រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ជំរុញឱ្យមន្ទីរជំនាញនិងរដ្ឋាករ ទឹក បាត់ដំបងពង្រឹងការផ្ដល់សេវាជូនពលរដ្ឋ

បាត់ដំបង៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជំរុញដល់មន្ទីរ ឧស្សាហកម្ម និងរដ្ឋាករទឹកបាត់ដំបងឱ្យខិតខំពង្រឹងនូវការ ផ្ដល់សេវាជូនប្រជាពលរដ្ឋនិងអតិថិជនរបស់ខ្លួនឱ្យកាន់តែប្រសើរនិងសកម្មថែមទៀត។

ឯកឧត្តមរដ្ឋមន្រ្តីបានស្នើឡើងបែបនេះក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិក កម្មករ និយោជិតរដ្ឋាករទឹកបាត់ដំបង នៅសាល ប្រជុំរដ្ឋាករ ទឹកបាត់ដំបង នាព្រឹកថ្ងៃចន្ទទី១ ខែមេសា ។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានផ្តល់អនុសាសន៍ដល់រដ្ឋាករទឹកបាត់ដំបងស្វះស្វែងរកគោលដៅប្រភពទឹកដែលលមាននិរន្តរភាព ដើម្បី បម្រើឱ្យការផ្គត់ផ្គង់ទឹកស្អាតបាត់ដំបង ។ជាមួយគ្នានេះរក្សាឱ្យ បាននូវគុណភាពទឹក ដើម្បីសុវត្ថិភាព និងសុខុមាលភាពរបស់ អ្នក ប្រើប្រាស់។ឯកឧត្តមរដ្ឋមន្រ្តីក៏បានលើកទឹកចិត្តដល់ ថ្នាក់ ដឹកនាំ និងមន្រ្តីទាំងអស់ត្រូវព្យាយាមខិតខំរៀនសូត្រពង្រឹង នូវ សមត្ថភាព របស់ខ្លួនបន្ថែមទៀត ព្រោះអង្គភាពមួយខ្លាំងនិង រីកចម្រើនទៅបានដោយសារមន្រ្តីនិងបុគ្គលិក និយោជិតមាន សមត្ថភាព ។

ទាក់ទងនឹងបញ្ហាទឹកនេះដែរឯកឧត្តម អ៊ុត ក្លឹង អគ្គនាយក រដ្ឋាករទឹកបាត់ដំបងបានឱ្យដឹងថា បច្ចុប្បន្នរដ្ឋាករទឹកបាត់ដំបង មាន រោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំនួនបីទីតាំង។ ក្នុងនោះ ពីរទីតាំង កំពុងតែដំណើរការ និងមានសមត្ថភាពផលិត ទឹក ស្អាត បាន ចំនួន ៣៣ ៥២០ម៉ែត្រគូបក្នុងមួយថ្ងៃ។ចំណែក មួយទីតាំងកំពុងតែដំណើរការសាងសង់ដែលអាចមានសមត្ថភាពផលិតទឹក បាន ៥០ ០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។

ឯកឧត្តមបន្ថែមទៀតមថា ប្រជាជនក្នុងតំបន់សេវាកម្មទឹកស្អាត របស់រដ្ឋាករទឹកបាត់ដំបងមានចំនួនជាងប្រតាំ ម៉ឺនគ្រួសារគិតជា ភាគរយ ស្មើនឹង ៧០.៤០ភាគរយ។ចំណែកអត្រាគ្របដណ្តប់ សេវា កម្មទឹកស្អាត អនុវត្តបាន ៨៥.៨៦ភាគរយនៃទីក្រុង បាត់ដំបង ទាំងមូលដែលមាន ១០សង្កាត់ និងស្រុកចំនួនពីរ គឺ ស្រុកសង្កែ និងស្រុកថ្មគោល ស្មើនឹង ៧ឃុំ ៩៩ភូមិ ។ពោលអនុវត្តបាន ៨៥ភូមិ លើ ៩៩ ភូមិ។

ទាក់ទងនឹងការផ្តល់សេវា ឯកឧត្តម អ៊ុត ក្លឹង បានបញ្ជាក់ថា រដ្ឋាករទឹកបាត់ដំបងមានបេសកកម្មក្នុងការផលិត និងផ្តល់ សេវាផ្គត់ ផ្គង់ ទឹកស្អាត ដោយឈរ លើបុរេលក្ខខណ្ឌ ទឹកមាន គុណភាព សុវត្ថិភាព និរន្តរភាព សម្ពាធគ្រប់គ្រាន់ និងថ្លៃ សមរម្យ ក្នុងការលើកកម្ពស់ សុខុមាលភាពសាធារណៈ និង ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ។

បើតាមលោក តូច ឈួន សៅរិទ្ធិ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តបាត់ដំបងបាន ឱ្យដឹង ខេត្ត បាត់ដំបងរោងចក្រធុនធំសរុបចំនួន១៨មូលដ្ឋាន ។ក្នុងនោះឈប់ដំណើការមួយរោងចក្រ និងកំពុងសាងសង់ ចំនួនបួន មូលដ្ឋាន មានទុនវិនិយោគសរុបចំនួនជាង ៣៦៧ លានដុល្លារ និងផ្តល់ការងារដល់បុគ្គលិកកម្មករ ចំនួន១ ៤១៣ នាក់។ចំណែកសហគ្រាស ធុនតូច មធ្យមនិងសិប្បកម្ម សរុបចំនួន៩៤០មូលដ្ឋាន។ក្នុងនោះឈប់ដំណើរការទាំង ស្រុងចំនួន២៥៥ មូលដ្ឋាន មានទុនសរុប ជាង៤៨លានដុល្លារ និងផ្តល់ការងារដល់បុគ្គលិក-កម្មករ ចំនួន ៤ ៦៥៦ នាក់៕
អត្ថបទ-រូបភាព ៖ អ៊ុក សំអាន បប

ads banner