សេដ្ឋកិច្ចឥណ្ឌូនេស៊ីកើនឡើងយឺតក្នុងឆ្នាំ ២០២៣
ហ្សាការតា៖ ទិន្នន័យផ្លូវការបានបង្ហាញឱ្យដឹងនៅថ្ងៃចន្ទនេះថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ី បានកើនឡើងយឺតកាលពីឆ្នាំ ២០២៣ ដោយសារតែការនាំចេញចុះខ្សោយ ដែលជំរុញដោយតម្លៃទំនិញធ្លាក់ចុះ។
ប្រទេសមានសេដ្ឋកិច្ចធំបំផុតរបស់អាស៊ីអាគ្នេយ៍នេះ មានកំណើនសេដ្ឋកិច្ចត្រឹម ៥.០៥ភាគរយ កើនលើសការព្យាករណ៍របស់រដ្ឋាភិបាលបន្តិច ប៉ុន្តែតួលេខនេះបានធ្លាក់ចុះ បើធៀបនឹងឆ្នាំ ២០២២ ដែលមានចំនួន ៥.៣ភាគរយ នេះបើយោងតាមស្ថិតិផ្លូវការរបស់ប្រទេសឥណ្ឌូនេស៊ី។
![](https://asset.ams.com.kh/central/media/2024/02/photo_2024-02-05_15-31-01-1024x682.jpg)
កំណើនក្នុងត្រីមាសទី៤ បានកើនឡើង ៥.០៤ភាគរយ តួលេខនេះល្អប្រសើរជាងមុន បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។ ប្រធានស្ថិតិស្តីទីឥណ្ឌូនេស៊ី លោកស្រី Amalia Adininggar Widyasanti និយាយថា ការប្រើប្រាស់ក្នុងស្រុក ជាកត្តាជំរុញដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ច ដើម្បីជួយប៉ះប៉ូវការនាំចេញដែលយឺតយ៉ាវ។
លោកស្រី Widyasanti បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា អ្នកចូលរួមចំណែកសំខាន់ដល់កំណើនផលិតផលក្នុងស្រុកសរុប (GDP) រួមមានការប្រើប្រាស់ក្នុងគ្រួសារ ដែលបានកើនឡើង ៤.៨២ភាគរយ ហើយការបោះទុនវិនិយោគក៏កើនឡើងផងដែរ។
![](https://asset.ams.com.kh/central/media/2024/02/photo_2024-02-05_15-31-02-1024x699.jpg)
យោងតាមទិន្នន័យបានបង្ហាញថា ការនាំចេញរបស់ឥណ្ឌូនេស៊ីបានកើនឡើងត្រឹមតែ ១.៣២ភាគរយកាលពីឆ្នាំ ២០២៣ ខណៈដែលការនាំចូលវិញ ក៏បានធ្លាក់ចុះ ១.៦៥ភាគរយផងដែរ។
ជាមួយគ្នានេះ អ្នកសេដ្ឋកិច្ចបានព្រមានពីការធ្លាក់ចុះកំណើនសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ីបន្ថែមទៀតនៅក្នុងប៉ុន្មានខែខាងមុខនេះ ដោយសារទីក្រុងហ្សាការតារឹតបន្តឹងគោលនយោបាយរូបិយវត្ថុ ហើយតម្រូវការទំនិញបន្តធ្លាក់ចុះ៕
![](https://asset.ams.com.kh/central/media/2024/02/photo_2024-02-05_15-31-03-1024x682.jpg)
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា