ពាណិជ្ជកម្មវៀតណាមនៅតែល្អ ទោះបីក្រុមមហាសេដ្ឋីត្រូវកាត់ទោស

បើទោះបីជាធុរជនលំដាប់កំពូលៗ និងមន្ត្រីជាន់ខ្ពស់ នៅវៀតណាមបាននិងកំពុងត្រូវបានកាត់ទោស រឿងពុករលួយជាបន្តបន្ទាប់ក៏ដោយ ក៏ប្រទេសមួយនេះ នៅតែរក្សាភាពវិជ្ជមាននៃពាណិជ្ជកម្ម។ ក្នុងនោះ អតិរេកពាណិជ្ជកម្ម ឬការនាំចេញលើសការនាំចូលនោះ បានឈានដល់ជាង ៨ ពាន់លានដុល្លារ ក្នុងត្រីមាសទីមួយ ឆ្នាំ២០២៤ មានកំណើន ៦៣ភាគរយ បើធៀបនឹងរយពេលបីខែដំបូង ដូចគ្នា កាលពីឆ្នាំមុន។ នេះបើយោងតាមការិយាល័យស្ថិតិទូទៅ ហៅកាត់ថា GSO។ បើគិតទាំងចំនួននាំចេញផង ទំហំពាណិជ្ជកម្មកើនឡើងដល់ជាង ១៧៨ ពាន់លានដុល្លារ ពោលគឺ កើនឡើង ១៥.៥% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

សេចក្តីថ្លែងការណ៍របស់ GSO បានចង្អុលបង្ហាញថា «ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាម ក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៤ ទទួលបានលទ្ធផលវិជ្ជមាន ទោះបីជាមានភាពមិនច្បាស់លាស់ជាច្រើន នៅក្នុងសេដ្ឋកិច្ចពិភពលោក ក៏ដោយ»។

របាយការណ៍បង្ហាញថា វិស័យឧស្សាហកម្ម និងសំណង់ និងសេវាកម្ម សុទ្ធតែមានកំណើន ជាង ៦ភាគរយ។ សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញដ៏ធំបំផុត របស់វៀតណាម ក្នុងពេលបីខែ មកនេះ។

គួរសម្គាល់ថា ចាប់តាំងពីឆ្នាំ២០២១មក មនុស្សជាង៤ពាន់នាក់ រួមទាំង មន្ត្រីជាន់ខ្ពស់ និងធុរជនដ៏មានឥទ្ធិពល ត្រូវបានចោទប្រកាន់ លើសំណុំរឿងពុករលួយ ក្នុងប្រទេសវៀតណាម។ ជាក់ស្តែង កាលពីសប្តាហ៍មុន តុលាការទើបបានសម្រេចឲ្យមហាសេដ្ឋីវៀតណាម លោក Do Anh Dung ជាប់គុក៨ឆ្នាំ ក្នុងករណីឆបោកប្រាក់ ចំនួន៣៥៥លានដុល្លារ។ រឿងក្តីដ៏ធំបំផុតនោះ គឺជាសំណុំរឿងក្លែងបន្លំ ១២.៥ពាន់លានដុល្លារ របស់លោកស្រី Truong My Lan ប្រធានក្រុមអភិវឌ្ឍន៍អចលនទ្រព្យ Van Thinh Phat។ គ្រាន់តែតម្លៃនៃទ្រព្យសម្បត្តិ ដែលត្រូវបានចោទប្រកាន់លោកសេដ្ឋីនី Lan ស្មើនឹងប្រហែលបីភាគរយ នៃGDP របស់វៀតណាម ក្នុងឆ្នាំ២០២២។ លោកស្រី Lan ប្រឈមនឹងទោសប្រហារជីវិត ដោយសាលក្រមគ្រោងនឹងប្រកាស នៅចុងខែមេសា។ ជុំវិញយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើពុករលួយ ដ៏កក្រើកនេះ សូម្បី ប្រធានរដ្ឋវៀតណាម ក៏បានលាឈប់ពីតំណែងផងដែរ ហើយមិនទាន់មានប្រធានរដ្ឋថ្មី នៅឡើយទេ គិតមកដល់ថ្ងៃទី១ ខែមសានេះ។

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner