កម្ពុជា-ជប៉ុន ស្វះស្វែងរកឱកាសពង្រីកទីផ្សារ និងពង្រឹងសមត្ថភាពជំនាញ

អត្ថបទដោយ៖
ឈឹម សុផល

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង បានជួបពិភាក្សាការងារជាមួយលោក ស្យូយិ សាសាគិ (Shoji Sakaki) ប្រធានសម្ព័ន្ធជំរុញមិត្តភាពកម្ពុជា-ជប៉ុន នៃសភាខេត្តណាហ្គា ណុរបស់ប្រទេសជប៉ុន ដោយពិភាក្សាផ្តោតជាសំខាន់លើការស្វែងរកឱកាសពង្រីក ទីផ្សារ ការងារ និងពង្រឹងសមត្ថភាពជំនាញដល់ពលរដ្ឋកម្ពុជា ។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដោយសារតែទំនាក់ទំនងនយោបាយរបស់កម្ពុជា និង ជប៉ុនបានឈានដល់កម្រិតយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ទើបបើកឱកាសឱ្យមានកិច្ច សហ ប្រតិបត្តិការផ្សេងៗ ក៏ដូចជាឱកាសនៃការពង្រីកទីផ្សារការងាររវាងកម្ពុជា-ជប៉ុនផងដែរ ។

ជាមួយគ្នានោះ លោក ស្យូយិ សាសាគិ បានលើកឡើងថាជប៉ុននាពេលបច្ចុប្បន្ន កំពុងបើក ចំហកាន់តែធំទូលាយលើកិច្ចសហប្រតិបត្តិការវិស័យការងារដែលបានអនុញ្ញាតដល់ពលរដ្ឋរបស់ប្រទេសក្នុងកិច្ចសហប្រតិបត្តិការឱ្យទទួលបានការណ្តុះបណ្តាលសមត្ថភាពជំនាញលើបច្ចេកទេសទំនើបៗរបស់ជប៉ុន ។

ត្រង់ចំណុចនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានយល់ឃើញដូចគ្នាថា ការពង្រឹងជំនាញបច្ចេកទេស របស់ប្រជាពលរដ្ឋជាកត្តាគន្លឹះសំខាន់មួយក្នុងកិច្ចសហការដែលកម្ពុជាចង់បាន។ បន្ថែមពី នេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញសមាណចិត្តរីករាយ និងថ្លែងអំណរគុណ ចំពោះភាគីជប៉ុន ដែលមានបំណងបណ្តុះបណ្តាលជំនាញបច្ចេកទេសទំនើបៗដល់កម្ពុជាដើម្បីពង្រឹងផលិតភាពការងារ ។

ចំណែកភាគីជប៉ុនវិញ ក៏បានគូសបញ្ជាក់ និងថ្លែងអំណរគុដល់រដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានទុកចិត្ត និងបន្តកិច្ចសហការជាបន្តបន្ទាប់ជាមួយក្រុមហ៊ុនជប៉ុន។

ជុំវិញនៃការស្វែងរកឱកាសពង្រីកទីផ្សារការងារ និងការពង្រឹងសមត្ថភាពជំនាញរវាងកម្ពុជា-ជប៉ុន ឯកឧត្តមរដ្ឋមន្ត្រី អះអាងថាភាគីកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្រកិច្ច សហការឱ្យដំណើរការដោយរលូន និងទទួលបានលទ្ធផលផ្លែផ្កា ៕

ប្រភព ៖ ក្រសួងការងារ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner