សម្តេចធីបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់សហគមន៍អ៊ិស្លាមកម្ពុជា ឱ្យបន្តយកចិត្តទុកដាក់បណ្តុះបណ្តាលនូវមុខជំនាញ វិជ្ជាជីវៈ និងបចេ្ចកវិជ្ជាផ្សេងៗ

ភ្នំពេញ៖ សម្តេចធីបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់សហគមន៍អ៊ិស្លាមកម្ពុជាឱ្យបន្តយកចិត្តទុកដាក់បណ្តុះបណ្តាលនូវមុខជំនាញ វិជ្ជាជីវៈ និងបចេ្ចកវិជ្ជាផ្សេងៗ ដើម្បីបងប្អូនខ្មែរអ៊ិស្លាម ទទួលបាននូវការងារសមស្រប ធ្វើឱ្យជីវភាពគ្រួសារ និងសង្គមជាតិ កាន់តែប្រសើរឡើងថែមទៀត ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងពិធីពិសាអាហារស្រាយបួស ខែរ៉ាម៉ាឌននៃសាសនាអ៊ិស្លាមកម្ពុជា លើកទី ៨ ឆ្នាំ ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៌អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ។

សម្តេចធិបតី បានរំឭកនូវអត្ថន័យ នៃការប្រារព្ធពិធីពិសាអាហារស្រាយបួសនេះ ជាការផ្តួចផ្តើមគំនិតដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានក្រុមឧត្តម ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានរៀបចំ តាំងពីឆ្នាំ ២០១៤ កន្លងមក។ ដោយអនុវត្តតាមគន្លងដ៏ប្រពៃរបស់សម្តេចតេជោ បន្ទាប់ពីការស្រាយបួសនៅទីនេះហេីយ សម្តេចតេជោ តែងតែបានជ្រើសរើសទីតាំងមួយទៀត ទៅចូលរួមស្រាយបួស ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាច្រើនរូបផងដែរ។

សម្ដេចបន្តថា ពិធីនេះរៀបចំឡើង ដើម្បីបង្ហាញឱ្យឃើញនូវសាមគ្គីភាព ការយោគយល់គ្នា និងការរស់នៅជាមួយគ្នាប្រក ប ដោយក្តីមេត្តា ករុណា រវាងសហគមន៍អ៊ិស្លាមនៅកម្ពុជា ក្រោមម្លប់សន្តិភាព ហើយក៏ជាការផ្តល់ឱកាស សម្រាប់អង្គពិធី បានជួបប្រាស្រ័យទាក់ទងគ្នា កាន់តែជិតស្និទ្ធ ផ្លាស់ប្តូរគំនិត យោបល់ ចែករំលែកបទពិសោធន៍ល្អៗ និងពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីរួមចំណែក ដល់ការលើកស្ទួយសុខដុមនីយកម្មវិស័យអ៊ិស្លាមសាសនានៅកម្ពុជា សំដៅរក្សានូវសុខសន្តិភាព ស្ថិរភាព និងសុវត្ថិភាព ទាំងផ្លូវកាយ ផ្លូវចិត្ត និងស្មារតី ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ។

សម្តេចនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់សហគមន៍ឥស្លាមកម្ពុជា ឱ្យបន្តយកចិត្តទុកដាក់បណ្តុះបណ្តាលនូវមុខជំនាញ វិជ្ជាជីវៈ និងបចេ្ចកវិជ្ជាផ្សេងៗ ដើម្បីបងប្អូនខ្មែរអ៊ិស្លាម ទទួលបាននូវការងារសមស្រប ធ្វើឱ្យជីវភាពគ្រួសារ និងសង្គមជាតិ កាន់តែប្រសើរឡើងថែមទៀត ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner