ប្រជាជនម៉ូសំប៊ិករាប់ម៉ឺននាក់គេចចេញពីការវាយប្រហាររបស់ក្រុមជីហាដ
ម៉ាពុយតូ៖ រដ្ឋាភិបាលម៉ូសំប៊ិក ក្នុងថ្ងៃអង្គារ និយាយថា មនុស្សរាប់ម៉ឺននាក់ត្រូវបានបណ្តេញចេញពីផ្ទះសម្បែងរបស់ពួកគេ ដោយសារតែរលកនៃការវាយប្រហាររបស់ពួកឧទ្ទាមជីហាដនៅភាគខាងជើងប្រទេស ប៉ុន្តែរដ្ឋាភិបាលបានច្រានចោលការអំពាវនាវឱ្យដាក់ប្រទេសក្នុងស្ថានភាពអាសន្ន។
អ្នកនាំពាក្យរដ្ឋាភិបាលម៉ូសំប៊ិក លោក Filimao Suaze ប្រាប់សន្និសីទកាសែតមួយ ទាក់ទិននឹងស្ថានភាពនៅក្នុងខេត្ត Cabo Delgado ថា យើងបានកត់ត្រាអ្នកផ្លាស់ទីលំនៅប្រមាណ ៦៧,៣២១នាក់។ តួលេខនេះប្រហែលជា ១៤,២៧០គ្រួសារ ដែលបានភៀសខ្លួនទៅដល់ខេត្ត Nampula និងទីកន្លែងផ្សេងៗទៀត។
ប៉ុន្តែលោក Suaze និយាយថា ទោះបីមានភាពចលាចលបែបនេះក៏ដោយ រដ្ឋាភិបាលយល់ឃើញថា ខេត្ត Cabo Delgado មិនគួរប្រកាសដាក់ក្នុងស្ថានភាពអាសន្ននៅឡើយទេ។ លោក Suaze ក៏បានអះអាងដែរថា រដ្ឋាភិបាលកំពុងធ្វើអ្វីគ្រប់យ៉ាងតាមដែលខ្លួនអាចធ្វើបាន ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ក៏ដូចជាធានាសន្តិសុខដល់ប្រជាជន។
គួរបញ្ជាក់ថា ការបះបោរបានផ្ទុះឡើងក្នុងខែតុលា ឆ្នាំ២០១៧ នៅពេលដែលក្រុមអ្នកប្រយុទ្ធ ដែលប្រកាថា មានសម្ព័ន្ធភាពជាមួយក្រុមរដ្ឋអ៊ីស្លាម បានវាយប្រហារតំបន់ឆ្នេរនៅភាគខាងជើងប្រទេសម៉ូសំប៊ិក ដែលសម្បូរដោយឧស្ម័ននៅក្នុងខេត្ត Cabo Delgado ជិតព្រំដែនប្រទេសតង់ហ្សានី។
មនុស្សជិត ៥,០០០នាក់ត្រូវបានសម្លាប់ និងជិតមួយលាននាក់ផ្សេងទៀតត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ចាប់តាំងពីក្រុមសកម្មប្រយុទ្ធដែលមានទំនាក់ទំនងនឹងពួករដ្ឋអ៊ីស្លាម IS បានចាប់ផ្តើមការបះបោរនៅម៉ូសំប៊ិក៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា