រដ្ឋបាលខេត្តពោធិ៍សាត់ប្រារព្ធទិវាអន្តរជាតិនារី ៨មីនា
ពោធិសាត់៖ ប្រធានបទ «ស្ត្រីនិងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល » គឺជា មូលដ្ឋានគ្រឹៈដ៍រឹងមាំសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ព្រោះបច្ចេកវិទ្យា ឌីជីថលបានបោះជំហានយ៉ាងលឿននិងក្លាយជាកត្តាគន្លឹះក្នុងការតភ្ជាប់សង្គមនិងសេដ្ឋកិច្ចនៅទូទាំងពិភពលោក។ ជាមួយគ្នានោះរាជរដ្ឋា ភិបាលបានដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា២០២១-២០៣៥ដែលជាផែនទីបង្ហាញផ្លូវនិងការគិរគូរយ៉ាងវែងឆ្ងាយក្នុងការទាក់ទាញយកប្រយោជន៍ដើម្បីអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច។
នេះជាប្រសាសន៍របស់ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូននារីនាឱកាសអបអរសាទរខួបលើកទី១១៣ទិវាអន្តរជាតិនារី ៨ មីនាដែលបានប្រារព្ធធ្វើឡើង នៅបរិវេណសាលាខេត្តនៅថ្ងៃសុក្រទី១ ខែមីនា ឆ្នាំ២០២៤។
ឯកឧត្តមអភិបាលខេត្តបន្តថា ស្ត្រីកំពុងតែបម្រើការងារ នៅគ្រប់វិស័យ ដូចជាផ្នែកសុខាភិបាល អប់រំសិក្សាធិការពីថ្នាក់មតេ្តយ្យ ដល់កម្រិត ឧត្តម សិក្សា បំរើការនៅក្នុងវិស័យច្បាប់ ពាណិជ្ជកម្ម សេដ្ឋកិច្ច ជំនួញ ផ្នែកកសិកម្ម ឧស្សាហកម្ម និងនៅក្នុងជួរកម្លាំងប្រដាប់អាវុធ ។ល។ ឯកឧត្តមបន្តថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា តែងតែលើកឡើងថា ការលើកកម្ពស់ សមភាពយេន ឌ័រនិងការ បង្កើនភាពអង់អាចរបស់ស្ត្រីក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងតួនាទីជាអ្នកដឹកនាំ។ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តោត យកចិត្តទុកដាក់ ទៅលើការកសាងសសរស្តម្ភចំនួន៣សំខាន់ៗ គឺពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និងធុរកិច្ចឌីជីថល សំដៅផ្លាស់ ប្តូរការងារបែបប្រពៃណីទៅជាប្រព័ន្ធស្វ័យប្រវត្តិកម្មនិងផ្តល់ឱកាសឱ្យមាន នវានុវត្តន៍ថ្មីៗនៅក្នុងសង្គមជាតិជំនាន់ថ្មី។
លោកស្រី សិទ្ធិ ណារ៉ាស៊ី ប្រធានមន្ទីរកិច្ចការនារីខេត្តបានឱ្យដឹងថា លទ្ធផលសម្រេចបានតាមវិស័យក្នុងឆ្នាំ២០២៣ ស្ត្រីបានបង្កើន ភាពអង់អាចដល់ស្ត្រីលើការងារកសិកម្មចម្រុះចំនួន៨០គ្រួសារ បញ្ជ្រាបការអប់រំស្ត្រី និងក្មេងស្រីដែលមានខ្លឹមសារថា «ខ្ញុំមិនភ័យខ្លាច» បានចំនួន ៣៦០នាក់ ។ក្នុងវិស័យនយោបាយ ស្ត្រីជាសមាជិកា ក្រុមប្រឹក្សាខេត្ត២រូប ស្រុកក្រុង១៨រូប និងឃុំ សង្កាត់៨៦រូប និងវិស័យមុខងារសាធារណៈ ស្ត្រីជាអភិបាលរងខេត្ត១រូប ស្រុក ក្រុង៨រូប ព្រះរាជអាជ្ញារង១រូប ស្នងការរង១រូប ប្រធានមន្ទីរ២រូប និងអនុប្រធានមន្ទីរ១៣រូប ។
លោកស្រីបន្តថា បច្ចុប្បន្នបងប្អូនស្ត្រីគ្រប់ផ្នែកគ្រប់ថ្នាក់បានខិតខំប្រឹង ប្រែងក្នុងការអនុវត្តតួនាទី ភារកិច្ច បង្កើនសមត្ថភាពអភិវឌ្ឍន៍ខ្លួន និងកែប្រែស្ថានភាពនិងផ្លាស់ប្តូរឥរិយាបថ ក្នុងការចូលរួមធ្វើសេចក្តី សម្រេច និងមានជំនឿទុកចិត្តលើខ្លួនឯង៕
ដោយ៖ចេង ពុំ