ក្រសួងការពារជាតិកម្ពុជារៀបចំកិច្ចសន្ទនាថ្នាក់ឧត្តមមន្ត្រីការពារជាតិកម្ពុជា-ជប៉ុនលើកទី១
សៀមរាប៖កិច្ចសន្ទនាថ្នាក់ឧត្តមមន្ត្រីការពារជាតិកម្ពុជា-ជប៉ុន លើកទី១ (SOD)បានប្រារព្ធនៅសណ្ឋាគារប៉ារ៉ាឌី អង្គរ ក្រុង សៀមរាប ខេត្តសៀម រាប កាលពីព្រឹកថ្ងៃសុក្រទី១ ខែមីនា ឆ្នាំ២០២៤ ខណៈដែលប្រតិភូ ក្រសួង ការពារជាតិនៃព្រះរាជាណា ចក្រ កម្ពុជាជាម្ចាស់ផ្ទះដឹកនាំ ដោយ នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រី ក្រសួងការពារ ជាតិ និង ប្រតិភូជប៉ុនដឹកនាំឯកឧត្តម សេរីហ្សាវ៉ា គីអ៊ីយ៉ូស៊ី (SERIZAWA Kiyoshi ) អនុរដ្ឋមន្ត្រីក្រសួង ការពារ ជាតិជប៉ុន ទទួលបន្ទុកកិច្ចការអន្តរជាតិ ។
នាយឧត្តមសេនីយ៍ យន្ត មីន បញ្ជាក់ថា ការរៀបចំឱ្យមានកិច្ចសន្ទនា ថ្នាក់ អនុរដ្ឋមន្ត្រី ក្រសួងការពារជាតិកម្ពុជា-ជប៉ុននាពេលនេះ គឺជា ជំហាន ដ៏សំខាន់មួយនៅក្នុងការលើកកម្រិត នៃកិច្ចសហប្រតិបត្តិការលើ វិស័យការពារជាតិរវាងប្រទេសទាំងពីរ ហើយតាម រយៈវេទិកាសន្ទនា ថ្នាក់ យុទ្ធសាស្ត្រនេះ បានបន្ថែមពីលើយន្តការដែលមានស្រាប់ ដូចជា យន្តការ PM និងយន្តការ MM ជាដើម ។
នាយឧត្តមសេនីយ៍បន្ថែមថា កិច្ចសន្ទនានេះ នឹងផ្តល់ឱកាសសម្រាប់ កិច្ច ពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍ និង ជាយន្តការកសាង គោល នយោបាយ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការយោធារវាង ប្រទេស ទាំងពីរ កម្ពុជា ជប៉ុនឱ្យ កាន់តែរីកចម្រើនទូលំទូលាយទ្វេឡើងទៀត ដោយអនុលោមទៅតាមកិច្ចព្រមព្រៀងរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ និង កិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ មួយចំនួន ដូចជាការបណ្តុះបណ្តាលធនធានមនុស្ស ,ប្រតិបត្តិការរក្សាសន្តិភាព សន្តិសុខសមុទ្រ ការសង្គ្រោះគ្រោះមហន្តរាយ ការដោះមីន និង សន្តិសុខក្នុងតំបន់ ។
ចំណែកឯកឧត្តម សេរីហ្សាវ៉ា គីអ៊ីយ៉ូស៊ី បញ្ជាក់ថា លទ្ធផលប្រកប ដោយផលិតភាពនៃកិច្ចសន្ទនាថ្ងៃនេះ នឹងត្រួសត្រាយផ្លូវឆ្ពោះ ទៅរកការអនុវត្តកាន់តែមានប្រសិទ្ធភាព នូវផែនការសកម្មភាព ដែល បានព្រមព្រៀងគ្នា ក្នុងគោលបំណងធ្វើឱ្យមិត្តភាព និងកិច្ច សហប្រតិបត្តិ ការលើវិស័យការពារជាតិ រវាងកម្ពុជា និង ជប៉ុន កាន់តែ ចម្រើនរុងរឿង បម្រើផលប្រយោជន៍ទៅវិញទៅមក និងរួម ចំណែក នៅក្នុងការលើក ស្ទួយ សន្តិភាព ស្ថិរភាព និងវិបុលភាពនៅ ក្នុងតំបន់ ។
ឯកឧត្តមបញ្ជាក់ថា កិច្ចសន្ទនា SOD លើកទី២ ដែលអាចធ្វើនៅ ប្រទេសជប៉ុន និងកិច្ចសន្ទនា SOD ជាបន្តបន្ទាប់នៅថ្ងៃអនាគត នឹងនាំមកនូវសមិទ្ធផលក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិ ការយោធារវាងកម្ពុជា និងជប៉ុន ។
កិច្ចសន្ទនាថ្នាក់ឧត្តមមន្ត្រីការពារជាតិកម្ពុជា-ជប៉ុន នឹងប្រព្រឹត្តធ្វើ ក្នុងរយៈពេលមួយឆ្នាំម្តង ដោយប្តូរវេនធ្វើម្ចាស់ផ្ទះ នៃកិច្ចប្រជុំ ៕
អត្ថបទនិងរូបភាព៖ ស៊ាន សុផាត