អង់គ្លេសបោះទុនចំនួន ២៥២លានដុល្លារ លើថាមពលនុយក្លេអ៊ែរ

ឡុងដ៍៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក រីសស៊ី ស៊ូណាក់ នៅថ្ងៃចន្ទនេះ នឹងប្រកាសពីការវិនិយោគដ៏ធំសម្បើមមួយ មានទឹកប្រាក់ទំហំ ២០០លានផោន ឬប្រហែល ២៥២លានដុល្លារ ដើម្បីជំរុញកម្មវិធីទប់ស្កាត់នុយក្លេអ៊ែរ និងឧស្សាហកម្មនុយក្លេអ៊ែរស៊ីវិល ដែលរដ្ឋាភិបាលនិយាយថា នឹងជួយបង្កើតការងារថ្មីបានប្រហែល ៤០,០០០កន្លែង។

ការិយាល័យ Downing Street របស់នាយករដ្ឋមន្រ្តីអង់គ្លេស បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា រដ្ឋាភិបាលនឹងចាប់ដៃគូជាមួយមេដឹកនាំឧស្សាហកម្មធំៗ រួមមាន BAE Systems, Rolls-Royce និង EDF ព្រមទាំង Babcock ដើម្បីវិនិយោគយ៉ាងហោចណាស់ ៧៦៣លានផោន ឬជាង ៩៦២លានដុល្លាររហូតដល់ឆ្នាំ២០៣០ ទៅលើការបង្កើតជំនាញ ការងារ និងការអប់រំ។

ការវិនិយោគដ៏ធំនេះ មានគោលបំណងធានាថា ទីក្រុង Barrow-in-Furness ស្ថិតនៅភាគខាងជើងនៃប្រទេស នឹងក្លាយទីតាំងសាងសង់នាវាមុជទឹកនុយក្លេអ៊ែររបស់ចក្រភពអង់គ្លេស។ នាយករដ្ឋមន្ត្រីអង់គ្លេស លោក រីសស៊ី ស៊ូណាក់ បាននិយាយមុនពេលធ្វើដំណើរទៅកាន់ទីក្រុងនេះ ដើម្បីប្រកាសពីការវិនិយោគខាងលើថា ការរារាំងនុយក្លេអ៊ែរ និងឧស្សាហកម្មថាមពលនុយក្លេអ៊ែររបស់យើងសម្រាប់ពេលអនាគត គឺជាកិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិដ៏សំខាន់។

លោក ស៊ូណាក់ បន្ថែមថា នៅក្នុងពិភពលោកដ៏គ្រោះថ្នាក់ និងពោលពេញដោយការប្រកួតប្រជែង ការរារាំងនុយក្លេអ៊ែរនៅតាមដែនសមុទ្ររបស់ចក្រភពអង់គ្លេស គឺមានសារៈសំខាន់ជាងពេលណាៗទាំងអស់។ នោះហើយជាមូលហេតុដែលយើងកំពុងបោះទុនវិនិយោគដ៏ធំនៅក្នុងទីក្រុង Barrow ដែលជាផ្ទះនៃនាវាមុជទឹកនុយក្លេអ៊ែរ រួមទាំងការបង្កើតការងារ និងជំនាញនាពេលអនាគត នៅក្នុងឧស្សាហកម្មនុយក្លេអ៊ែររបស់ចក្រភពអង់គ្លេស ដែលកំពុងរីកចម្រើន៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner