លោក ពូទីន៖ សង្គ្រាមអ៊ុយក្រែនបង្កើតការងារថ្មីដល់ពលរដ្ឋរុស្ស៊ីជាង ៥០ម៉ឺននាក់ ក្នុងវិស័យការពារជាតិ

ម៉ូស្គូ៖ ប្រទេសរុស្ស៊ីបង្កើតការងារថ្មីដល់ពលរដ្ឋជាងកន្លះលាននាក់ នៅក្នុងវិស័យការពារជាតិរបស់ខ្លួន ចំពេលមានតម្រូវការកើនឡើងនៅលើសមរភូមិ នេះបើតាមការបញ្ជាក់របស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងសប្តាហ៍នេះ។

លោក ពូទីន បានប្រាប់វេទិកានយោបាយជាមួយបុគ្គលិកការពារជាតិនៅទីក្រុង Tula ថា ក្នុងរយៈពេលមួយឆ្នាំកន្លះចុងក្រោយនេះ ការងារថ្មីចំនួន ៥២០,០០០កន្លែងត្រូវបានបង្កើតឡើងក្នុងវិស័យការពារជាតិ។ លោក ពូទីន និយាយថា ដើម្បីទទួលបានជោគជ័យនៅលើសមរភូមិថ្ងៃនេះ វាជារឿងចាំបាច់ត្រូវមានប្រតិកម្មរហ័ស ចំពោះអ្វីដែលកំពុងកើតឡើងនៅទីនោះ (អ៊ុយក្រែន)។

លោកថា អ្នកណាធ្វើបានលឿនជាង នោះនឹងឈ្នះ។ បន្ទាប់ពីការប្រយុទ្ធគ្នាជាច្រើនខែក្នុងសង្គ្រាមនៅអ៊ុយក្រែន រុស្ស៊ីកំពុងចាក់បញ្ចូលថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ទៅលើកងទ័ពក្នុងជម្លោះ និងបង្កើនការផលិតសព្វាវុធ។ កាលពីឆ្នាំមុន រុស្ស៊ីក៏បានបង្ហាញពីផែនការបង្កើនការចំណាយលើវិស័យយោធារហូតដល់ ៦៨ភាគរយ តួលេខនេះច្រើនជាងការចំណាយលើវិស័យអប់រំ, ការការពារបរិស្ថាន និងការចំណាយលើការថែទាំសុខភាព។

កំណើននៃការចំណាយនេះ បានជំរុញឱ្យមានតម្រូវការនៅក្នុងផ្នែកសេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ី និងអូសទាញកម្មករឆ្ងាយពីវិស័យឧស្សាហកម្មស៊ីវិល ដែលកំពុងស្រេកឃ្លានកម្លាំងពលកម្ម និងជំរុញឱ្យមានអតិផរណា។ ទន្ទឹមគ្នា អត្រាគ្មានការងារធ្វើបានធ្លាក់ចុះដល់កម្រិតទាបបំផុត ហើយវិស័យមិនការពារជាតិជាច្រើន បានរាយការណ៍ពីកង្វះកម្លាំងពលកម្មធ្ងន់ធ្ងរ ចាប់តាំងពីប្រទេសរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធាពិសេស ប្រឆាំងនឹងអ៊ុយក្រែនកាលពីជិតពីរឆ្នាំមុន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner