មីស៊ីលកូរ៉េខាងជើងរកឃើញនៅអ៊ុយក្រែន មានធាតុផ្សំពីសហរដ្ឋអាមេរិក និងអឺរ៉ុប

វ៉ាស៊ីនតោន៖ អង្គការតាមដានសព្វាវុធ ក្នុងថ្ងៃអង្គារនេះ និយាយថា បំណែកមីស៊ីលផ្លោងរបស់កូរ៉េខាងជើង ដែលរកឃើញនៅប្រទេសអ៊ុយក្រែន មានបំពាក់ស្លាកសញ្ញារបស់ក្រុមហ៊ុន ដែលមានទីស្នាក់ការនៅសហរដ្ឋអាមេរិក និងអឺរ៉ុប។

យោងតាមរបាយការណ៍របស់អង្គការស្រាវជ្រាវគ្រឿងសព្វាវុធជម្លោះ ហៅកាត់ថា (CAR) បានឱ្យដឹងថា កូរ៉េខាងជើងនៅតែអាចទទួលបានសមាសធាតុផ្សំពីលោកខាងលិច យកមកអភិវឌ្ឍសព្វាវុធរបស់ខ្លួន ទោះបីជាមានការដាក់ទណ្ឌកម្មតឹងរ៉ឹងក៏ដោយ។ ជាក់ស្តែងអាវុធទាំងនោះ កំពុងត្រូវបានប្រើប្រាស់ដោយរុស្ស៊ីនៅក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។

អង្គការ CAR និយាយថា ក្រុមអ្នកស៊ើបអង្កេតរបស់ខ្លួនបានអះអាងថា បំណែកមីស៊ីលផ្លោងរបស់កូរ៉េខាងជើងដែលរកឃើញនៅអ៊ុយក្រែន ក្នុងនោះ ៧៥ភាគរយជារបស់ក្រុមហ៊ុនមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និង ១៦ភាគរយទៀតជារបស់ក្រុមហ៊ុននៅអឺរ៉ុប។

សមាសធាតុពាក់កណ្តាលដែលបានកត់ត្រាទុក មានបញ្ជាក់ពីលេខកូដកាលបរិច្ឆេទដែលអាចកំណត់អត្តសញ្ញាណបាន ហើយច្រើនជាង ៧៥ភាគរយនៃលេខកូដទាំងនោះ បានបង្ហាញពីការផលិតនៅចន្លោះឆ្នាំ២០២១ និង២០២៣។ ផ្អែកលើកាលបរិច្ឆេទផលិតទាំងនោះ អង្គការ CAR សន្និដ្ឋានថា មីស៊ីលដែលបានរកឃើញនៅទីក្រុង Kharkiv របស់អ៊ុយក្រែន មិនអាចត្រូវបានគេប្រមូលផ្តុំមុនខែមីនា ឆ្នាំ២០២៣ទេ។

គួរបញ្ជាក់ថា សេតវិមានបាននិយាយកាលពីដើមខែមករាថា កូរ៉េខាងជើងបានផ្តល់ឱ្យរុស្ស៊ី នូវមីស៊ីលផ្លោង និងយោធូបករណ៍បាញ់មីស៊ីល ដែលត្រូវបានប្រើក្នុងការវាយប្រហារលើអ៊ុយក្រែន។ បើតាមអង្គការ CAR មីស៊ីលដែលក្រុមអ្នកស៊ើបអង្កេតរបស់ខ្លួនបានវិភាគនោះ រកឃើញនៅក្នុងទីក្រុង Kharkiv កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤៕

AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner