៃហួសនឹងថ្លែង ហើយ តាមរយៈការឆ្លងកាត់របបមួយនេះដែរយើងទាំងអស់គ្នាត្រូវរួមគ្នាមិនឱ្យរបបនេះវិលត្រឡប់មកម្ពុជាវិញលើកទី២ជាដាច់ខាត។

ទាក់ទិនក្នុងរបបដ៏ឃោឃៅនេះដែរក្នុងនាមជាគ្រូបង្រៀនមួយរូបអ្នកស្រីតែងរំលឹកប្រាប់ និងក៏ដូចជាឱ្យយុវជនជំនាន់ក្រោយបានដឹង និងមិនត្រូវភ្លេចខ្លួន ហើយត្រូវ ចូលរួមការពារសុខសន្តិភាពនិងអភិវឌ្ឍន៍ប្រទេសជាតិជាមួយរាជរដ្ឋាភិបាល។

អ្នកស្រី សាញ់ហួយ គ្រូបង្រៀនប្រចាំសាលាបឋមសិក្សាសម្តេចជាស៊ីម មួយរូបទៀត បានឱ្យដឹងថា អ្នកស្រីកើតទាន់សម័យប៉ុលពតផងដែរ។សម័យនោះទោះបីអ្នកស្រី នៅជាកុមារតែឃើញថាការរស់នៅពិតជាវេទនា និងភ័យខ្លាចគ្រប់ពេលវេលា ដែល របប ក្រុមនេះតែងយកប្រជាពលរដ្ឋស្លូតត្រង់ទៅកាប់សម្លាប់គ្មានញញើតដៃ។អំពើពួកវាដែលបានប្រព្រឹត្តិមកលើពលរដ្ឋកម្ពុជាខ្លួនឯងមួយេះពិតជាសាហាវខ្លាំងណាស់។

ដោយឡែកអ្នកស្រី សាយ សុភា គ្រូបង្រៀនៃសាលាបឋមសិក្សាមួយនេះដែរ បានឱ្យ ដឹងថាអ្នកស្រីគឺបានកើតទាន់សម័យប៉ុលពតតែពេលនោះនៅជាទារកនៅឡើយ។សម័យនោះម្តាយអ្នកស្រីពុំមានអាហារសម្រាប់ទ្រទ្រង់រាយកាយធ្វើឱ្យសុខភាពទ្រុឌទ្រោម ហើយមានរោគជំងឺជាទម្ងន់។

បើតាមគ្រូបង្រៀនរូបនេះបានរៀបរាប់ប្រាប់ដែរថា៖ពេលកើតមកអ្នកស្រីខ្វះ អាហារ រូបបឋមធ្ងន់ធ្ងរ ស្ទើរតែមិនរស់ តែដោយសារគុណថ្ងៃ៧ មករា ធ្វើឱ្យអ្នកស្រីអាច រស់រានមានជីវិតមកដល់សព្វថ្ងៃនេះ។បើគ្មានថ្ងៃ៧មករា ទេគឺអ្នកស្រីមិនអាច មានជីវិតមកបង្រៀនសិស្ស និងមិនអាចមានជីវិតរស់នៅសុខដុម ក្រោមម្លប់ សន្តិភាពដូចដែលយើងបានឃើញស្រាប់គ្រប់គ្នានេះឡើយ។

ជាមួយគ្នានេះដែរអ្នកស្រីបានរំលឹកក្រោយថ្ងៃរំដោះ៧មករាដែរថាគឹជាថ្ងៃដ៏អស្ចារ្យដែលបានជួយស្រោចស្រង់ជីវិតអ្នកស្រីនិងក្រុមគ្រួសារឱ្យរួចចាកផុតពីរបបដ៏យង់ឃ្នងជាទីបំផុតមួយនេះឱ្យរស់រានមានជីវិតដូចសព្វថ្ងៃ។

អ្នកស្រីបានលើកឡើងថា៖”ថ្ងៃ ៧ មករា ខ្ញុំមិនអាចបំភ្លេចបានទេ ថ្ងៃ៧ មករា ជួយរំដោះខ្ញុំ ! ខ្ញុំអត់ភ័យព្រួយមិនខ្លាចស្លាប់ដូចកាលពីមុនទៀតឡើយ”។
ក្រៅពីអំពីការរំលឹកដឹងគុណដល់ថ្ងៃ ៧ មករា ហើយនោះគ្រូបង្រៀនរូបនេះ ក៏បានបង្ហាញការពេញចិត្តសម្រាប់ការដឹកនាំរបស់រាជរដ្ឋាភិបាលសម្តេចហ៊ុនសែន ក៏ដូចជារាជរដ្ឋាភិបាលអាណត្តិថ្មីរបស់សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាពេលបច្ចុប្បន្នផងដែរ ដែលបានធ្វើឱ្យប្រទេសមានសុខសន្តិភាព មានសិទ្ធសេរីភាព ប្រទេសរីកចម្រើនគ្រប់បែបយ៉ាងដូចដែលយើងបានឃើញស្រាប់ដូចសព្វថ្ងៃនេះ។

លោក រស់ សុណា ជាគ្រូបង្រៀនប្រចាំសាលាបឋមសិក្សាសម្តេចជាស៊ីមដូចគ្នានេះបានលើកឡើងថាៈបើទោះបីលោកកើតមិនទាន់សម័យនោះពិតមែន តែបើតាមឪពុកម្តាយប្រាប់ពីទុក្ខវេទនានាសម័យនោះឃើញថាពលរដ្ឋកម្ពុជាដែលឆ្លងកាត់សម័យនោះពិតជាទុក្ខវេទនាខ្លាំងណាស់។យុគសម័យនោះកម្ពុជាធ្លាក់ដល់ចំណុចសូន្យ។

គួរបញ្ជាក់ថារបបកម្ពុជាប្រជាធិបតេយ្យរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ គឺជារបបមួយដែលបានធ្វើទុក្ខទារុណកម្ម បំបិទសិទ្ធិសេរីភាព និងកាប់សម្លាប់យ៉ាងឃោរឃៅជាទីបំផុត។ ប្រជាពលរដ្ឋខ្មែរចាស់ក្មេងជិត ២លាននាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងរបបមួយនេះ ដោយសារតែការធ្វើទារុណកម្ម ការអត់ឃ្លាន ការឈឺស្កាត់ និងការកាប់សម្លាប់ក្រោមការចោទប្រកាន់ថាជាខ្មាំងនោះ។ទុក្ខវេទនា ក្តីឈឺចាប់របស់ប្រជាពលរដ្ឋនៅក្នុងរបបប្រល័យពូជសាសន៍នេះ ទោះបីបានរសាត់បាត់ទៅអស់រយៈពេលប្រមាណ៤៥ឆ្នាំទៅហើយក្តី។ តែក្តីវេទនា និងការឈឺចាប់ហួសប្រមាណនេះ នៅតែដក់ជាប់ជានិច្ចនៅក្នុងការចងចាំរបស់ប្រជាពលរដ្ឋដែលបានឆ្លងកាត់នៅក្នុងរបបមួយនេះ៕អត្ថបទៈម៉ាដេប៉ូ,រូបភាពៈ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner