បើកវគ្គបណ្ដុះបណ្ដាលមន្រ្តីកម្មវិធីជាតិជំនួយសង្គម មុន ចុះ អនុវត្ត ជាក់ស្ដែង
បាត់ដំបង៖ ក្រុមមន្រ្តីអនុវត្តកម្មវិធីនៅតាមឃុំ-សង្កាត់ទូទាំង ខេត្តបាត់ដំបងបានទទួលការបណ្តុះបណ្តាលស្តីពី៖ការបើក ផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់កម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស(TVET)សម្រាប់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យនៅមុនពេលដែលមន្រ្តីទាំងនេះនឹងត្រូវចុះអនុវត្តការងារផ្ទាល់នៅតាមមូល ដ្ឋាន ។
ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលកាលពីព្រឹកថ្ងៃទី១០ ខែ មករា ឆ្នាំ២០២៤ លោក ភួង សិទ្ធិប្រធានមន្ទីរសង្គមកិច្ចអតីត យុទ្ធជន និងយុវនីតិសម្បទាខេត្តបាត់ដំបងបានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលថ្ងៃនេះគឺរៀបចំឡើងក្នុងគោលបំណងដើម្បី ពង្រឹងនូវសមត្ថភាពនិងបញ្ជ្រាបពីនីតិវិធីដល់មន្ត្រីចុះអនុវត្តកម្មវិធីនៅតាមឃុំសង្កាត់។កម្មវិធីនេះនឹងដាក់ឱ្យដំណើរការនៅ ក្នុងពេលឆាប់ៗខាងមុខនេះ។
នៅក្នុងឱកាសនោះលោកស្រី កែវ ដាណា អភិបាលរងខេត្ត បាត់ដំបងបានកោតសរសើរចំពោះថ្នាក់ដឹកនាំមន្ទីរសង្គមកិច្ច និងសហការីនិងមន្ទីរជំនាញពាក់ព័ន្ធមួយចំនួនពិសេសរដ្ឋបាលឃុំ សង្កាត់ដែលជាប្រតិបត្តិករផ្ទាល់នៅថ្នាក់មូលដ្ឋាន ដែល
កន្លងមកពិតជាបានអនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនទាំងការផ្តល់សេវាសាធារណៈនិងទាំងការអនុវត្តនូវកម្មវិធីជំនួយសង្គមនានារបស់រាជរដ្ឋាភិបាល។
លោកស្រីអភិបាលរងខេត្តបាត់ដំបង បានគូសរំលេចថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ និងក្រោមការដឹកនាំ ប្រកបដោយ គតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានបន្ត ខិតខំផ្តោតនូវការយក ចិត្តទុកដាក់ លើការកសាង និង ពង្រឹងប្រព័ន្ធគាំពារសង្គមឱ្យមានលក្ខណៈប្រមូលផ្តុំ សង្គតិភាព និងប្រសិទ្ធភាពដោយឈរលើ ស្មារតី« មិនបោះបង់ពលរដ្ឋ ណាម្នាក់ » នោះឡើយ។
លោកស្រីអភិបាលរងខេត្តបាត់ដំបង បានជំរុញដល់មន្ទីរ សង្គមកិច្ច មន្ទីរពាក់ព័ន្ធ និងរដ្ឋបាល ឃុំ សង្កាត់ ក្រុង-ស្រុក បន្តអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយប្រក្រតីភាព ប្រសិទ្ធភាព តម្លាភាព គណនីភាព គ្រប់ជ្រុងជ្រោយ៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប