កាកបាទក្រហមកម្ពុជា បើកដំណើរការបោះជំរំយុវជនកាកបាទក្រហមកម្ពុជា សាខាខេត្តព្រះសីហនុ លើកទី១
(ព្រះសីហនុ)៖ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីបើកដំណើរការបោះជំរំយុវជនកាកបាទក្រហមកម្ពុជា សាខាខេត្តព្រះសីហនុ លើកទី១ ក្រោមប្រធានបទ «យុវជនជាភ្នាក់ងារនៃការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់បរិស្ថានបៃតង» ដែលប្រព្រឹត្តទៅនៅឆ្នេរជំទាវម៉ៅ ថ្ម៣ដុំ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី ២ ដល់ទី ៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីមន្ត្រី អ្នកស្ម័គ្រចិត្ត នៃទីស្នាក់ការកណ្តាល ព្រមទាំងថ្នាក់ដឹកនាំ មន្ដ្រីប្រតិបត្តិ និងយុវជនកាកបាទក្រហមកម្ពុជានៃសាខាខេត្តព្រះសីហនុ ស្ទឹងត្រែង កំពត កែប កំពង់ស្ពឺ ខេត្តកោះកុង និងសៀមរាប សរុបចំនួន ២៣៤នាក់ ។
ឯកឧត្តម គួច ចំរើន បានមានប្រសាសន៍ថា ការបោះជំរំយុវជននាពេលនេះ គឺជាការផ្ដល់ឱកាសឱ្យមានការជួបជុំ ក្នុងការសិក្សាស្វែងយល់ពីគ្នាទៅវិញទៅមក បណ្ដុះផ្នត់គំនិត ស្មារតី ការចេះចែករំលែក ទទួលបានចំណេះដឹងថ្មីៗ និងបទពិសោធន៍ជាច្រើនក្នុងការកែប្រែឥរិយាបថ ប្រកបដោយភាពវិជ្ជមាន ដើម្បីក្លាយជាកូនល្អ យុវជនល្អ និងពលរដ្ឋល្អនៅក្នុងសង្គម ជាពិសេសការធ្វើសកម្មភាពរួមគ្នាជាក្រុម ការងារមនុស្សធម៌ ការងារសង្គម និងបរិស្ថាន ដើម្បីរួមចំណែកកសាង និងអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើនលើឆាកជាតិ និងអន្ដរជាតិ។
ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានគូសបញ្ជាក់ពីអត្ថន័យដ៏ធំធេងក្នុងការរៀបចំឱ្យមានការបោះជំរំយុវជន ក្នុងឱកាសនេះគឺបានបង្ហាញពីសមត្ថភាពរបស់សាខាខេត្តព្រះសីហនុ ដែលមានភាពរឹងមាំ និងម្ចាស់ការទៅតាមទិសវិមជ្ឈការ វិសហមជ្ឈការ ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដាក់ចុះកាលពីឆ្នាំ២០១០ ស្របតាមយុទ្ធសាស្ត្ររបស់កាកបាទក្រហមកម្ពុជា។ បន្ថែមពីនេះ ក៏បានបង្ហាញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងខេត្តស្ទឹងត្រែង ដែលនេះគឺជាការដើរតួជាគំរូសម្រាប់សាខាដទៃទៀត ក្នុងការអភិវឌ្ឍសាខា ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការ និងចែករំលែកបទពិសោធន៍រវាងសាខា និងសាខា។ ជាមួយគ្នានេះ ការបោះជំរំយុវជនលើកទី១នេះ ក៏បានឆ្លុះបញ្ចាំងពីការអនុវត្តឈានមុខគេរបស់សាខាខេត្តព្រះសីហនុ ចំពោះសេចក្តីសម្រេចចិត្តរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងមហាសន្និបាតកាកបាទក្រហមកម្ពុជា អាណត្តិទី៧ កន្លងទៅ ក៏ដូចជាលទ្ធផលនៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ កាលពីពេលកន្លងទៅផងដែរ។
លោកជំទាវ បានគូសបញ្ជាក់បន្ថែមថា «បើនិយាយអំពីយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភាវិញ, ការរៀបចំឱ្យមានការបោះជំរំយុវជននេះ គឺជាការរួមចំណែកលើកកម្ពស់ការងារយុវជន និងអភិវឌ្ឍធនធានមនុស្ស ដែលផ្តោតលើមនុស្សដែលមានសុខភាពល្អ និងមានសមត្ថភាព។ ជំរំយុវជននាពេលនេះ គឺជាឱកាសមួយដែលឱ្យយុវជនអាចផ្លាស់ប្តូរនូវបទពិសោធន៍ ការសាមគ្គីគ្នា យកចិត្តទុកដាក់គិតគូរពីគ្នាទៅវិញទៅមកក្នុងការរស់នៅជាមួយគ្នា និងរៀនសូត្របានអំពីអ្វីដែលជាបច្ចុប្បន្នភាពនៃបញ្ហាប្រឈមក្នុងសកម្មភាពមនុស្សធម៌ ដែលយុវជនកាកបាទក្រហមកម្ពុជា មានភារកិច្ចក្នុងការចូលរួមចំណែកដោះស្រាយបញ្ហាប្រឈមទាំងនេះ។» លោកជំទាវ មានក្តីសង្ឃឹមជឿជាក់ថា បន្ទាប់ពីកម្មវិធីនេះទៅ, សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងសាខាដទៃទៀត នឹងបន្តពង្រឹង និងពង្រីកបណ្តាញយុវជនកាកបាទក្រហមកម្ពុជា នៅតាមខេត្តរៀងៗខ្លួន ឱ្យសមស្របទៅនឹងពាក្យស្លោកថា «យុវជនគឺអ្នកស្ម័គ្រចិត្តវ័យក្មេង, យុវជនគឺជាឆ្លឹងខ្នងរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម»។
ជាមួយគ្នានេះ លោកជំទាវ បានពាំនាំនូវអនុសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើជូនក្មួយៗយុវជនទាំងអស់ ត្រូវចេះសាមគ្គីគ្នា ស្រឡាញ់រាប់អាន ជួយយកអាសាគ្នាទៅវិញទៅមក ដូចពាក្យចាស់ថា «នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ» និងត្រូវយកចិត្តទុកដាក់ថែទាំសុខភាពផ្ទាល់ខ្លួន រក្សាអនាម័យ ជាពិសេសអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិន័យនៅក្នុងកម្មវិធីបោះជំរំនេះ។ ជាមួយគ្នានេះ សូមក្មួយៗយកចិត្តទុកដាក់គោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ត្រូវធ្វើមិត្តអប់រំមិត្ត ហើយប្រាសចាកពីអំពើដែលសង្គមស្អប់ខ្ពើម ដើម្បីអនាគតភ្លឺស្វាង ហើយចូលរួមថែរក្សាសុខសន្តិភាព ចែករំលែកក្តីស្រឡាញ់ និងអំពើល្អ នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង៕
ដោយ / គ្រី សម្បត្តិ