រដ្ឋបាលខេត្តត្រៀមរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឱ្យបានមហោឡារឹក

សៀមរាប៖ នៅចំណុចសួនច្បារព្រះរាជដំណាក់តាមបណ្តោយ ស្ទឹងខេត្តសៀមរាបកាលពីព្រឹកថ្ងៃចន្ទទី១ ខែមេសា ឆ្នាំ២០២៤ រដ្ឋបាល ខេត្តសៀមរាបសហការជាមួយសហភាពសហព័ន្ធ យុវជនកម្ពុជា (ស.ស.យ.ក) បានរៀបចំពិធីបួងសួងសុំនូវ សេចក្តី សុខសម្រាប់ ព្រឹត្តការណ៍បុណ្យសៀមរាបសង្ក្រាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិនាពេលឆាប់ៗខាងមុខនេះ។

អភិបាលរងខេត្តសៀមរាប លោក សំកុល សុចិត្ត្រា បានឱ្យដឹង ថា ឆ្នាំនេះ រដ្ឋបាលខេត្តបានសហការជាមួយ ស.ស.យ.ក ព្រមទាំង មន្ទីរពាក់ព័ន្ធក្នុងខេត្តដើម្បីរៀបចំនៅព្រឹត្តិការណ៍ សៀមរាបសង្ក្រាន្តឆ្នាំ២០២៤។ ឆ្នាំនេះ គឺជាលើកទី៣ហើយ ដែលសៀមរាប សង្ក្រាន្តបានរៀបចំឡើង ។ ពោលលើកទី១ នៅឆ្នាំ២០១៩ ,លើកទី២នៅឆ្នាំ២០២២ និងលើកទី៣ គឹឆ្នាំនេះតែម្តង។

លោកបន្តថា ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឆ្នាំនេះមាន កម្មវិធីកម្សាន្តសប្បាយៗជាច្រើន ដូចជា មានទាក់ ទង កម្មវិធី សាសនា កម្មវិធីល្បែងរបាំប្រជាប្រិយ ការសម្តែងសិល្បៈ ការ ប្រគំ តន្ត្រី និងការបាញ់កាំជ្រួចអបអរសាទរ និងតាំង ពិព័រណ៍ ផលិតផល ទូទៅ របស់ខ្មែរ មានភូមិវប្បធម៌ មានសួនកុមារ។ ដោយឡែកចំពោះ សកម្មភាពកីឡា រួមមាន ការជិះកង់កម្សាន្ត លក្ខណៈ មហាជន ជុំវិញបរិវេណអង្គរវត្ត, ការប្រកួតវាយកូន ហ្គោល, ការជិះទូកកម្សាន្តលក្ខណៈមហាជន ការបង្ហោះដ្រូន ជារូបភាព ការសម្តែង ខ្លែងឯកជាដើម។

លោកអភិបាលរងខេត្ត បានអះអាងថា ព្រឹត្តិការណ៍សៀមរាប សង្ក្រាន្ត បានផ្តល់ឱកាសឱ្យព្រះរាជាណាចក្រកម្ពុជា បាន ផ្សព្វផ្សាយ លើកតម្កើងពីអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីដ៏ផូរផង់របស់ប្រជាពលរដ្ឋខ្មែរយើង ជូនភ្ញៀវជាតិ អន្តរជាតិឈ្វេងយល់ ដើម្បីពង្រីកកិត្យានុភាពនៅក្នុងតំបន់ និងពិភពលោកផងដែរ៕
ដោយ៖ ស៊ាន សុផាត

ads banner