ប្រមុខចារកម្មអ៊ីស្រាអែលទៅអេហ្ស៊ីប ស្វែងរកបទឈប់បាញ់នៅហ្គាហ្សា
ហ៊េ្សរុយសាឡឹម៖ ប្រធានចារកម្មអ៊ីស្រាអែល លោក David Barnea ក្នុងថ្ងៃអង្គារនេះ ធ្វើដំណើរឆ្ពោះទៅកាន់រដ្ឋធានីគែរ ក្នុងគោលបំណងពិភាក្សាជាមួយសមភាគីអេហ្ស៊ីប និងសហរដ្ឋអាមេរិក ដោយផ្តោតសំខាន់លើសំណើបទឈប់បាញ់ក្នុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតំបន់ហ្គាហ្សាស្ទ្រីប។
មន្រ្តីអ៊ីស្រាអែលក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនិយាយថា នាយកទីភ្នាក់ងារស៉ើបការណ៍សម្ងាត់ Mossad លោក David Barnea នឹងជួបលោក William Burns នាយកចារកម្មអាមេរិក CIA ហើយនៅរដ្ឋធានីគែររបស់អេហ្ស៉ីប អ្នកទាំងពីរនឹងត្រូវចូលរួមដោយនាយករដ្ឋមន្រ្តីកាតា Mohammed bin Abdulrahman Al-Thani ដែលមានតួនាទីជាប្រមុខការទូតកាតាផងដែរ និងធ្លាប់ជួយសម្រេចបានបទឈប់បាញ់កន្លងមក។
បើតាមប្រភពពីសហហរដ្ឋអាមេរិក លោក Burns នឹងត្រូវមានវត្តមាននៅទីក្រុងគែរ ដើម្បីចូលរួមកិច្ចពិភាក្សា អំពីសំណើបទឈប់បាញ់ ដែលជួយសម្រុះសម្រួលដោយភាគីកាតា បន្ទាប់ពីអ៊ីស្រាអែលបានបដិសេធលក្ខខណ្ឌឆ្លើយតបដំបូងកាលពីសប្តាហ៍មុន ពីសំណាក់ក្រុមហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្គាហ្សា។
ដំណឹងនាពេលនេះកើតឡើង បន្ទាប់ពីនាយករដ្ឋមន្រ្តីអ៊ីស្រាអែលនៅតែប្តេជ្ញាបន្តសង្រ្គាមកម្ទេចក្រុមហាម៉ាស តាមរយៈការបញ្ជូនកងទ័ពចូលវាយលុកទ្រង់ទ្រាយធំលើទីក្រុង Rafah ដែលនៅព្រំដែនភាគខាងត្បូងតំបន់ហ្គាហ្សា និងជាទីដែលជនជាតិប៉ាឡេស្ទីនប្រហែល ១.៤លាននាក់ នាំគ្នារត់ទៅជ្រកកោននៅទីនោះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា