ឯកឧត្តម ថោង ខុន៖ ព្រឹត្តការណ៍រត់ប្រណាំង Angkor Ultra Trail ជាកត្តាជំរុញដ៏ចម្បង ក្នុងការផ្សព្វផ្សាយចលនាកីឡា

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី ទទួលបន្ទុកជំរុញការអភិវឌ្ឍចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ ក្នុងពិធីប្រគល់រង្វាន់ជ័យលាភីនៃទិវារត់ប្រណាំងឆ្លងកាត់ឧបសគ្គចម្ងាយឆ្ងាយអង្គរ លើកទី៧ “7th Angkor Ultra Trail 2024” នៅព្រះលានជល់ដំរី ខេត្តសៀមរាបថា ព្រឹត្តការណ៍នេះ ជាកត្តាជំរុញដ៏ចម្បង ក្នុងការផ្សព្វផ្សាយចលនាកីឡា ,បង្កើនការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ,លើកកម្ពស់បរិស្ថានតំបន់បេតិកភណ្ឌ និងជំរុញការផ្សព្វផ្សាយទាក់ទាញភ្ញៀវទេសចរ មកចូលរួមរត់កាត់តាមព្រៃព្រឹក្សា តំបន់ជនបទ ភូមិឋានប្រជាពលរដ្ឋ និងរត់កាត់តាមប្រាសាទបុរាណជាច្រើននៅតំបន់ឧទ្យានអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌រូបិយដ៏អស្ចារ្យ និងល្បីល្បាញបំផុតលើពិភពលោក ។

ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ Angkor Ultra Trail នេះ បានបង្ហាញយ៉ាងច្បាស់ទៅកាន់ភ្ញៀវទេសចរអន្តរជាតិ និងពិភពលោកថា កម្ពុជាពោរពេញទៅដោយសុខសន្ដិភាព និងមានលក្ខណៈស្រស់បំព្រងទាំងធម្មជាតិ និងប្រជាជនដែលប្រកបដោយភាពរួសរាយរាក់ទាក់។ ទន្ទឹមនឹងនេះ ឯកឧត្តម បានបន្តថា ទិវារត់ប្រណាំងលើកទី៧ ឆ្នាំ២០២៤នេះ គឺជាជោគជ័យ នៃកិច្ចសហការរួមគ្នារវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រុមហ៊ុន Phoenix Voyages ដោយយើងទទួលបានអ្នកចុះឈ្មោះចូលរួមសរុបចំនួន ១៥០០ នាក់ មកពី៥១ប្រទេស កើនឡើង២៥% ធៀបនឹងឆ្នាំ២០២៣ ដោយកាលពីព្រឹត្តិការណ៍ Angkor Ultra Trail លើកទី១ ឆ្នាំ២០១៦ គឺមានអ្នកចូលរួមសរុបត្រឹមតែ ២៣២ នាក់ និងមានអត្តពលិកកម្ពុជាចំនួន ២០នាក់ ប៉ុណ្ណោះ ។

សូមបញ្ជាក់ថា ទិវារត់ប្រណាំងឆ្លងកាត់ឧបសគ្គចម្ងាយឆ្ងាយអង្គរ លើកទី៧ ឆ្នាំ២០២៤នេះ មាន ៦វិញ្ញាសាគឺ៖ ចម្ងាយ៨គីឡូម៉ែត្រ ចម្ងាយ១៨គីឡូម៉ែត្រ ចម្ងាយ៣២គីឡូម៉ែត្រ ចម្ងាយ៤២គីឡូម៉ែត្រ ចម្ងាយ៦៤គីឡូម៉ែត្រ និងចម្ងាយ១០០គីឡូម៉ែត្រ។ ជាលទ្ធផលរត់ចម្ងាយ ១០០គីឡូម៉ែត្រ លេខ១ បានទៅកីឡាករ Ni Yusheng មកពីចិន និងផ្នែកនារី លេខ១ បានទៅកីឡា ការិនី ចិន ដូចគ្នា គឺកីឡាការិនី Wei Xinshuang។ វិញ្ញាសារត់ ៦៤គីឡូម៉ែត្រ លេខ១ ផ្នែកបុរស បាន ទៅកីឡាករស្វីស Pagani Livio និងលេខ១ ផ្នែកនារី បានទៅកីឡាការិនី Gaardhoim Mari Kittel មកពីប្រទេសណ័រវ៉េ។ ក្រៅពីនេះ ក៏មានការផ្ដល់ជ័យលាភីជូនអ្នករត់ចម្ងាយ ៤២គីឡូម៉ែត្រ ៣២គីឡូម៉ែត្រ ១៨គីឡូម៉ែត្រ និង៨គីឡូម៉ែត្រផងដែរ ៕

អត្ថបទ ៖ ចាន់ វិចិត្រ
រូបភាព ងីម ឆាយហួត

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner