ឯកឧត្តម ញឹក ប៊ុនឆៃ៖ រយៈពេល៦ខែ របស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺឃើញមានចំណុចវិជ្ជមានជាច្រើន
ភ្នំពេញ៖ ឯកឧត្តម ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានមានប្រសាសន៍ថា រយៈពេល៦ខែ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គឺឃើញមានចំណុចវិជ្ជមានជាច្រើន ជាពិសេស ការដាក់ចេញនូវបទបញ្ជាដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយការអនុវត្តការងារនៅតាមក្រសួងស្ថាប័នមានការដំណើរការបានល្អប្រសើរ។
ឯកឧត្តម ញឹក ប៊ុនឆៃ បានបន្តថា ចំពោះបញ្ហាសេដ្ឋកិច្ចមានការទំនាក់ទំនងបានទូលំទូលាយបានច្រើន ជាពិសេសនៅពេលដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅបរទេសជាច្រើន គឺសុទ្ធតែបានខិតខំប្រឹងប្រែងទំនាក់ទំនងជាមួយបណ្តាអ្នកវិនិយោគទុនបរទេសទាំងអស់ ដើម្បីធ្វើយ៉ាងណាឱ្យគេមកវិនិយោគទុននៅប្រទេសកម្ពុជា។ គ្រប់ចំណុចមានការចាប់ផ្តើមដំណើរការល្អប្រសើរជាបណ្តើរៗ ហើយនេះជាការអង្កេតឃើញរបស់លោកដែលបានពិនិត្យ និងតាមដាន។
សូមជម្រាបថា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ គឺជាខួបគម្រប់៦ខែគត់ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ៦ខែ នៃអាណត្តិ៥ឆ្នាំរបស់ខ្លួន គឺជារយៈពេលខ្លីណាស់ដែលត្រូវនិយាយពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល ជាពិសេសសម្រាប់រាជរដ្ឋាភិបាលថ្មី ដែលទើបចាប់ផ្តើមដំណើរការដូចជារាជរដ្ឋាភិបាលកម្ពុជានាពេលនេះ។ ប៉ុន្តែពេលវេលាមិនមែនជាកត្តាកំណត់ដាច់ខាតសម្រាប់វាស់វែងពីសមិទ្ធផលឡើយ។ ការដាក់ចេញគោលនយោបាយច្បាស់លាស់ ត្រឹមត្រូវ សមត្ថភាពធនធានមនុស្ស និងឆន្ទៈការងារ អាចធ្វើឱ្យសម្រេចលទ្ធផលលើសពីការរំពឹងទុកធៀបនឹងពេលវេលា។ ជាក់ស្តែង ភាពស្វាហាប់ សកម្មក្លៀវក្លារបស់រាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងរយៈពេល៦ខែនេះ បានសម្រេចលទ្ធផលហួសពីការស្មាន និងធ្វើឱ្យមហាជនទូទៅចាប់អារម្មណ៍យ៉ាងខ្លាំង ហើយបានផ្តល់ការទុកចិត្តយ៉ាងឆាប់រហ័ស៕
ដោយ៖ពលជ័យ