ប្រធានាធិបតីអ៊ុយក្រែន ទៅដល់ប្រទេសលីទុយអានី ក្នុងដំណើរទស្សនកិច្ច ក្នុងរដ្ឋសម្ព័ន្ធមិត្ត «បាល់ទិក»
វីលនីញូស៖ ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន លោក Volodymyr Zelensky បានទៅដល់រដ្ឋធានី វីលនីញូស នៃប្រទេសលីទុយអានី កាលពីថ្ងៃពុធ សប្តាហ៍នេះ។ នេះគឺជាដំណើរទស្សនកិច្ច ដោយមិនមានការជូនដំណឹង ទៅកាន់បណ្តារដ្ឋស្ថិត ក្នុងប្លុក «បាល់ទិក» ដែលជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់អ៊ុយក្រែន។
រដ្ឋ «បាល់ទិក» ទាំងបី ដែលគេដឹងថា ជាអតីតសាធារណរដ្ឋសូវៀត ឥឡូវនេះ បានក្លាយជាសមាជិកសហភាពអឺរ៉ុប និងអង្គការណាតូ។ ប្រទេសទាំងនេះស្ថិត ក្នុងចំណោមសម្ព័ន្ធមិត្តដ៏រឹងមាំបំផុត របស់ប្រទេសអ៊ុយក្រែន។
លោក Zelensky បាននិយាយថា «ប្រទេសអេស្តូនី ឡាតវី និងលីទុយអានី គឺជាមិត្តដ៏គួរឱ្យទុកចិត្តរបស់យើង និងជាដៃគូដែលមានគោលការណ៍ច្បាស់លាស់។ ថ្ងៃនេះ ខ្ញុំបានមកដល់ទីក្រុង វីលនីញូស មុនពេលទៅដល់ទីក្រុង Tallinn និង Riga »។
លោក Zelensky បានរៀបរាប់ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា «សន្តិសុខ សហភាពអឺរ៉ុប, សមាហរណកម្មអង្គការណាតូ, កិច្ចសហប្រតិបត្តិការលើសង្គ្រាមអេឡិចត្រូនិច, យន្តហោះគ្មានមនុស្សបើក និងការសម្របសម្រួលបន្ថែមទៀត នៃការគាំទ្ររបស់អឺរ៉ុប គឺសុទ្ធតែស្ថិតនៅក្នុងរបៀបវារៈទាំងអស់ នៃដំណើរទស្សនកិច្ចទាំងនេះ»។
ការធ្វើដំណើរទស្សនកិច្ច នៅបណ្តារដ្ឋសម្ព័ន្ធមិត្ត «បាល់ទិក» ត្រូវបានគេដឹងថា គឺជាដំណើរផ្លូវការ លើកដំបូងរបស់ លោក Zelensky នៅបរទេស ក្នុងឆ្នាំ២០២៤នេះ។
ដំណើរទស្សនកិច្ចនេះធ្វើឡើង ស្របពេលដែលសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន ផ្សេងទៀត បានងាកចេញពីការបញ្ចេញកញ្ចប់ជំនួយថ្មី ហើយក៏ចំពេលដែលការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន មានរយៈពេលជិតពីរឆ្នាំមកហើយ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត