កម្ពុជា នឹងបង្កើតស្ថានីយបណ្តុះកូនឈើលក្ខណៈអន្តរជាតិនៅក្នុងខេត្តចំនួន៤
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន កាលពីរសៀលថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០២៤ បានថ្លែងថា ក្រសួងបរិស្ថាន គ្រោងនឹងបង្កើតស្ថានីយបណ្តុះកូនឈើខ្នាតអន្តរជាតិ ចំនួន ៤កន្លែង ដែលមានលក្ខណៈស្តង់ដាអន្តរជាតិ នៅក្នុងខេត្តកំពង់ស្ពឺ កោះកុង សៀមរាប និងត្បូងឃ្មុំ បន្ថែមពីថ្នាលបណ្តុះកូនឈើ ដែលមន្ទីរបរិស្ថាន បានកំពុងរៀបចំតាមភូមិសាស្រ្តរៀងៗខ្លួន ដើម្បីចែកជូនប្រជាពលរដ្ឋ យកទៅដាំតាមគេហដ្ឋាន និងតាមសហគមន៍ ។
សម្រាប់ ស្ថានីយបណ្តុះកូនឈើដែលមានទំហំធំទាំង៤កន្លែងខាងលើ អាចមានសមត្ថភាពបណ្តុះកូនឈើ ចែកជូនប្រជាពលរដ្ឋយកទៅដាំតាមប្រភេទនីមួយៗ ដូចជា៖
- បណ្តុះកូនឈើតូចៗ ជូនប្រជាពលរដ្ឋយ៉ាងតិចជាង ១លានដើម ដើម្បីយកទៅដាំតាមមូលដ្ឋាន និងតាមសហគមន៍តំបន់ការពារធម្មជាតិ
- បណ្តុះ និងថែទាំកូនឈើឱ្យធំល្មម ដើម្បីជូនប្រជាពលរដ្ឋយកទៅដាំតាមគេហដ្ឋាន
- ថែទាំកូនឈើឱ្យធំ សម្រាប់ផ្គត់ផ្គង់ដល់ការដាំនៅតាមទីក្រុង ដើម្បីធ្វើឱ្យទីក្រុងយើងស្អាត មានភាពបៃតង
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា ស្ថានីយបណ្តុះកូនឈើខ្នាតអន្តរជាតិ នឹងទាក់ទាញបានការសិក្សាស្រាវជ្រាវពីពូជឈើ ជីវៈចម្រុះ និងជាពិសេសការបង្កើតបាននូវទេសចរណ៍គោលដៅកម្សាន្តបៃតង។ ក្រៅពីថ្នាលបណ្តុះកូនឈើ ក្រសួងបរិស្ថាន គ្រោងនឹងរៀបចំទីតាំងកម្សាន្តបែបខ្មែរ កន្លែងបោះតង់ និងបំភ្លឺដោយអំពូលសូឡា ទុកប្រគល់ជូនប្រជាពលរដ្ឋ ក្នុងតំបន់ ឱ្យរកចំណូលបាន តាមរយៈការយកថ្លៃសេវាកម្មទេសចរណ៍ ដោយអនុវត្តនូវគោលការណ៍ស្អាត តម្លៃសមរម្យចំពោះភ្ញៀវទេសចរណ៍។
គួរបញ្ជាក់ថា គម្រោងរៀបចំស្ថានីយបណ្តុះកូនឈើនៅក្នុងភូមិសាស្រ្តទាំង៤ ខាងលើ ជំរុញភាពបៃតង ដែលជាមុំដ៏សំខាន់មួយក្នុងចំណោមមុំបី នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ ២០២៣-២០២៨ រួមមាន ស្អាត បៃតង និងចីរភាព ដែលបាននិងកំពុងផ្សព្វផ្សាយ ព្រមទាំងអនុវត្តយ៉ាងសកម្ម ដើម្បីជំរុញឱ្យកម្ពុជាក្លាយជាប្រទេស អព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ។
នាកន្លងមក ក្រសួងបរិស្ថាន បានបង្កើតយុទ្ធនាការ១០ តុលា ចែកជូនកូនឈើដល់ប្រជាពលរដ្ឋយកទៅដាំ ចំនួន១លានដើមក្នុង១ឆ្នាំ ចាប់ពីពាក់កណ្តាលឆ្នាំ២០២៤នេះតទៅ ដែលក្នុងនោះយុទ្ធនាការៀបចំឡើង ដើម្បីដាំដើមឈើឱ្យច្រើនជាងការកាប់ ហើយ រួមទាំងវិធានការ ៤ចំណុចរបស់ក្រសួងបរិស្ថាន លើការពង្រឹងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដើម្បីបង្កើនគម្របព្រៃឈើកម្ពុជា ឱ្យបានចំនួន ៦០ភាគរយ នៅឆ្នាំ២០៥០ ៕
ដោយ ៖ ម៉ាដេប៉ូ