រដ្ឋមន្ត្រីការបរទេសលិចតិនស្តាញនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា
តបតាមការអញ្ជើញរបស់ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកជំទាវ Dominique Hasler រដ្ឋមន្ត្រីការបរទេស អប់រំ និងកីឡា នៃបុរីក្សត្រលិចតិនស្តាញ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។
ក្រសួងការបរទេសបន្តថា ក្នុងដំណើរទស្សនកិច្ចនេះ លោកជំទាវ Dominique Hasler នឹងជួបជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដើម្បីពិភាក្សាលើវិស័យនានានៃកិច្ចសហប្រតិបត្តិការ ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ ដែលជាចំណាប់អារម្មណ៍ និងកង្វល់រួម។ រដ្ឋមន្ត្រីការបរទេសទាំងពីរ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃបុរីក្សត្រលិចតិនស្តាញ ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍។
ជាមួយគ្នានេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោកជំទាវ Dominique Hasler នឹងជួបពិភាក្សាការងារដាច់ដោយឡែកជាមួយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោកជំទាវ ក៏នឹងអញ្ជើញចុះពិនិត្យគម្រោងនានាដែលគាំទ្រដោយការិយាល័យអភិវឌ្ឍន៍លិចតិនស្តាញនៅកម្ពុជាផងដែរ។
ដំណើរទស្សនកិច្ចផ្លូវការរបស់លោកជំទាវ Dominique Hasler នៅកម្ពុជា គឺជាព្រឹត្តិការណ៍ដ៏សំខាន់នៅក្នុងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ សំដៅជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីជាផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕