ស្ត្រីទើបសម្រាលកូនរួច និងត្រៀមសម្រាលចំនួន ២៣នាក់ នៅមណ្ឌលសុខភាព ព្រៃប្រស់ ខេត្តកំពង់ធំ ទទួលអំណោយមនុស្សធម៌

(កំពង់ធំ)៖ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការស្តីទី កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងលោកជំទាវ លំ គន្ធារី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនដល់ស្ត្រីទើបសម្រាលកូនរួច និងត្រៀមសម្រាលចំនួន ២៣នាក់ នៅមណ្ឌលសុខភាពព្រៃប្រស់ ដែលស្ថិតក្នុងឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៤ ។

លោកជំទាវ ម៉ែន នារីសោភ័គ បានសម្តែងនូវក្តីសោមនស្សរីករាយ និងបានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី ប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ ដែលផ្តាំផ្ញើសួរសុខទុក្ខ និងសារអប់រំសុខភាពស្តីពី អត្ថប្រយោជន៍នៃការមកពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់,ពិនិត្យផ្ទៃពោះឱ្យបានយ៉ាងតិច ៤ដង មុនពេលសម្រាល,ការទទួលទានអាហារូបត្ថម្ភ បន្លែធម្មជាតិ ដើម្បីសុខភាពល្អទាំងម្តាយនិងទារកក្នុងផ្ទៃ, កុំបរិភោគផ្អែមពេក-ប្រៃពេក ដែលអាចបង្កជាជំងឺផ្សេងៗ ដូចពាក្យចាស់ពោលថា «ស្រឡាញ់ខ្លួន ឱ្យស្ងួនចំណី», «ការពារប្រសើរជាងព្យាបាល», «ញាំអាហារជាថ្នាំ កុំញាំថ្នាំជាអាហារ»ជាដើម។ ទន្ទឹមនឹងនេះ សូមក្មួយៗបំបៅកូនដោយទឹកដោះម្តាយ ដើម្បីកូនមានសុខភាពល្អ ធន់នឹងជំងឺផ្សេងៗ, បន្តពិនិត្យសុខភាពក្រោយពេលសម្រាល,ចាក់វ៉ាក់សាំង បង្ការដល់ទារក ចំណែកឯម្តាយត្រូវចាក់វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូន និងជំងឺមហារីកសុដន់ជាដើម។ ជាមួយគ្នានេះ លោកជំទាវ ក៏បានផ្តាំផ្ញើដល់ស្ត្រីជាមាតាទាំងអស់ត្រូវរស់នៅមានអនាម័យ ផឹកទឹកឆ្អិន បរិភោគអាហារមានជីវជាតិគ្រប់គ្រាន់ អាហារូបត្ថម្ភត្រឹមត្រូវ និងថែទាំសុខភាពឱ្យបានល្អ។

លោកជំទាវ ក៏បានថ្លែងអំណរគុណចំពោះ ក្រុមគ្រូពេទ្យនៃមណ្ឌលសុខភាព ព្រៃប្រស់ ដែលបានយកអស់កម្លាំងកាយចិត្ត មើលថែទាំប្រជាពលរដ្ឋទាំងអស់ដែលមកទទួលសេវានៅក្នុងមណ្ឌល បានយ៉ាងល្អប្រសើរ និងប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវផងដែរ។

ស្ត្រីជាមាតាទាំង ២៣គ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលបានចុះអប់រំ និងក្រើនរំលឹកពីសារអប់រំសុខភាព ព្រមទាំងបានផ្តល់អំណោយជួយសម្រាលការលំបាក ដោយក្នុងគ្រួសារនីមួយៗទទួលបាន អង្ករ, អង្ករសុខភាព,មី, ត្រីខ, ទឹកត្រី, ទឹកស៊ីអ៊ីវ, ឃីត ១កញ្ចប់ , កន្សែងពោះគោ ,សាប៊ូដុសខ្លួន និងថវិកា មួយចំនួន ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner