មេដឹកនាំកូរ៉េខាងជើងអំពាវនាវឱ្យលើកកម្រិតជីវភាព នៅជនបទ

ព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋររបស់កូរ៉េខាងជើងបានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យមានការលើកកម្រិតជីវភាពតំបន់ជនបទ។ លោក គីម បាននិយាយថា ការខកខាន ក្នុងការផ្តល់នូវតម្រូវការបែបនេះ រួមទាំង អាហារគឺជា «បញ្ហានយោបាយធ្ងន់ធ្ងរ» ។

លោក Kim បាននិយាយបែបនេះ ក្នុងពេលដឹកនាំកិច្ចប្រជុំរបស់គណបក្សពលករកូរ៉េ កាលពីថ្ងៃអង្គារ និងថ្ងៃពុធ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរ របស់កូរ៉េខាងជើង ហៅកាត់ថា KCNA។

ប្រទេសកូរ៉េខាងជើង ដែលមានអាវុធនុយក្លេអ៊ែរ ត្រូវបានគេដឹងថា មានសេដ្ឋកិច្ចផុយស្រួយ ហើយរដ្ឋាភិបាលត្រូវបានគេរិះគន់ ជាយូរមកហើយ ក្នុងការផ្តល់អាទិភាពដល់យោធា និងកម្មវិធីអាវុធនុយក្លេអ៊ែរ ដែលត្រូវបានអន្តរជាតិហាមឃាត់នោះ។ ជាការផ្តល់អាទិភាពលើអាវុធ ចៀសជាងការផ្តល់ជីវភាពគ្រប់គ្រាន់ សម្រាប់ប្រជាជនរបស់ខ្លួន។

ភាគខាងជើងបានទទួលរងនូវគ្រោះទុរ្ភិក្ស ជាប្រចាំ ដោយក្នុងនោះ មនុស្សរាប់សែននាក់បានស្លាប់ ហើយ បើតាមការប៉ាន់ស្មាន មានដល់រាប់លាននាក់ នៅពាក់កណ្តាលទសវត្សរ៍ ឆ្នាំ១៩៩០។

លោក Kim បាននិយាយថា «សព្វថ្ងៃនេះ ការបរាជ័យក្នុងការផ្តល់ជូនប្រជាជន ក្នុងតំបន់ ជាទីពេញចិត្ត នូវសម្ភារៈប្រើប្រាស់ ជាមូលដ្ឋាន រួមទាំង គ្រឿងឧបភោគបរិភោគ និងទំនិញប្រើប្រាស់ ហើយនេះបានកើតជាបញ្ហានយោបាយដ៏ធ្ងន់ធ្ងរ ដែលគណបក្ស និងរដ្ឋាភិបាលរបស់យើង មិនអាចដើរថយក្រោយបានឡើយ»។

លោក Kim បាននិយាយទៀតថា សេដ្ឋកិច្ចក្នុងតំបន់ទាំងមូលស្ថិតក្នុង «ស្ថានភាពដ៏អាក្រក់» ដោយលោកបានសង្កត់ធ្ងន់ថា ជា «អតុល្យភាពធ្ងន់ធ្ងរ និងគម្លាតដ៏ធំ» រវាងតំបន់។

លោកបានអំពាវនាវឱ្យមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដើម្បីបិទគម្លាតរវាងទីក្រុង និងតំបន់ជនបទ ដោយនិយាយថា «វាជាជម្រើសដ៏សំខាន់ ការទទួលខុសត្រូវ និងទាន់ពេលវេលា» ស្ថិតក្រោមគោលនយោបាយអភិវឌ្ឍន៍តំបន់ របស់គណបក្សដែលធ្លាប់ត្រូវបានប្រកាស នៅក្នុងខែមករានេះ។

លោកបានមានប្រសាសន៍ថា «យើងមិនគួរអង្គុយរង់ចាំ រហូតដល់ស្ថានភាព និងលក្ខខណ្ឌអំណោយផលនោះទេ ប៉ុន្តែត្រូវស្វែងរកការងារបន្ថែមទៀត ដើម្បីបង្ហាញពីស្មោះត្រង់នឹងកាតព្វកិច្ចរបស់យើង ដើម្បីជាប្រយោជន៍ដល់ប្រជាជន»។

អ្នកជំនាញនិយាយថា ស្ថានភាពសេដ្ឋកិច្ចដ៏អាក្រក់របស់កូរ៉េខាងជើង កាន់តែអាក្រក់ទៅៗ ពោលគឺចាប់តាំងពីទីក្រុងព្យុងយ៉ាង បានបិទព្រំដែនរបស់ខ្លួន ក្នុងឆ្នាំ ២០២០ ជាការប្រុងប្រយ័ត្ន ចំពោះជំងឺរាតត្បាត Covid-19 ។ ប្រភពបានបន្ត ពេលនេះ ឱនភាពពាណិជ្ជកម្មរបស់កូរ៉េខាងជើងបានកើនឡើង ហើយទុនបម្រុងរូបិយប័ណ្ណបរទេសកំពុងធ្លាក់ចុះ។

ទោះបីជាយ៉ាងណាក៏ដោយ ថ្មីៗនេះ ប្រទេសកូរ៉េខាងជើងបានពន្លឿនការធ្វើតេស្តអាវុធ នៅឆ្នាំនេះ រួមទាំងការសាកល្បងនូវអ្វីដែលខ្លួនហៅថា «ប្រព័ន្ធអាវុធនុយក្លេអ៊ែរក្រោមទឹក» និងមីស៊ីលផ្លោងល្បឿនលឿនជាងសំឡេង ទៀតផង៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner