ក្រុមហ៊ុនដែកថែប Tata Steel គ្រោងកាត់បន្ថយបុគ្គលិកដល់ទៅ ២,៨០០នាក់នៅអង់គ្លេស

ឡុងដ៍៖ ក្រុមហ៊ុន Tata Steel ជាកម្មសិទ្ធិរបស់ឥណ្ឌា នៅថ្ងៃសុក្រទី១៩ ខែមករានេះប្រកាសថា ខ្លួននឹងកាត់បន្ថយការងារដល់ទៅ ២,៨០០កន្លែងនៅប្រទេសអង់គ្លេស ខណៈដែលឧស្សាហកម្មផលិតដែកថែបនេះ ផ្លាស់ប្តូរទៅរកការផលិតលោហៈធាតុមិនប៉ះពាល់ដល់បរិស្ថានវិញ។

ក្រុមហ៊ុន Tata Steel បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា បុគ្គលិករហូតដល់ ២,៨០០នាក់ ត្រូវបានគេរំពឹងថា អាចនឹងត្រូវកាត់បន្ថយ ដោយសារការរៀបចំរចនាសម្ព័ន្ធឡើងវិញ ក្នុងក្រុមហ៊ុនផលិតដែកថែបរបស់ឥណ្ឌានេះ រួមទាំងបុគ្គលិកចំនួន ២,៥០០នាក់ទៀតក្នុងរយៈពេល ១៨ខែខាងមុខ។ បើតាមអ្នកនាំពាក្យក្រុមហ៊ុន Tata Steel ការកាត់បន្ថយការងារភាគច្រើន គឺនៅរោងចក្រដែកថែប Port Talbot។ ក្រុមហ៊ុន Tata Steel មានបុគ្គលិកប្រហែល ៨,០០០នាក់នៅប្រទេសអង់គ្លេស។

នាយកប្រតិបត្តិក្រុមហ៊ុន Tata Steel លោក T V Narendran បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ផ្លូវដែលយើងកំពុងដើរទៅមុខគឺពិបាក ប៉ុន្តែយើងជឿថា វាជាការសម្រេចចិត្តត្រឹមត្រូវ។ ផែនការមហិច្ឆតារបស់យើង រួមមានការចំណាយដើមទុនដ៏ធំបំផុត ក្នុងការផលិតដែកថែបនៅអង់គ្លេស ក្នុងរយៈពេលជាងមួយទសវត្សរ៍ ដើម្បីធានាដំណើរការរយៈពេលវែង, ការផលិតដែកថែបដែលមានគុណភាពខ្ពស់ និងការផ្លាស់ប្តូររោងចក្រ Port Talbot ទៅជាមជ្ឈមណ្ឌលឈានមុខគេមួយរបស់អឺរ៉ុប ក្នុងការផលិតដែក ដែលគិតគូរពីបរិស្ថាន។

គួរបញ្ជាក់ថា Port Talbot គឺជារោងចក្របញ្ចេញកាបូនដ៏ធំបំផុតតែមួយគត់នៅអង់គ្លេស ហើយរដ្ឋាភិបាលទីក្រុងឡុងដ៍កំពុងស្វែងរកជំនួយពី Tata Steel និង British Steel ដែលគ្រប់គ្រងដោយក្រុមហ៊ុនចិន Jingye ដើម្បីជំនួសឡដុតដែលកខ្វក់។ បើតាមរដ្ឋាភិបាលអង់គ្លេស ការជំនួសឡដុតដោយថាមពលធ្យូងថ្មនៅរោងចក្រ Port Talbot ត្រូវបានគេរំពឹងថា នឹងជួយកាត់បន្ថយការបញ្ចេញកាបូនរបស់អង់គ្លេសប្រហែល ១.៥ភាគរយ។ នៅចំពោះមុខការប្រែប្រួលអាកាសធាតុ វិស័យដែកថែបត្រូវបានគេមើលឃើញថា ការចំណាយកំពុងកើនឡើងខ្លាំង ចំពេលដែលតម្លៃថាមពលហក់ឡើង បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner