សម្តេចប្រមុខរដ្ឋស្តីទី បានចាត់ទុកដំណើរទស្សនកិច្ចរបស់លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត្រា នៅកម្ពុជាឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ពង្រឹងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ
ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកដំណើរទស្សនកិច្ចរបស់លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត្រា អនុប្រធានគណៈកម្មការជាតិទទួលបន្ទុកជំរុញ Soft Power នៃព្រះរាជាណាចក្រថៃឡង់ដ៍ និងជាប្រធានគណបក្សភឿថៃ នៅកម្ពុជានាឱកាសនេះ ពិតជាបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ពង្រឹងពង្រីកទំនាក់ទំនងថែរក្សាពូនជ្រំចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ជាប្រពៃណីដ៏ល្អដែលមានស្រាប់រវាងប្រជាជន និងប្រទេសយើងទាំងពីរ កាន់តែរឹងមាំស៊ីជម្រៅជាងទៀត នាំមកនូវផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមកទាំងពេលបច្ចុប្បន្ន និងពេលអនាគត។ ការលើកឡើងរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក្នុងជំនួបជាមួយលោកជំទាវ ផេថងថាន ស៊ីណាវ៉ាត្រា ក្នុងឱកាសដែលលោកជំទាវដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។
សម្តេចប្រមុខរដ្ឋស្តីទី ក្នុងឱកាសនោះ លោកជំទាវ ផេថងថាន ស៊ីណាវ៉ាត្រា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អនុញ្ញាតឱ្យគណៈប្រតិភូចូលជួបសម្តែងការគួរសមនាពេលនេះ។ លោកជំទាវបានជម្រាបជូនសម្តេចប្រមុខរដ្ឋស្តីទីជ្រាបអំពីការងារមួយចំនួន ដែលប្រទេសទាំងពីរនឹងជំរុញអនុវត្តនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ជាពិសេសវិស័យទេសចរណ៍ ដែលជាប្រភពនៃកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់ប្រទេសទាំងអស់ក្នុងតំបន់ រួមមានប្រទេសកម្ពុជា ឡាវ វៀតណាម ម៉ាឡេស៊ី មីយ៉ាន់ម៉ា ក្នុងនោះប្រទេសទាំងពីរថៃ-កម្ពុជា នឹងប្រើប្រាស់យុទ្ធសាស្ត្រផ្ទៃមេឃស្រលះ ដើម្បីជំរុញកាអភិវឌ្ឍលើកកម្ពស់ផលប្រយោជន៍របស់ប្រជាជនតាមរយៈវិស័យទេសចរណ៍នេះ។
ភាគីទាំងពីរបានលើកឡើងថា ប្រទេសទាំងពីរប្រកាន់របបនយោបាយរាជានិយម មានព្រះមហាក្សត្រគ្រងព្រះបរមសិរីរាជ្យសម្បត្តិ មានប្រពៃណី វប្បធម៌ គោរពប្រតិបត្តិព្រះពុទ្ធសាសនាដូចគ្នា មានព្រំដែនជាប់គ្នា និងប្រើប្រាស់ប្រភពទឹកទន្លេមេគង្គដូចគ្នា។ ភាពដូចគ្នាទាំងនេះ ធ្វើឱ្យប្រជាជនទាំងពីរ មានមនោសញ្ចេតនាស្រឡាញ់រាប់អានគ្នាដ៏ជ្រាលជ្រៅ។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ត្រូវបានពង្រឹងនិងពង្រីកឥតឈប់ឈរ និងត្រូវបានដំឡើងកម្រិតទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ”។ សម្តេចប្រមុខរដ្ឋស្តីទីបានរំលឹកអំពី ជំនួបរវាងនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ កាលពីពេលកន្លងទៅថ្មីៗនេះ ដែលទទួលបានលទ្ធផលប្រកបដោយផ្លែផ្កាដ៏ត្រចះត្រចង់ បានបង្កើតនូវកាលានុវត្តភាពជាច្រើនសម្រាប់អភិវឌ្ឍចំណងមេត្រីភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រទេសទាំងពីរ ហើយសូមលើកទឹកចិត្តដល់រាជរដ្ឋាភិបាលទាំងពីរបន្តខិតខំអនុវត្តឱ្យបានពេញលេញនូវរាល់យន្តការកិច្ចសហប្រតិបត្តិការទាំងអស់ ដែលបានធ្វើឡើងរវាងប្រទេសទាំងពីរ ដើម្បីស្ថិរភាព សន្តិភាព វិបុលភាពសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។
សម្តេចប្រមុខរដ្ឋស្តីទីបានកត់សម្គាល់ដោយសេចក្តីពេញចិត្ត ចំពោះទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ជាពិសេសការរក្សាបាននូវកំណើនវិនិយោគ ទេសចរណ៍ និងការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ហើយបានបន្តដាក់គោលដៅជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មប្រទេសទាំងពីរឱ្យសម្រេចក្នុងទំហំ១៥ ប៊ីលានដុល្លារ នៅឆ្នាំ២០២៥។ រដ្ឋាភិបាលប្រទេសទាំងពីរបានជំរុញវិស័យទេសចរណ៍ “ព្រះរាជាណាចក្រពីរ គោលដៅតែមួយ”។ គោលដៅជំរុញវិស័យទេសចរណ៍នេះ ស៊ីចង្វាក់គ្នាក្នុងពេលកម្ពុជា និងថៃ បានចាប់ផ្តើមដំណាក់កាលទី២ នៃប្រព័ន្ធទូទាត់ KH QR ឆ្លងដែន ក្នុងគោលបំណងលើកកម្ពស់ការប្រើប្រាស់រូបិយបណ្ណក្នុងស្រុក ដើម្បីសម្រួលពាណិជ្ជកម្ម និងផ្តល់ភាពងាយស្រួលដល់ទេសចរណ៍ឆ្លងកាត់ព្រំដែន ហើយការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិចនេះ កាន់តែមានទំហំធំឡើងជាលំដាប់។ សម្តេចប្រមុខរដ្ឋស្តីទីបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលថៃ ដែលបានយកចិត្តទុកដាក់ជួយសម្របសម្រួលបែបបទដល់ពលករកម្ពុជាដែលកំពុងរស់នៅ និងធ្វើការក្នុងប្រទេសថៃ និងជួយបណ្តុះបណ្តាលភាសាថៃ បណ្តុះបណ្តាលវិជ្ជាជីវៈដល់ពលករកម្ពុជា។ ជាមួយគ្នានេះ សម្តេចបានថ្លែងអំណរព្រះគុណដ៏ជ្រាលជ្រៅបំផុតចំពោះព្រះរាជហឫទ័យដ៏ទូលំទូលាយរបស់ព្រះអង្គម្ចាស់ក្សត្រី មហាចក្រី សិរិនថន ដែលបានជួយបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល និងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ និងបានផ្តល់អាហារូបករណ៍ជាបន្តបន្ទាប់ដល់និស្សិត កម្ពុជាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ប្រមាណជាង៣ពាន់នាក់ (១៩៩៥- ២០២៣)។
សម្តេចប្រមុខរដ្ឋស្តីទីបានគូសបញ្ជាក់ថា ព្រឹទ្ធសភាកម្ពុជាមានកិច្ចសហការល្អជាមួយសភាថៃ និងជាមួយវិទ្យាស្ថាន KPI (វិទ្យាស្ថានព្រះចៅប្រាឆាឌីប៉ុក) តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក ការចូលរួមវេទិកាអាស៊ី-ប៉ាស៊ីហ្វិក (APPF) លើកទី៣០ ដែលសភាថៃធ្វើជាម្ចាស់ផ្ទះ ការចូលរួមសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលនៅវិទ្យាស្ថាន KPI។ ព្រឹទ្ធសភាកម្ពុជា នីតិកាលទី៥ នឹងបន្តបង្កើតក្រុមមិត្តភាពទ្វេភាគីជាមួយព្រឹទ្ធសភាថៃ។ ហេតុនេះសូមលោកជំទាវ ជួយពាំនាំបញ្ហានេះ ជូនឯកឧត្តមប្រធានព្រឹទ្ធសភាថៃ។ តាមរយៈលោកជំទាវ សម្តេចក៏បានផ្តាំផ្ញើសួរសុខទុក្ខដោយសេចក្តីគោរពរាប់អានជូនចំពោះឯកឧត្តមប្រធានព្រឹទ្ធសភា និងប្រធានរដ្ឋសភាថៃផងដែរ។ សម្តេចប្រមុខរដ្ឋស្តីទី បានប្រសិទ្ធពរជូនគណៈប្រតិភូ សូមមានសុខភាពល្អបរិបូរណ៍ និងទទួលបាននូវជោគជ័យក្នុងដំណើរបំពេញទស្សនកិច្ចនៅព្រះជាណាចក្រកម្ពុជា៕
ដោយ៖ពលជ័យ
រូបភាព៖ព្រឹទ្ធសភា