គណៈកម្មការជំនាញរដ្ឋសភា ទៅឈ្វេងយល់ការងាររដ្ឋបាល ខេត្ត កំពង់ស្ពឺ

កំពង់ស្ពឺ៖ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨នៃរដ្ឋសភា ព្រមទាំងប្រតិភូបាន ចុះឈ្វេងយល់ពីវឌ្ឍនភាពនៃ ការដឹកនាំ វិស័យ ទាំងបួនមាន វិស័យសង្គមកិច្ច វិស័យការងារ វិស័យកិច្ចការនារី និង វិស័យសុខាភិបាលក្នុងខេត្តកំពង់ស្ពឺ នៅថ្ងៃចន្ទទី១៨ ខែមីនា ឆ្នាំ២០២៤ នៅសាលាខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនេះលោកជំទាវ ឡោក ខេង បានចាប់អារម្មណ៍ថា បច្ចុប្បន្ន ការផ្សព្វផ្សាយគ្រឿងស្រវឹងនិងភេសជ្ជៈគ្រប់ប្រភេទ គឺបាន និងកំពុង ពង្វក់ស្មារតីប្រជាពលរដ្ឋខ្មែរ ដោយមិនបានគិតគូដល់ផលប៉ះពាល់ ដែល បង្កឡើងពីផលិតផលទាំងនេះឡើយ ពិសេសគឺតម្លៃនៃសង្គម ជាតិ។

ដោយមើលឃើញពីផលប៉ះពាល់បែបនេះលោកជំទាវ ឡោក ខេង បានស្នើឱ្យអាជ្ញាធរនិងស្ថាប័នពាក់ពន្ធ័ ពិសេសមន្ទីរសុខាភិបាល ខេត្តត្រូវដាក់ស្លាកសញ្ញាអំពីផលប៉ះពាល់និងហានិភ័យដែលបង្កឡើងដោយផលិតផលទាំងនេះ។ ជាងនេះមន្ទីរពេទ្យបង្អែក ទាំងអស់ ត្រូវ លើកឬដាក់ប៉ាណូដែលបញ្ជាក់ពីផលប៉ះពាល់នៃការស្លាប់ដោយជំងឺមិនឆ្លងទាំងនេះ ដើម្បីកាត់បន្ថយអត្រានៃអ្នកទទួលទាន ឱ្យមកនៅ កម្រិត ទាប។

លោកជំទាវប្រធានគណៈកម្មការទី៨នៃរដ្ឋសភាក៏បានជំរុញឱ្យមន្ទីរជំនាញនៃវិស័យទាំង៤ត្រូវតាមដានការសិក្សារបស់យុវជននៅក្រោយបញ្ចប់ការសិក្សា ។ពិនិត្យតាមដានការផ្តល់សាច់ប្រាក់ជូនដល់ប្រជា ពលរដ្ឋ ក្រីក្រ ,លើកទឹកចិត្តក្មេងស្រីដែលកំពុងសិក្សា ថ្នាក់មធ្យមឱ្យខិតខំសិក្សា រៀនសូត្រដើម្បីក្លាយខ្លួនជាថ្នាក់ដឹកនាំនាពេលអនាគត។

សូមបញ្ជាក់ថា ខេត្តកំពង់ស្ពឺ គឺជាខេត្តដែលបានអនុវត្តមុនគេ មិនឱ្យ ផ្សព្វផ្សាយប៉ាណូស្រាបៀគ្រប់ប្រភេទ ដែលកន្លងមកបានទទួល ការកោតសរសើរពីមហាជន៕
ដោយ៖ម៉ុន សំអាត

ads banner