ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ប្តេជ្ញាជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-សហភាពអឺរ៉ុប ឱ្យបានកាន់តែរីកចម្រើនខ្លាំងក្លាលើគ្រប់វិស័យបន្ថែមទៀត
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជាឯកឧត្តម ឌ្រីសម៉ាន់ អ៉ីហ្គោរ៍ (DRIESMANS Igor) បានបេ្តជ្ញាចិត្តក្នុងការជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-សហភាពអឺរ៉ុប ឱ្យបានកាន់តែរីកចម្រើនខ្លាំងក្លាលើគ្រប់វិស័យបន្ថែមទៀត ជាពិសេសក្នុងការពាំនាំនូវការពិតស្តីពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់មុតស្រួច និងភាពប្រកួតប្រជែងរបស់កម្ពុជា ជូនចំពោះពាណិជ្ជករ និងវិនិយោគិនសហភាពអឺរ៉ុប ក្នុងទិសដៅទាក់ទាញ និងជំរុញពាណិជ្ជកម្ម និងការវិនិយោគ នៅកម្ពុជា។ ការបញ្ជាក់នេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាពនារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤។
ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម ឌ្រីសម៉ាន់ អ៉ីហ្គោរ៍ បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងបានលើកទ្បើងអំពីចំណងការទូតដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា-សហភាពអឺរ៉ុប លើវិស័យជាច្រើន រួមមានជាអាទិ៍៖ ពាណិជ្ជកម្ម វិនិយោគ និងទំនាក់ទំនងប្រជាជន និងប្រជាជន។ ឯកឧត្តម ក៏បានសម្តែងនូវការបេ្តជ្ញាចិត្តក្នុងអាណតិ្តបេសកកម្មការទូតរបស់ឯកឧត្តម ក្នុងការជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-សហភាពអឺរ៉ុប ឱ្យបានកាន់តែរីកចម្រើនខ្លាំងក្លាលើគ្រប់វិស័យបន្ថែមទៀត ជាពិសេសក្នុងការពាំនាំនូវការពិតស្តីពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់មុតស្រួច និងភាពប្រកួតប្រជែងរបស់កម្ពុជា ជូនចំពោះពាណិជ្ជករ និងវិនិយោគិនសហភាពអឺរ៉ុប ក្នុងទិសដៅទាក់ទាញ និងជំរុញពាណិជ្ជកម្ម និងការវិនិយោគ នៅកម្ពុជា។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះឯកឧត្តម ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប និងសហការី ព្រមជាមួយនឹងការអបអរសាទរចំពោះការចូលកាន់មុខតំណែងរបស់ឯកឧត្តមអគ្គរដ្ឋទូត។ ទន្ទឹមគ្នានេះ សម្តេចធិបតី បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់សហភាពអឺរ៉ុបចំពោះកម្ពុជា និងបានបង្ហាញនូវក្តីសង្ឃឹមចំពោះការជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកសម្តេចធិបតី ហ៊ុន ម៉ាណែត