អឺរ៉ុបយកទ្រព្យបង្កករុស្ស៊ី ជាង៣ពាន់លានដុល្លារ ផ្តល់ឲ្យអ៊ុយក្រែន

ប្រធានគោលនយោបាយការទេសរបស់សហភាពអឺរ៉ុប បាននិយាយថា ប្លុកមួយនេះនឹងរៀបចំផែនការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលបង្កកបាន ដើម្បីផ្តល់ជាអាវុធ ដល់ប្រទេសអ៊ុយក្រែន។

លោក Josep Borrell បាននិយាយ កាលពីថ្ងៃអង្គារថា ប្រទេសប៊ែលហ្សិកនឹងស្នើទៅបណ្តាប្រទេស ដែលជាសមាជិកសហភាពអឺរ៉ុប ជុំវិញរឿងនេះ។ ទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលជាប់គាំងនៅអឺរ៉ុប ត្រូវបានប៉ាន់ស្មានថា មានតម្លៃ ៣ពាន់លានអឺរ៉ូ ឬ ជាង៣.២ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។

នៅថ្ងៃពុធនេះ គឺជាថ្ងៃចាប់ផ្តើមប្រជុំដំបូង ហើយត្រៀមសម្រាប់កិច្ចប្រជុំកំពូលនៃមេដឹកនាំទាំង ២៧ ប្រទេស ដែលផ្តោតលើការគាំទ្រ សម្រាប់ទីក្រុង Kyiv នាពេលខាងមុខនេះ។

លោក Josep Borrell បាននិយាយថា ភាគច្រើន ប្រើសម្រាប់ការចំណាយលើថ្លៃដើមអាវុធ ដល់អ៊ុយក្រែន។ ក្រៅពីនេះ ១០ភាគរយ ប្រើប្រាស់ដើម្បីជួយបង្កើនសមត្ថភាពឧស្សាហកម្មការពារជាតិ របស់អ៊ុយក្រែន។

ផែនការនេះត្រូវបានបង្កើតឡើង ក្នុងពេលដែលគម្រោងជំនួយ ៦០ពាន់លានដុល្លារអាមេរិក របស់អាមេរិក ដល់អ៊ុយក្រែន បានជាប់គាំង នៅត្រឹមសភាអាមេរិក។ ការផ្គត់ផ្គង់សព្វាវុធ ដែលថយចុះ ក្នុងរយៈពេលពីរឆ្នាំ បានធ្វើឱ្យកងកម្លាំងអ៊ុយក្រែន អស់អាវុធ នៅជួរមុខ ខណៈដែលរុស្ស៊ីបន្តសម្រុក ដណ្តើមការកាន់កាប់តំបន់នានា បន្ថែមទៀត៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner