ប្រធានមហាគ្រួសាររថយន្ត៖ ប្រកួតរថយន្ត Off Road ជាលក្ខណៈ អន្តរជាតិ នឹងជួយបង្កើនការលើកស្ទួយវិស័យ Off Road នៅកម្ពុជា
ភ្នំពេញ៖ ក្រុមកីឡាករមហាគ្រួសាររថយន្ត Off Road កម្ពុជា (រថយន្ត ឆ្លងកាត់ឧបសគ្គ) នឹងទៅចូលរួមប្រកួតកីឡាប្រណាំងរថយន្ត Off Road ជាមួយក្រុម កីឡាករជើងខ្លាំងរបស់ថៃ និងក្រុមកីឡាករមកពី ប្រទេសផ្សេងទៀត ក្នុងព្រឹត្តិការណ៍ប្រកួតរថយន្តឆ្លង កាត់ ឧបសគ្គ ខាវណយ ឆ្នាំ២០២៤ (Khao Noi Off Road 2024) នាខេត្តរ៉ាក់យ៉ង (Rayong) ប្រទេសថៃ។
ឯកឧត្តម ទៀ ស្យាម ប្រធានមហាគ្រួសាររថយន្ត Off Road កម្ពុជា បានមានប្រសាសន៍ថា ការចូលរួមប្រកួតជាលក្ខណអន្តរជាតិនេះ នឹងជួយបង្កើនការលើកស្ទួយវិស័យរថយន្តឆ្លងកាត់ឧបសគ្គ (Off Road) នៅប្រទេសកម្ពុជា កាន់តែរីកចំរើន ក៏ដូចជាបង្កើនកិច្ច សហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងភាគីកម្ពុជា និងភាគីថៃ ក្នុងក្របខ័ណ្ឌវិស័យរថយន្តឆ្លងកាត់ឧបសគ្គ ជាពិសេសការបង្កើន សមត្ថភាពផ្នែកបច្ចេកទេសការកែច្នៃរថយន្ត និងទទួលបានបទ ពិសោធន៍ថ្មីយកមកចែករំលែកនៅកម្ពុជា ។
លោក ព្រំ រស្មី កីឡាកររថយន្តឆ្លងកាត់ឧបសគ្គកម្ពុជា បានឱ្យដឹងថា ក្រុម Off-Road កម្ពុជា មានក្ដីសង្ឃឹមខ្ពស់ក្នុងការដណ្ដើមពាន ដោយ សារក្រុមកីឡាករកម្ពុជាក៏មានបទពិសោធន៍ធ្លាប់ប្រកួតច្រើនលើក ព្រមទាំងមានការអភិវឌ្ឍបច្ចេកទេស និងឧបករណ៍សម្ភារៈទំនើប។ លោក បន្តទៀតថា ណាមួយលើកនេះយើងប្រកួតវិញ្ញាសាឯកត្តជន អញ្ចឹងងាយស្រួលជាង ណាមួយមានក្រុមការងារជួសជុលច្រើន មានរថយន្តច្រើន មានគ្រឿងច្រើនអាចផ្លាស់ប្តូរ និងជួយគ្នាបាន ។
សូមជម្រាបថា ព្រឹត្តិការណ៍ Khao Noi Off Road 2024 នឹងប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី១-៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានការចូល រួមពីក្រុម កីឡាករជាច្រើនប្រទេស ដូចជា ប្រទេសថៃ កម្ពុជា ឡាវ ម៉ាឡេស៊ី និងវៀតណាមជាដើម។ ព្រឹត្តិការណ៍នេះជា ការ ប្រកួត ដ៏ល្បីល្បាញក្នុង ប្រទេសថៃ និងក្នុងតំបន់អាស៊ាន។ សម្រាប់កម្ពុជាបានបញ្ជូនរថយន្ត Off-Road ចំនួន៤គ្រឿងទៅចូលរួមប្រណាំង និងរថយន្ត សេវាកម្មជួស ជុល៦គ្រឿង ។សរុប១០គ្រឿង រួមជាមួយកីឡាករនិងក្រុមការងារ ១៨នាក់ ៕
អត្ថបទ៖ ចាន់ វិចិត្រ រូបភាព ងីម ឆាយហួត





