សមិទ្ធផលក្នុងវត្តវាល នៃក្រុងពោធិ៍សាត់តម្លៃជាង៥៦ម៉ឺន ដុល្លារ និងជាង៦០០លានរៀលត្រូវបានសម្ពោធឆ្លង

ពោធិសាត់៖សមិទ្ធផលនានាក្នុងវត្តវាល ស្ថិតក្នុងភូមិផ្សាលើ សង្កាត់ លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិសាត់ដែលចំណាយ ពេល សាង សង់ជាច្រើនឆ្នាំនិងចំណាយថវិកា ចំនួន ៥៦៥.៥៨២ ដុល្លារអាមេរិក និង ៦៨១.៨៤៩.៣០០ រៀល ត្រូវបានសម្ពោធឆ្លង កាលពី ថ្ងៃ អាទិត្យ ទី២៤ ខែមីនា ឆ្នាំ២០២៤ក្រោមអធិបតីភាព នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរងកងយោធ ពលខេមរ ភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសន្តិសុខលំហរសមុទ្រ និងលោកជំទាវ កាន់ ចន្ទ្រា ទៀ វិញ ឯកឧត្តម ខូយ រីដា អភិបាលខេត្ត ពោធិ៍សាត់ ព្រមទាំងសប្បុរសជន ពុទ្ធបរិស័ទជិតឆ្ងាយយ៉ាង ច្រើន កុះករ។

សមិទ្ធផលដែលសម្ពោធឆ្លងមាន៖ ឧបដ្ឋានសាលា ,សាលាបាលី ,បណ្ណាល័យ ,កុដិ ,ពុទ្ធបដិមាព្រះអង្គផ្ចាញ់មា កម្ពស់ ២៩ ម៉ែត្រ , ព្រះពុទ្ធបដិមាព្រះអង្គផ្ទុំប្រវែង២៥ម៉ែត្រ, ចូឡាមុនីចេតិយកម្ពស់ ២៧ម៉ែត្រ, ស្រះទឹក ,ខ្លោងទ្វារ , របង និងការកែលំអ ព្រះ ពុទ្ធបដិមា ព្រះអង្គផ្ចាញ់មាឡើងវិញ។

សមិទ្ធផលទាំងអស់នេះកសាងដោយនាយឧត្តមនាវី ទៀ វិញ និង លោក ជំទាវ កាន់ ចន្ទ្រា,ឧត្តមសេនីយ៍ វណ្ណ ប៊ុនលៀង និងក្រុមគ្រួសារ, លោក សុង វុទ្ធី និងក្រុមគ្រួសារ, លោក ពឹង ចាន់ថន និងក្រុមគ្រួសារ, លោក វណ្ណ ហៀង និងក្រុមគ្រួសារួមជាមួយពុទ្ធបរិស័ទ ចំណុះជើងវត្តជាច្រើន ទៀត។

មានប្រសាសន៍ក្នុងឱកាសនេះឧត្តមនាយឧត្តមនាវី ទៀ វិញ បានថ្លែងថា សមិទ្ធផលនៅចំពោះមុខនេះ បានបង្ហាញឱ្យឃើញពី ការ រីកចម្រើន បន្ថែមទៀត ក្នុងព្រះពុទ្ធសាសនា ដែលដើរតួនាទីដ៏សំខាន់ ក្នុងការ កសាងនូវសន្តិភាពផ្លូវចិត្តរបស់បុគ្គល និងសន្តិសុខ សង្គម។ ការរីកចម្រើននេះពិតជាកើតចេញពីមូលដ្ឋានគ្រឹះដ៏សំខាន់នៃសុខសន្តិភាព ។រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំ ដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម ត្រូវបាន ថែរក្សាយ៉ាងរឹងមាំ បន្តបង្ក លក្ខណៈឱ្យការរីកចម្រើនលើគ្រប់វិស័យថែមទៀត។នាយឧត្តមសេនីយ៍ ក៏បានអំពាវនាវឱ្យបន្តថែរក្សាការពារសន្ដិភាពដែលរកបាន ដោយ លំបាក និងថែរក្សាសមិទ្ធផលដែលកសាងបានឱ្យបានយូរអង្វែង។

ចំណែកឯកឧត្តម ខូយ រីដា អភិបាលខេត្ត បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះនាយឧត្តមនាវី ទៀ វិញ និងលោកជំទាវ កាន់ ចន្ទ្រា, លោកឧត្តមសេនីយ៍ វណ្ណ ប៊ុនលៀង និង លោកស្រី កុយ ណារុន ដែលជាអ្នកផ្ដើមគំនិតកសាង នូវរាល់សមិទ្ធផលទាំងអស់ ក្នុងទីអារាម វត្តវាលនេះ រួមជាមួយព្រះចៅអធិការវត្តផងដែរ។

ក្នុងឱកាសនេះនាយឧត្តមនាវី ទៀ វិញ និងលោកជំទាវ បានប្រគេន ថវិកាចូលរួមបុណ្យចំនួន១៦៩លាន៦៨ម៉ឺនរៀល។ ក្នុងនោះឯក ឧត្តមអភិបាលខេត្តចំនួន១០លានរៀលផង ព្រមទាំងធ្វើពិធីរាប់ បាតព្រះសង្ឃ២០០អង្គ និងចែកទានជាសម្លៀកបំពាក់ ដល់លោក តាលោកយាយចំនួន៨០នាក់ទៀតផង៕
ដោយ៖ចេង ពុំ

ads banner