អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា គាំទ្របទបញ្ជាម៉ឺងម៉ាត់របស់នាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន
(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ និងជាអ្នកជំនាញវិទ្យាសាស្ត្រ នយោ បាយ នៃរាជបណ្ឌិត្យសភាកម្ពុជាបានប្រកាសគាំទ្រនូវបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ប៉ុន្តែសូមឱ្យ រាជរដ្ឋាភិបាលទាំងមូល ថ្នាក់ដឹកនាំនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មន្ត្រីមូល ដ្ឋាន ទាំងអស់ ចូលរួមគ្នាអនុវត្ត ដោយកុំធ្វើតែដំបូងទី កុំធ្វើគ្រាន់តែបង្ហាញមុខមាត់ កុំធ្វើ គ្រាន់តែថតបង្ហាញ គឺត្រូវសុំធ្វើឱ្យជាការពិត ដោយត្រូវគិតថា គ្រឿងញៀន បានបំ ផ្លាញ បានគ្របដណ្ដប់សង្គមកម្ពុជាហើយ ដែលអ្នកពាក់ព័ន្ធទាំងអស់ គួរតែយល់ដឹង អំពី បញ្ហានេះ យ៉ាងហោចណាស់ ក៏អាចកាត់បន្ថយបានជាបណ្ដើរៗដែរ ។
លោកបណ្ឌិត យង់ ពៅ បានប្រាប់អ្នកយកព័ត៌មានទូរទស្សន៍អប្សរាថា ៖ បញ្ហាគ្រឿង ញៀននៅក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ននេះ លោកមើលឃើញថា វាលើសលប់ ហើយ ដល់ពេលវេលាដែលត្រូវប្រកាសអាសន្ន និងមានវិធានការជាក់លាក់ ច្បាស់ លាស់ ហើយក្នុងនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពី ថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០២៤ បានប្រកាសចេញវិធានការដ៏ម៉ឺងម៉ាត់ ក្នុងការប្រ យុទ្ធប្រឆាំងគ្រឿងញៀនដែលនេះ គឺជាការណ៍មួយ ដោយលោក សូមគាំទ្រ ហើយសុំឱ្យបទបញ្ជានេះ គឺត្រូវធ្វើឱ្យបានដូចដែលការតាំងចិត្តរបស់រាជរដ្ឋាភិបាល ។
លោកបណ្ឌិត ក៏បានសុំដល់មន្ត្រីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មូលមតិគ្នាធ្វើកិច្ចការងារនេះឲ្យបាន បើមិនដូច្នោះទេ សង្គមយើង នឹងគ្របដណ្ដប់ទៅដោយបញ្ហាគ្រឿងញៀន ព្រោះកន្លងមក លោកបានធ្វើកិច្ចការងារសង្គមនៅឯមូលដ្ឋាន លោកមើលឃើញថា នៅតាមទីវត្តអារាម ដូចជាចេតដី នៅតាមជ្រុងរបងសាលារៀន តាមកំពកព្រៃជាដើម គឺឃើញមានគេប្រើប្រាស់គ្រឿងញៀន ។ អញ្ចឹងគ្រឿងញៀននេះ គឺវាបំផ្លាញសរីរាងមនុស្ស បំផ្លាញសង្គមមនុស្សខ្លាំងណាស់ ។ ម្យ៉ាងទៀត យើងឃើញថា រាជរដ្ឋាភិបាល បានចាប់ករណីគ្រឿងញៀនម្ដងៗរាប់សិបតោនទៅទៀត ដែលនេះ គឺជាហានិភ័យខ្ពស់ខ្លាំងណាស់ ក្នុងការបំផ្លាញសង្គមកម្ពុជា បំផ្លាញសុខភាពប្រជាពលរដ្ឋកម្ពុជា ថែមទាំងបំផ្លាញមុខមាត់នយោបាយកម្ពុជា លើឆាកអន្តរជាតិទៀត ព្រោះត្រូវបានគេមើលឃើញថា កម្ពុជា ជាប្រទេសសម្បូរទៅដោយគ្រឿងញៀន សម្បូរទៅដោយអ្នកប្រើគ្រឿងញៀនជាដើម ។ ដូច្នេះត្រូវតែមានឆន្ទៈនយោបាយច្បាស់លាស់ ទៅលើបញ្ហាកំចាត់គ្រឿងញៀននេះ ដោយផ្ដើមចេញពីអ្នកអនុវត្តច្បាប់នេះតែម្ដង ។
អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បន្តថា កាលណា សង្គមកម្ពុជាគ្របដណ្ដប់ដោយគ្រឿងញៀន អ្នករកស៊ីគ្រឿងញៀនបានរកលុយចូលហោប៉ៅខ្លួនមែន ក៏ប៉ុន្តែអ្នកនោះ មិនមែនរស់ម្នាក់ឯងទេ ច្បាស់ជាមានសាច់ញាតិ ដែលអាចរងគ្រោះដោយគ្រឿងញៀននេះហើយ ។ ដូច្នេះនៅពេលដែលសង្គមកម្ពុជាប៉ះពាល់ដោយគ្រឿងញៀន ប្រជាពលរដ្ឋខូចសុខភាព សង្គមបាត់បង់សណ្ដាប់ធ្នាប់ អសន្តិសុខ តើអ្នកយកលុយនោះបានជាប្រយោជន៍អ្វី ដូច្នេះលោកក៏ចង់ឱ្យអ្នករកស៊ីគ្រឿងញៀននេះ ពិចារណា ដោយត្រូវគិតរឿងបាបបុណ្យ និងផលប្រយោជន៍ជាតិ មុខមាត់ជាតិជាធំផង កុំគិតតែប្រាក់ហោប៉ៅខ្លួន ដើម្បីចូលរួមជាមួយការតាំងចិត្តរបស់រាជរដ្ឋាភិបាល នេះទី១, ហើយទី២-ពលរដ្ឋអ្នកប្រើ គ្រួសារអ្នកប្រើ សូមគិតថា បើគ្រឿងញៀនអាចជួយបាន គេមិនបាច់ខំប្រឹងរកស៊ី ផលិតរបស់របរប្រើប្រាស់ ធ្វើកសិកម្ម ដើម្បីផលិតរបស់ហូបនោះទេ ដូច្នេះសូមគិតបញ្ហានេះ ដោយសូមចូលរួមទាំងអស់គ្នាទើបបាន ព្រោះរាជរដ្ឋាភិបាលម្នាក់ឯង នាយករដ្ឋមន្ត្រីម្នាក់ឯង ធ្វើមិនបាននោះទេ សូមកុំបណ្ដែតបណ្ដោយទៀត ។
ក្នុងនាមជាបញ្ញវន្ត និងជាពលរដ្ឋខ្មែរមួយរូប លោកបណ្ឌិត យង់ ពៅ បានសំណូមពរ ដល់រាជរដ្ឋាភិបាល មិនគួរធ្វើកិច្ចការងារនេះ គ្រាន់តែរូបភាពនយោបាយទេ គឺត្រូវតែ មានសេនារីយោច្បាស់លាស់ មានការតាមដានច្បាស់លាស់ មានការត្រួតពិនិត្យ ច្បាស់លាស់ ទៅលើមន្ត្រីអនុវត្តច្បាប់ លើការប្រើប្រាស់គ្រឿងញៀននេះ ពីព្រោះជន សាមញ្ញ មិនអាចរកស៊ីនាំគ្រឿងញៀនចូលទាំងតោនៗបានទេ អាចថា អ្នកដែលលក់ កញ្ចប់ តូចៗ នោះ ជាអ្នករងគ្រោះទៅវិញទេ ដោយយើងអាចដឹងច្បាស់ថា ពិតជាមាន ឥទ្ធិពលក្នុងជួររាជការក៏មិនដឹង ក្នុងជួរអ្នកជំនួញក៏មិនដឹង ឬក៏យ៉ាងណាទេ ហើយ យើង ប្រាកដណាស់ សមត្ថកិច្ចគឺត្រូវតែបង្ក្រាបទាំងអ្នកចែកចាយ អ្នកប្រើប្រាស់ តែសូមវែកមុខឲ្យឃើញជនដែលមានឥទ្ធិពលនៅពីក្រោយខ្នង ដើម្បីបោសសម្អាតទូទាំងប្រទេសបាន ។ ដូច្នេះលោកបណ្ឌិត បានសំណូមពរដល់រាជរដ្ឋាភិបាល អនុវត្តការតាំងចិត្តដ៏ម៉ឺងម៉ាត់នេះឱ្យបានសម្រេច ក្នុងរយៈពេលណាមួយជាក់លាក់ ហើយបើទោះយ៉ាងណា ក៏កាត់បន្ថយជាបណ្ដើរៗដែរ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចេញបទបញ្ជា តម្រូវឱ្យគ្រប់ក្រសួង ស្ថាប័ន និង រដ្ឋបាល ថ្នាក់ក្រោមជាតិ ត្រួតពិនិត្យជាប្រចាំចំពោះមន្រ្ដីរាជការស៊ីវិល មន្ត្រីនគរ បាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យា ដែលស្ថិតក្រោមឱវាទរបស់ខ្លួន និងមានវិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខណ្ឌ ករណីរកឃើញថា បានប្រើប្រាស់ និងការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់ ៕
ដោយ ៖ វណ្ណលុក