ចំនួនអ្នកស្លាប់កើនដល់ ១១២នាក់ ដោយសារភ្លើងឆេះព្រៃនៅឈីលី
សាន់ត្យាហ្គោ៖ ភ្លើងឆេះព្រៃនៅភាគកណ្តាលប្រទេសឈីលី បណ្តាលឱ្យចចំនួនអ្នកស្លាប់កើនឡើងដល់ ១១២នាក់ហើយ គិតត្រឹមព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីប្រធានាធិបតីឈីលី លោក Gabriel Boric បានព្រមានថា តួលេខមនុស្សបាត់បង់ជីវិតអាចនឹងបន្តកើនឡើងបន្ថែមទៀត។
មន្ត្រីពន្លត់អគ្គិភ័យកំពុងតស៊ូប្រយុទ្ធជាមួយនឹងភ្លើងឆាបឆេះនៅតំបន់ឆ្នេរទេសចរណ៍ Valparaiso ចំពេលមានរលកកំដៅក្តៅខ្លាំងនារដូវក្តៅ ដែលធ្វើឱ្យសីតុណ្ហភាពកើនឡើងដល់ ៤០អង្សាសេកាលពីចុងសប្តាហ៍មុន។ ឆ្លើយតបនឹងគ្រោះមហន្តរាយនេះ ប្រធានាធិបតីឈីលី លោក Gabriel Boric បានសម្រេចប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្ន ហើយបានសន្យាផ្តល់ការគាំទ្ររដ្ឋាភិបាលក្នុងតំបន់ ដើម្បីជួយស្តារសេដ្ឋកិច្ចប្រជាជនងើបឡើងវិញ បន្ទាប់ពីលោកបានជិះឧទ្ធម្ភាគចក្រត្រួតពិនិត្យ ពីលើតំបន់ដែលរងផលប៉ះពាល់ កាលពីរសៀលថ្ងៃសៅរ៍សប្តាហ៍មុន។
យោងតាមសេវាគ្រោះមហន្តរាយជាតិឈីលី (SENAPRED) បានឱ្យដឹងថា ផ្ទៃដីជិត ២៦,០០០ហិកតា ត្រូវបានភ្លើងដុតបំផ្លាញនៅទូទាំងតំបន់ភាគកណ្តាល និងភាគខាងត្បូង គិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ។ ដោយមានការគាំទ្រពីឧទ្ធម្ភាគចក្រ និងយន្តហោះពន្លត់អគ្គីភ័យចំនួន ៣១គ្រឿង មន្រ្តីពន្លត់អគ្គីភ័យប្រហែល ១,៤០០នាក់ បុគ្គលិកយោធា ១,៣០០នាក់ និងអ្នកស្ម័គ្រចិត្តជាច្រើនទៀត កំពុងប្រយុទ្ធប្រឆាំងនឹងអណ្តាតភ្លើង។
ចំណែកអាជ្ញាធរក៏បានដាក់បម្រាមគោចរផងដែរ ចាប់ផ្តើមនៅម៉ោង ៩យប់ថ្ងៃសៅរ៍សប្តាហ៍មុន ខណៈដែលមនុស្សរាប់ពាន់នាក់នៅក្នុងតំបន់រងផលប៉ះពាល់ ត្រូវបានបញ្ជាឱ្យជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ។
ភ្លើងឆេះព្រៃភាគច្រើនកើតឡើងពីរលកកំដៅរដូវក្តៅ និងគ្រោះរាំងស្ងួត ដែលបណ្តាលមកពីបាតុភូតអាកាសធាតុ El Nino ដែលប៉ះពាល់ដល់ផ្នែកខាងត្បូងនៃតំបន់អាមេរិកខាងត្បូង។ ទន្ទឹមគ្នា អ្នកវិទ្យាសាស្ត្រព្រមានថា ការកើនឡើងកំដៅភពផែនដី កំពុងបង្កើនហានិភ័យនៃគ្រោះធម្មជាតិ ដូចជារលកកំដៅក្តៅខ្លាំង និងភ្លើងឆេះព្រៃដ៏កំណាចជាដើម៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា