ករណីរួមគំនិតក្បត់៖ សមត្ថកិច្ចឃាត់ខ្លួនបេក្ខជនសមាជិកព្រឹទ្ធសភារបស់គណបក្សកម្លាំងជាតិម្នាក់
ភ្នំពេញ៖ សមត្ថកិច្ចបានឃាត់ខ្លួនបេក្ខជនសមាជិកព្រឹទ្ធសភារបស់គណបក្សកម្លាងជាតិ ពាក់ព័ន្ធនឹងការបំផុសបំផុល ញុះញង់ ឃោសនា កៀរគរឱ្យមហាជនចូលរួមក្នុងផែនការផ្តួលរំលំរដ្ឋាភិបាល។ ពោលគឺការរួមគំនិតក្បត់។ ការឃាត់ខ្លួននេះ បានធ្វើឡើងនៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤។
ជនជាប់ចោទដែលឃាត់ខ្លួនឈ្មោះ អ៊ុ វីរៈរដ្ឋ ប្រធានក្រុមការងារបណ្តោះអាសន្នខេត្តកំពង់ស្ពឺ សមាជិកអចិន្រ្តៃយ៍គណបក្ស អគ្គហេរញ្ញិកគណបក្ស និងជាបេក្ខជនសមាជិកព្រឹទ្ឋសភាលេខរៀងទី១ ភូមិភាគទី៧ របស់គណបក្សកម្លាំងជាតិ។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា បានប្រាប់ AMS នៅរសៀលថ្ងៃទី៣០ ខែមីនា នេះថា ជនជាប់ចោទត្រូវបានកម្លាំងផែនសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តដឹកនាំកម្លាំងចុះឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នៅក្នុងភូមិសាស្ត្រខណ្ឌមានជ័យ។ ជនសង្ស័យរងការចោទប្រកាន់ពីបទរួមគំនិតក្បត់ អនុវត្តទៅតាមដីកាជំនុំជម្រះរបស់ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តកំពង់ស្ពឺ ហើយបានបញ្ជួនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីបន្តអនុវត្តនីតិវិធី។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា “ករណីឃាត់ខ្លួននេះ គឺជាការអនុវត្តវិធានការច្បាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ហើយសូមបដិសេធទាំងស្រុងរាល់ការផ្សព្វផ្សាយ ឬមួយការប្រកាសព័ត៌មានទាំងឡាយណាដែលខុសនឹងការអនុវត្តនឹងវិធានការច្បាប់របស់សមត្ថកិច្ច ជាពិសេសមិនជាប់ពាក់ព័ន្ធនឹងបញ្ហានយោបាយទេ។ អ្វីជាការចោទប្រកាន់គ្មានមូលដ្ឋានច្បាស់លាស់ យើងសូមធ្វើការបដិសេធ”។
យោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោក លឹម មករន្ទ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តកំពង់ស្ពឺ ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់ថា ជនជាប់ចោទឈ្មោះ អ៊ុ វីរៈរដ្ឋា ត្រូវបានតុលាការប្រកាសផ្តន្ទាទោសដាក់ពន្ធនាគារកំណត់៧ឆ្នាំ ពីបទៈ រួមគំនិតក្បត់ ប្រព្រឹត្ត៦នៅក្នុងបណ្តាញសង្គម facebook និងនៅក្នុងក្រុមទំនាក់ទំនងសង្គម Messenger Group ឈ្មោះ “កំពង់ស្ពឺប្រជាធិបតេយ្យ” កាលពីអំឡុងខែសីហា ដល់បច្ចុប្បន្ន៕
ដោយ៖ពលជ័យ