ផ្ទះគំរូធន់នឹងការប្រែប្រួលអាកាសធាតុ ចំនួនបួនខ្នងត្រូវបានប្រគល់ជូនប្រជាពលរដ្ឋ នៅភូមិអូរដូង
កែប៖ ផ្ទះគំរូធន់នឹងការប្រែប្រួលអាកាសធាតុចំនួនបួនខ្នង ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋរស់នៅភូមិអូរដូង ឃុំពងទឹក និងភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប កាលពីថ្ងៃពុធទី៣ ខែមេសា ឆ្នាំ២០២៤ ក្រោមវត្តមាន ឯកឧត្តម ភាវ សុវុទ្ធី អនុរដ្ឋលេខា ធិការក្រសួងបរិស្ថាន លោកស្រី ទិត សុខា អភិបាលរងខេត្តកែប និងលោក សុខ វណ្ណា តំណាងអង្គការ UN-Habitat ។
លោកស្រីអភិបាលរងខេត្តកែបបានបង្ហាញនូវក្តីត្រេកអរដែលប្រជាពលរដ្ឋនៅភូមិអូរដូង និងភូមិអំពេងដែលទទួល បានផ្ទះ គំរូ ធន់ នឹងការប្រែប្រួលអាកាសធាតុរបស់គម្រោង UN-Habitat ។នេះក៏ជាការបង្ហាញពីការយកចិត្តទុកដាក់ដ៏ធំធេង មួយផ្នែកទៀត របស់ រដ្ឋបាលខេត្តកែប។
លោក សុខ វណ្ណា តំណាងអង្គការ UN-Habitat បាននិយាយថា ការសម្រេចបានជាសមិទ្ធផលផ្ទះគំរូជូនប្រជាពលរដ្ឋ នាថ្ងៃ នេះគឺដោយបានកិច្ចសហការយ៉ាងល្អជាមួយរដ្ឋបាលខេត្ត រដ្ឋបាលស្រុក អាជ្ញាធរ ឃុំ សង្កាត់ ដែលជួយជ្រោម ជ្រែងរហូត សម្រេចបានជាលទ្ធផល១០០ភាគរយ។
លោកបញ្ជាក់ថា គម្រោងនេះបានធ្វើរយៈពេលបួនឆ្នាំមកហើយ ទាំងការផ្សព្វផ្សាយ ការអប់រំ និងការអន្តរាគមន៍ផ្សេងៗទៀត ហើយលំនៅឋាននេះជាផ្នែកមួយនៃគម្រោងចំពោះគម្រោងនេះ និងត្រូវបញ្ចប់នៅឆ្នាំ២០២៥។
ឯកឧត្តម ភាវ សុវុទ្ធី អនុរដ្ឋលេខាធិការក្រសួងបរិស្ថានបាន លើកឡើងថា នេះជាគោលបំណងមួយក្នុងការចូលរួមលើក កម្ពស់ ការបន្ស៊ាំនឹងភាពធន់ទៅនឹងការប្រែប្រួលអាកាស ធាតុ ដល់ក្រុមងាយរងគ្រោះនៅតាមតំបន់ឆ្នេរសមុទ្រ នៃប្រទេស កម្ពុជា ៕
ដោយ៖សិលា សារិន