ថ្ងៃស្អែកបែកគ្នា៖ សម្ដេចតេជោ ហ៊ុន សែន ប្រកាសលារដ្ឋសភា

ភ្នំពេញ:៤៣ឆ្នាំនៃជីវិតជាសមាជិករដ្ឋសភារបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានដល់ទីបញ្ចប់។ ចាប់ពីថ្ងៃស្អែកទី២ ខែមេសា នេះតទៅ សម្ដេចតេជោ ហ៊ុន សែន នឹងចាកចេញពីកៅអី នៅក្នុងអង្គនីតិប្បញ្ញត្តិនេះហើយ។
ក្នុងកិច្ចប្រជុំរដ្ឋសភាលើកទី ២ នីតិកាលទី ៧ កាលពីព្រឹកថ្ងៃចន្ទនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹងដាក់លិខិតលាឈប់ នៅថ្ងៃស្អែក ។ ដោយក្តីអាឡោះអាល័យ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា សម្ដេចបានចាប់ផ្តើម បំពេញការងារក្នុងរដ្ឋសភានៅពេលសម្តេចអាយុ ២៩ឆ្នាំប៉ុណ្ណោះ ពោលគឺចាប់តាំងបីឆ្នាំ ១៩៨១មកម្ល៉េះ។

ជាង៤ទសវត្សរ៍ក្នុងតំណែង ដែលរួមទាំងក្នុងឋានៈជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ឬហៅថា នាយករដ្ឋមន្ត្រី សម្តេចបានរំលេចសមិទ្ធផលមួយចំនួនដូចជា ការធ្វើវិសោធនកម្ម ដើម្បីដាក់បន្ថែមសមាសភាពសេដ្ឋកិច្ច ដើម្បីឲ្យសម្ដេចមានឱកាសកែទម្រង់សេដ្ឋកិច្ច ពិសេសកំណែទម្រង់ដីធ្លី ការកែរដ្ឋធម្មនុញ្ញ ដើម្បីដូរឈ្មោះប្រទេសពីសាធារណរដ្ឋប្រជាមានិតកម្ពុជា មកជារដ្ឋកម្ពុជា និងការប្តូរទង់ជាតិរបស់កម្ពុជាផងដែរ។

លោកបណ្ឌិត គិន ភា អ្នកវិភាគបញ្ហានយោបាយ បានចាត់ទុក វត្តមានរបស់សម្ដេចតេជោ ហ៊ុន សែន នៅក្នុងរដ្ឋសភារយៈពេលជាង៤០ឆ្នាំកន្លងមកនេះជាតម្លៃប្រវត្តិសាស្ត្រ មុននឹងសម្តេចបន្តទៅកាន់តំណែងជាប្រធានព្រឹទ្ធិសភា ជំនួសសម្តេច សាយ ឈុំ។

«ទាំងនេះ គឺជាតម្លៃប្រវត្តិសាស្រ្ដ សម្រាប់ជាមរតកនៃការដឹកនាំរបស់សម្ដេចក្នុងស្ថាប័ននីតិបញ្ញត្តិ ទាំងនៅក្នុងស្ថាប័ននីតិប្រតិបត្តិ ហើយយើងជឿជាក់ថា ចាប់ពីថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៤តទៅ សម្ដេចនឹងអញ្ជើញទៅកាន់ស្ថាប័នព្រឹទ្ធសភា ដែលជាស្ថាប័ននីតិបញ្ញត្តិ មានសារសំខាន់មួយទៀតផងដែរ សម្រាប់ប្រទេសកម្ពុជាយើង…យើងសង្ឃឹមថា ស្ថាប័ននេះ នឹងកាន់តែមានតួនាទីសំខាន់ឡើង នៅដំណើរការនីតិកម្មនៅកម្ពុជា ក៏ដូចជាគោលនយោបាយជាតិទាំងមូល និយាយជារួម»។ នេះជាការបន្ថែមរបស់លោកបណ្ឌិត គិន ភា។

លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច និងជាសមាជិករដ្ឋសភា នីតិកាលទី ៧ យល់ថា នៅចំពោះមុខបញ្ហាជាច្រើន សម្តេចតេជោជាអ្នកដឹកនាំដែលមានភាពអង់អាច និងក្លាហាន ដែលយុវជនជំនាន់ក្រោយអាចរៀនសូត្រតាម។ ចំណែក លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម បានលើកឡើងថា សម្ដេចតេជោ នៅតែមានតួនាទីសំខាន់នៅក្នុងស្ថាប័ននីតិបញ្ញត្តិដដែល ហើយលោករំពឹងថា វត្តមានរបស់សម្តេចក្នុងព្រឹទ្ធិសភានឹងពង្រឹងតួនាទីរបស់ស្ថាប័នច្បាប់មួយនេះឲ្យកាន់តែរឹងមាំដែលគិតគូរផលប្រយោជន៍របស់ប្រជាពលរដ្ឋជាធំ។

ចំណែកលោកបណ្ឌិត ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា មើលឃើញថា ទោះបីជាសម្ដេចតេជោ ហ៊ុន សែន ជាសមាជិករដ្ឋសភាជាង ៤០ឆ្នាំក៏ដោយ តែលោកបានបំពេញការងារនៅក្នុងស្ថាប័ននីតិប្រតិបត្តិច្រើន ក្នុងនាមជានាយករដ្ឋមន្ត្រី។ «ការប្រកាសលាលែងពីតួនាទីជាសភាតំណាងរាស្រ្ដថ្មីៗនេះ ខ្ញុំគិតថា ជាការបំពេញនូវអ្វីដែលលោកធ្លាប់បានលើកឡើងពីមុនថា ទី១ លោកនឹងលាលែងពីតំណែងពីនាយករដ្ឋមន្ត្រី ហើយបន្ទាប់មកទៀត និងលាលែងតំណែងសភាតំណាងរាស្រ្ដ ដើម្បីទៅកាន់តួនាទីនៅក្នុងស្ថាប័ននីតិបញ្ញត្តិមួយទៀត គឺព្រឹទ្ធសភា»៕
 ដោយ:ឃួន សុភក្រ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner